ក្រុង​ម៉ាឌ្រីដ: ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម Lionel Messi នៅ​តែ​ជា​កីឡាករ​សំខាន់ ដែល​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ Barcelona ទទួល​ជ័យ​ជម្នះ ស្ទើរ​រាល់​ការ​ប្រកួត។ ជាក់​ស្ដែង កាល​ពី​យប់​ថ្ងៃ​អង្គារ លទ្ធផលដែល​ឈ្នះ ២-០ លើ​ក្រុម Leganes កីឡាករ​ជម្រើស​ជាតិ​អាហ្សង់​ទីន ក៏​ធ្វើ​បាន​សម្រេច​ ១ គ្រាប់​ដែរ​។​

នេះ​ជាជ័យ​ជម្នះ ២​ លើក ជាប់​ៗ​គ្នា ចាប់​តាំង​ពីក្រប​ខ័ណ្ឌ​ La Liga របស់​ប្រទេស​អេស្ប៉ាញ ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ ក្រោយ​ផ្អាក​ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩។ នៅ​សប្ដាហ៍​មុន ការ​ធ្វើ​ដំណើរ​ទៅ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Real Mallorca ៤-០ កីឡាករ Messi ក្រៅ​ពី​ស៊ុត​បញ្ចូល​ទី​ខ្លួន​ឯង​ ១ គ្រាប់ ក៏​បាន​រួម​ចំណែក​ក្នុងការ​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទម្លុះ​សំណាញ់​ទី ២ គ្រាប់​ផងដែរ។

សម្រាប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Camp Nou ដែលទទេ​ស្អាត នាសប្ដាហ៍​នេះ​​ កីឡាករ​មាឌ​ល្អិតរូបនេះ ក៏​នៅ​តែលេចធ្លោ​ដដែល បើទោះ​ជា​មិន​មាន​ចំណែក​គ្រាប់​ទី១ តែ​ការ​បំប៉ោង​សំណាញ់​ទី​ដោយ​បាល់​ពិន័យ​១១ម៉ែត្រយ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​នាទីទី​៦៩ វា​បាន​បញ្ជាក់​ថា បើ​ក្រុមមាន Messi នោះ​តំបន់​ប្រយុទ្ធកាន់​តែ​មុត​ស្រួច ខណៈ​ក្រោយ​បង្ហាញ​ខ្លួន បាន​​៣៣ដង ឥឡូវ​នេះ កីឡាករ​វ័យ ៣២​ឆ្នាំ​រូបនេះ រក​បាន​ ២៦ ​គ្រាប់​ ក្នុង​នោះ ៨ ​ការ​ប្រកួត​ចុង​ក្រោយ​ ស៊ុត​បាន ៧ ​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម (assist) ៨​ លើក​។

យ៉ាង​ណា​ ការ​ប្រកួត​ ដែល​ធ្វើ​ឲ្យ​ Barca ដណ្ដើម​បាន ៣ ពិន្ទុនេះ គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងដែរនូវ​​​គ្រាប់​ដំបូង នៅ​នាទីទី​ ៤២ របស់​កីឡាករ Ansu Fati ​ដែលការ​ស៊ុត​បញ្ចូល​​ទី​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​វ័យ​ទើប​តែ ១៧ ​ឆ្នាំ រក​បាន​ ៥ គ្រាប់ ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួនក្នុង​លីក ៨​ លើក។​

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ គ្រូបង្វឹក​របស់​ក្រុម​អ្នក​មាន​បុណ្យ លោក Quique Setien ក៏បាន​និយាយ​សរសើរ​ថ្វី​ជើង​របស់ Fati ដែរ​ថា​៖ «​យើង​ចង់​មាន​ការ​ប្រកួត​ ដែល​មាន Ansu Fati ដោយសារ​គេ​កំពុង​ចាប់​ផ្ដើម​ប្រសើរ​ឡើង​ៗ តាំង​ពី​ការ​ហ្វឹក​ហាត់​។ ខ្ញុំ​រីករាយ​ដែល​មាន​រូប​គេ​ក្នុង​ក្រុម​។ គេ​ប្រឹង​ប្រែង​ណាស់ ដូច្នេះ គេ​ស៊ុត​បញ្ចូលទី​បាន​ ហើយ​គេ​ នឹង​​ក្លាយ​ជា​កីឡាករ​មួយ​រូប​ ដែល​​ធ្វើ​ឲ្យ​ខ្សែការ​ពារ​ឈឺ​ក្បាល​មិន​ខាន​​​។ ពិត​មែន នៅ​មាន​ការ​ងារ​ជាច្រើន​ទៀត​សម្រាប់​រូប​គេ ជាពិសេស​ការ​ធ្វើ​ឲ្យ​រាង​កាយ​រឹងម៉ាំ ដើម្បី​ចៀស​វាង​ពី​ហានិភ័យ​នាំ​ឲ្យ​របួស​»​។

ជ័យ​ជម្នះនេះ​ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ចាស់​ មាន ៦៤​ពិន្ទុ ពោល​គឺ​នាំ​មុខ​ដាច់​បណ្ដោះ​អាសន្នចំនួន ៥ ពិន្ទុ លើ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​ Real Madrid ដែល​ឈរ​នៅ​លេខ​ ២ និង​ប្រកួតតិច​ជាង​ខ្លួន ១ លើក​៕ AFP/VN