ភ្នំពេញ៖ ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៥៧ គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia ប្រចាំសប្តាហ៍ទី ៥ នៅលើសង្វៀនទូរទស្សន៍ថោន កាលពីល្ងាចថ្ងៃអាទិត្យ រកមិនឃើញម្ចាស់ជើងឯកប្រាក់លាននោះទេ ដោយសារបេក្ខភាពឡើងមកជួបគ្នាវគ្គផ្តាច់ព្រ័ត្រគឺ ប៊ុន សុធា និង យុគ យក្សផ្លែ មិនអាចយកឈ្នះគ្នា ដោយការផ្តួលគ្នាឲ្យសន្លប់តាមច្បាប់ប្រកួតរបស់ Mas Fight នោះ។
យ៉ាងណាក៏ដោយ ប៊ុន សុធា បានធ្វើការងារធ្ងន់ជាង យុគ យក្សផ្លែ មុនពេលអ្នកទាំង ២ បានឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ព្រោះនៅក្នុងការប្រកួតជម្រុះត្រឹម ៣ ទឹក តាមច្បាប់គុនខ្មែរ ប៊ុន សុធា បានវ៉ៃប្តូរជាមួយជើងខ្លាំងដែលជារៀមច្បង ឯម សុធី យ៉ាងស្វិតស្វាញបំផុត និងមានស្នាមបែកនៅលើផ្ទៃមុខដូចគ្នា។
ការម៉ាត់ចូលពេញ និងវាយកែងខ្លាំងៗរបស់ ឯម សុធី បានធ្វើឲ្យ ប៊ុន សុធា ចង់គាំងនៅក្នុងទឹកទី ១ ទៅហើយ ប៉ុន្តែ សុធា នៅតែរក្សាជំហរបានល្អ និងបានបង្កើនការវាយប្តូរខ្លាំងនៅទឹកទី២ និងទឹកទី៣ ដែលធ្វើឲ្យ សុធី បែកនៅក្បែរក្តោងច្រមុះ និងថមថយកម្លាំងផងដែរ ហើយការមានប្រៀប ២ ទឹកចុងក្រោយនេះ បានជួយឲ្យ សុធា ឈ្នះ ឯម សុធី ដោយពិន្ទុមិនឯកច្ឆន្ទ ២-១ ជាមួយនឹងស្នាមបែកនៅលើចិញ្ចើមខាងស្តាំ។
នៅក្រោយការទទួលបានជ័យជម្នះទាំងលំបាកនេះ ប៊ុន សុធា បាននិយាយថា៖ «ឯម សុធី ជារៀមច្បងរបស់ខ្ញុំ ព្រោះពេលខ្ញុំបានប្រកួតត្រឹមគូពិសេសទី១ គឺគាត់បានប្រកួតដល់លំដាប់គូឯកទៅហើយ ហើយខ្ញុំដឹងថា គាត់ល្អចិត្ត ល្អសឿង និងល្អកែង រហូតមានមហាជនដាក់ឈ្មោះឲ្យគាត់ថា មនុស្សយន្ត ប៉ុន្តែខ្ញុំក៏ត្រូវបានគេដាក់ឈ្មោះថា ស្បែក គង់ ផងដែរ»។
ចំណែកកីឡាករ យុគ យក្សផ្លែ ក៏បានទប់ទល់យ៉ាងតានតឹងជាមួយអ្នកលេងជង្គង់ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្លិបកុសលកីឡាផងដែរ ប៉ុន្តែ យក្សផ្លែ មានល្បិចប្រកួតល្អជាង និងចេញកណ្តាប់ដៃបានច្រើន ដើម្បីយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៣-០។
យ៉ាងណាក៏ដោយ សម្រាប់ការជួប ប៊ុន សុធា នៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួតតាមច្បាប់ Mas Fight មានត្រឹម ១ ទឹក ស្មើ ៩ នាទីនោះ យក្សផ្លែ ត្រូវបានគេមើលឃើញថា បានចាញ់ប្រៀប សុធា ប៉ុន្តែការព្យាយាមវាយប្តូររហូតចប់ ៩ នាទីពេញ បានជួយឲ្យរូបគេស្មើពិន្ទុជាមួយ សុធា តាមច្បាប់ Mas Fight ដែលកំណត់ឲ្យស្មើគ្នា បើគ្មាននរណាវ៉ៃគូប្រកួតឲ្យសន្លប់។
តាមរយៈការស្មើពិន្ទុគ្នានេះ ប៊ុន សុធា និង យុគ យក្សផ្លែ ត្រូវបានចែកប្រាក់រង្វាន់ជា ២ ផ្នែកស្មើគ្នា គឺម្នាក់បាន ១,៨ លានរៀល រួមជាមួយប្រាក់រង្វាន់លើកទឹកចិត្ត ម្នាក់ ២៥ ម៉ឺនរៀលទៀត ហើយវាក៏ជាលើកដំបូងផងដែរ ដែលការប្រកួតដណ្តើមប្រាក់លាននេះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ព្រោះ ៤ សប្តាហ៍កន្លងមក កីឡាករ ម៉ន វណ្ណី, ព្រឿង សុជាតិ, ឌុម កែវដា និង វ៉ាន់ វឿន សុទ្ធតែបានផ្តួលគូប្រកួតឲ្យសន្លប់នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន ដែលទទួលបានប្រាក់រង្វាន់ចាប់ពី ៣,៤ ដល់ ៥,៨ លានរៀល។
លោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia បានប្រាប់ថា៖ «វាជាការប្រកួតដ៏អស្ចារ្យ ដែលសូម្បីខ្ញុំជាអ្នករៀបចំកម្មវិធីក៏មើលទៅព្រឺរោមដែរ ជាពិសេសការប្រកួតដ៏ស្វិតស្វាញរវាង ឯម សុធី និង ប៊ុន សុធា ប៉ុន្តែយើងស្តាយបន្តិច ដែលគូដណ្តើមប្រាក់លាន រវាង យុគ យក្សផ្លែ និង ប៊ុន សុធា មានកម្ពស់ខុសគ្នាខ្លាំងពេក ធ្វើឲ្យកម្មវិធីប្រកួតរាងស្ទើរបន្តិច ដោយយើងផ្តោតតែលើសមត្ថភាពជាចម្បង ប៉ុន្តែយើងនឹងព្យាយាមកែលម្អ និងអភិវឌ្ឍកម្មវិធីតាមការស្នើសុំរបស់អ្នកគាំទ្រ»៕