ភ្នំពេញ: កីឡាករ​យុគ យក្សផ្លែ បាន​សុំ​ចុះចាញ់​កីឡាករ​ថៃ Theap Kao នៅ​ត្រឹម​ទឹក​ទី ៤ ខណៈ​ដែល​កីឡាករ​ឡុង ជិន បាន​បន្ត​ឈ្នះ​ដើម្បី​ទទួល​បាន ៣ ពិន្ទុ ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៥៧ គីឡូក្រាម​សង្វៀន​អាស៊ី​អាគ្នេយ៍ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

ក្រោយពី​លទ្ធផល​ទាំងនេះ ឡុង ជិន នៅ​ឈរជើង​ក្នុង​លំដាប់​លេខ ១ ក្នុង​ពូល​បណ្តោះ​អាសន្ន​សិន ដោយ​រង់ចាំ​លទ្ធផល​ការ​ប្រកួត​របស់ សេរី​វ៉ាន់ថង ជាមួយ​កីឡាករ​ថៃ Phat Thou នៅ​សប្តាហ៍​ក្រោយ។

ជាមួយ​គ្នា​នេះ គូ​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា-ថៃ បាន​បញ្ចប់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ដែល​រឿង សោ​ភ័ណ្ឌ បាន​ផ្តួល​កីឡាករ​ចំណូល​ថ្មី​ថៃ Thut Tidath ដោយ​កណ្តាប់​ដៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៣។

គិត​មកដល់​វគ្គ​ជម្រុះ​ចុងក្រោយនេះ ឡុង ជិន មាន ១២ ពិន្ទុ​នៅលើ​កំពូល​តារាង ហើយ​កីឡាករ​ចំនួន ២ នាក់​ទៀត​មាន​យក្ស​ផ្លែ និង​ធន់ មករា ត្រូវ​អស់​ឱកាស​ដោយ​គ្មាន​ពិន្ទុ​អាច​ប្រៀប​ធៀប​ជាមួយ​កីឡាករ​ផ្សេង​បាន ពី​ព្រោះ​ពួកគេ​សុទ្ធ​តែ​ទទួល​លទ្ធផល​ចាញ់ ១ លើក​ដូចគ្នា។ ឡុង ជិន ឈ្នះ ៤ ប្រកួត ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ២ លើក ឈ្នះ​ពិន្ទុ ១ លើក ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ ១ លើក ហើយ​រូបគេ​កំពុង​ឈ​ក្នុង​លំដាប់​លេខ ១ បណ្តោះ​អាសន្ន ដោយ​តាម​ពីក្រោយ​ដោយ​កីឡាករ​មក​ពី​ខេត្ត​បាត់ដំបង ឈុត សេរីវ៉ាន់ថង ដែល​ឈ្នះ ៣ លើក និង​នៅ​សល់​ការ​ប្រកួត ១ លើក​ទៀត​ក្នុង​ដៃ។

បើ​គិត​តាម​រូបមន្ត​ប្រកួត​វិលជុំ និង​បូកសរុប​តាម​លក្ខខណ្ឌ​បច្ចេកទេស​នោះ ឈុត សេរី​វ៉ាន់ថង ក៏មាន​ឱកាស​ឡើង​បាន​ដែរ​ក្នុង​ករណី​រូបគេ​ផ្តួល​ដៃគូ​កីឡាករ​ថៃ Phat Thou ឲ្យ​សន្លប់​រយៈពេល​ក្រោម ១ នាទី និង ២០ វិនាទី ក្នុង​ទឹក​ទី ៣ ក្នុង​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​របស់​ខ្លួន ពីព្រោះ​កាល​ពី​ជុំ​ទី ៣ ឈុត​សេរីវ៉ាន់​ថង បាន​ផ្តួល Phat Seila កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឲ្យ​សន្លប់​ទឹក​ទី ១ លឿន​ជាង​ឡុង ជិន។

អ្នកស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​កីឡាករ​ឡុង ជិន បាន​អះអាង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​កំពុង​តាម​ដាន​សកម្មភាព​ប្រកួត​របស់​ពួកគេ​ដោយ​ខ្លាច​ក្រែង​កីឡាករ​ថៃ Phat Thou រូប​នោះ​ធ្វើ​ពុត​ជា​ចាញ់ សេរី​វ៉ាន់ថន មុន​ទឹក​ទី ៣ ឬ​ក្រុម​ទីផ្សារ​ងងឹត​រៀបចំ​ឈ្នះ​សន្លប់​ជា​មុន​នោះ ដែល​នាំ​ឲ្យ​សិស្ស​របស់​ខ្ញុំ ឡុង ជិន ទទួល​រង​ការ​ធ្លាក់​ដោយ​អយុត្តិធម៌»។

អ្នកស្រី​បាន​បន្តថា៖ «ខ្ញុំ​និយាយ​នេះ​មិនមែន​មិន​ទុកចិត្ត​គណៈកម្ម​ការរៀបចំ​ប្រកួត​នោះទេ ប៉ុន្តែ ពេល​ខ្លះ ពួក​ឈ្មួញ​ក្នុង មុខ​របរ​ភ្នាល់​ក្រៅ​ច្បាប់ មាន​ឥទ្ធិពល​អាច​បង្វែរ​លទ្ធផល​បាន»។

មន្ត្រី​សហព័ន្ធ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា៖ «មន្ត្រី​បច្ចេកទេស​គេ​កំពុង​តាម​ដាន​រឿង​នេះ​ហើយ ហើយ​និង​ផ្តល់​យុត្តិធម៌​ជូន​កីឡាករ​ស្មើៗ​គ្នា​ទាំង​អស់ ដោយ​មិន​រើស​អើង​ឡើយ ពិសេស​លក្ខខណ្ឌ និង​ច្បាប់​ប្រកួត ពោល​គឺ​គ្មាន​អ្នក​ណា​មក​រំលោភ​បាន​ឡើយ ដោយ​ធានា​ជូន»៕