ភ្នំពេញៈ អតីតអ្នកប្រដាល់គុនខ្មែរ មានកណ្តាប់ដៃល្អ និងទាត់ធ្ងន់ យឹម ឌៀប ដែលធ្លាប់សាងកេរ្មិ៍ឈ្មោះក្នុងលំដាប់អ្នកខ្លាំងមួយរូបដែរនោះ ចង់ស្វែងមករកការងារធ្វើជាគ្រូបង្វឹក ឬគណៈកម្មការប្រដាល់ ដើម្បីបានកម្រៃខ្លះ គឺការងារនៅជិតសង្វៀនប្រដាល់តែម្តង បន្ទាប់ពីរូបគេបាត់មុខពីសង្វៀន ជាច្រើនឆ្នាំ ដោយបានទៅសំងំរស់នៅជាមួយម្តាយចាស់ជរា ឯខេត្តកំពង់ស្ពឺ។
យឹម ឌៀប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំសព្វថ្ងៃនេះ ក្រោយប្រកួតលែងកើត គ្មានមុខរបរអ្វីពិតប្រាកដទេ គឺនៅជាមួយម្តាយ ដែលមានវ័យចាស់ផង ហើយអ្វីដែលខ្ញុំចង់បំផុត គឺធ្វើជាគ្រូបង្វឹកដល់ក្មេងៗ ជាអ្នកប្រដាល់ជំនាន់ក្រោយ និងធ្វើជាគណៈកម្មការចៅក្រមអាជ្ញាកណ្តាលផងដែរ ដើម្បីបានកម្រៃខ្លះៗដូចរៀមច្បងប្រដាល់ដទៃទៀត»។
យឹម ឌៀប បន្តថា៖ «ច្រើនឆ្នាំកន្លងមក គឺក្រោយពេលខ្ញុំឈប់ប្រកួត ខ្ញុំមានបទពិសោធ ធ្លាប់ធ្វើជាគ្រូបង្វឹកឲ្យក្លិបប្រដាល់កងពល លេខ ៣១ នៃក្រសួងការពារជាតិ ប៉ុន្តែដោយជួបការលំបាក និងមានជីវភាពខ្វះខាតពេក ខ្ញុំក៏ឈប់ ហើយបច្ចុប្បន្នមិនទាន់មានក្លិបប្រដាល់ណាត្រូវការនៅឡើយទេ។ ខ្ញុំមកកាន់សង្វៀនប្រដាល់ថ្ងៃនេះ គឺនឹករឭក និងចង់រកការងារផ្នែកប្រដាល់នេះវិញ»។
អតីតកីឡាករមានកម្ពស់ ១,៦៩ ម៉ែត្រ យឹម ឌៀប ធ្លាប់ប្រកួតជាង ១០០ ដង និងធ្លាប់ទទួលបានលេខ ២ ក្រោយប្រកួតចាញ់ សៅ ប៊ុននឿន ទាំងមិនអស់ចិត្ត។ យឹម ឌៀប ធ្លាប់ជាកីឡាករនៅក្នុងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ហើយបច្ចុប្បន្នគេមានអាយុជាង ៣២ ឆ្នាំហើយ។
អ្នកប្រដាល់រូបនេះ ធ្លាប់ល្បីល្បាញជំនាន់ ផល សុផាត,ជាម អាដាំ,សៅ ប៊ុននឿន និងទេស សារ៉ាយ ជាដើម។ យឹម ឌៀប បានត្អូញត្អែរថា៖ «ខ្ញុំសព្វថ្ងៃ គ្មានការងារ និងគ្មានបានក្របខ័ណ្ឌជាទាហាន ឬកងទ័ព ដូចកីឡាកររួមជំនាន់នោះទេ គឺពិតជាគ្មានការងារ និងប្រាក់ខែអ្វីទាំងអស់ ដោយបច្ចុប្បន្នអត់មានពាក់ព័ន្ធជាមួយក្លិបប្រដាល់ណាមួយនោះឡើយ»។
លោកឧត្តមសេនីយ៍ឯកម៉ក់ សំអុល ទី ប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសមាគមប្រដាល់កីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ «ករណីអតីតកីឡាករ យឹម ឌៀប ដែលស្វែងរកការងារជាគ្រូបង្វឹកនេះ ខ្ញុំគិតថា យឹម ឌៀប អាចមានទេពកោសល្យបង្ហាត់ល្អ ព្រោះធ្លាប់ជាកីឡាករវ៉ៃល្អ ទាត់ធ្ងន់ និងកណ្តាប់ដៃល្អ។ ក្នុងនាមខ្ញុំជាប្រធានសមាគមប្រដាល់កីឡាក្រសួងមហាផ្ទៃ គឺត្រូវការសមត្ថភាពរបស់គេ ដើម្បីមកបង្វឹកឲ្យកីឡាករនៅសមាគមប្រដាល់សួងមហាផ្ទៃ»។
លោក ម៉ក់ សំអុល បានបន្ថែមថា៖ «ប៉ុន្តែចាំយើងពិនិត្យពិភាក្សាជាមួយបង តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសិន ព្រោះតាមសហការីខ្ញុំរាយការណ៍ថា យឹម ឌៀប ធ្លាប់នៅក្រោមការគ្រប់គ្រងរបស់សមាគមប្រដាល់កីឡាក្រសួងការពារជាតិ។ បើសិនបង តែម ម៉ឺន អនុញ្ញាត សមាគមយើង នឹងទទួលយក យឹម ឌៀប ជួយគាត់ឲ្យមានការងារជាគ្រូបង្វឹកបាន និងដើម្បីពង្រឹងសមត្ថភាពកីឡាករប្រដាល់យើងឲ្យបានល្អផង»។
កាលពីថ្ងៃអង្គារម្សិលមិញ អតីតកីឡាករ យឹម ឌៀប មានគម្រោងធ្វើដំណើរមកភ្នំពេញម្តងទៀត ដើម្បីស្វែងរកការងារនេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារម្តាយរបស់គេ មានជំងឺធ្ងន់ ត្រូវដឹកទៅមន្ទីរពេទ្យជាបន្ទាន់។ ទោះបីជាយ៉ាងណា នៅក្រោយម្តាយរបស់គេបានធូរស្បើយពីជំងឺ យឹម ឌៀប បានប្រាប់ថា នឹងមកស្វែងរកការងារជា គ្រូបង្វឹក ហើយនឹងមានគម្រោងទៅសុំការងារធ្វើជាចៅក្រមអាជ្ញាកណ្តាលពីលោក តែម ម៉ឺន និងដើម្បីឲ្យគាត់ជួយ៕