ភ្នំពេញ៖ កីឡាករអាយុក្រោម ១៥ ឆ្នាំ ចំនួន ២៥ នាក់ ទទួលបានឱកាសដ៏ពិសេសក្នុងការវិវឌ្ឍខ្លួនទៅជាកីឡាករអាជីពនាពេលអនាគត បន្ទាប់ពីពួកគេត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រេចជ្រើសរើសយកទៅចូលរួមហ្វឹកហាត់ សិក្សា និងស្នាក់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ នៅបាទី ក្នុងខេត្តតាកែវ នោះ។
យុវជនទាំង ២៥ នាក់ ដែលត្រូវបាន FFC អនុញ្ញាតទៅចូលរួមហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដោយមានការរ៉ាប់រងគ្រប់បែបយ៉ាងនេះ គឺដោយសារតែពួកគេបានជាប់នៅក្នុងការតេស្តកាលពីពេលថ្មីៗនេះ ហើយស្របពេល FFC បានរំសាយការហ្វឹកហាត់របស់យុវជន ១២ នាក់ ចេញពីសាលាបាល់ទាត់ជាតិបាទីនេះ ដែលដល់អាយុកំណត់ដែរ។
លោក កែវ សារ៉េត អគ្គលេខាធិការ FFC ថ្លែងថា៖ «កីឡាករដែលអាចចូលរួមស្នាក់នៅ សិក្សា និងហ្វឹកហាត់ នៅសាលាកីឡាបាល់ទាត់ជាតិ គឺបានធ្វើការជ្រើសរើសចេញពីសាលាតម្រង់ទិស ២៥ រាជធានី-ខេត្ត និងតាមបណ្តាក្លិបលីគកំពូលកម្ពុជា»។
យ៉ាងណាក៏ដោយ តាមរយៈការធ្វើតេស្តទាំងរត់ល្បឿនខ្លី ល្បឿនវែង លោត បណ្តើរបាល់ និងទាត់បញ្ចូលទី ព្រមទាំងមានការ ចែកជាក្រុមលេងតូចៗ ដើម្បីមើលពីបច្ចេកទេស និងភាពរហ័សរហួនរបស់អ្នកធ្វើតេស្តនោះ គឺយុវជនមកពីតាមបណ្តាក្លិប ដែលលេងនៅលីគកំពូលកម្ពុជា មិនបានជាប់នៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៥ នាក់នេះទេ។
តាមបញ្ជីឈ្មោះកីឡាករទាំង ២៥ នាក់នេះ គឺមានតែក្មេងៗមកពីខេត្តចំនួន ១៦ និងរាជធានីភ្នំពេញប៉ុណ្ណោះដែលបានជាប់ ចំពោះការធ្វើតេស្តក្នុងនោះមាន សុន ថាវិស៊ីវ, រុន ចុងមីង ខេត្ត កណ្តាល ទុំ សុផាត ខេត្តកោះកុង សឿន ផានិត ខេត្តកំពង់ធំ ធី វាសនា ខេត្តប៉ៃលិន សុង រ៉ានុត ខេត្តឧត្តរមានជ័យ ទ្រី ស៊ីណារិន, ទាំ មករា, ជុ ម៉ូត ខេត្តកំពង់ឆ្នាំង ខឿន គៀងវីរៈបុត្រ ខេត្តស្វាយរៀង ស៊ូ ម៉េងហុង, សេង ឆាយរ៉ាយុទ្ធ ខេត្តកំពត សំអាត សុម៉ាលី ខេត្តកំពង់ចាម ទូច រ៉ាវី ខេត្តតាកែវ បេង សុវន, ប៊ន ម៉ៅ, អ៊ុក ដេវីន, នឿម សូនិក ខេត្តសៀមរាប អ៊ីត សូនី ខេត្តមណ្ឌលគិរី សួន មករា, ផុន ផុន តុលា ខេត្តរតនគិរី រូ ស៊ីធន់ រាជធានីភ្នំពេញ ញ៉ង ពន្លក, ប៊ុន វិសាលលី ខេត្តស្ទឹងត្រែង និង វារ ដេវីត ខេត្តក្រចេះ។
ដោយឡែក ចំពោះយុវជនទាំង ១២ នាក់ ដែលដល់អាយុកំណត់ ហើយត្រូវបាន FFC ប្រកាសរំសាយចេញពីសាលាបាល់ទាត់ជាតិបាទី កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ រួមមាន កីឡាករ រី លាភផេង, ជូ ស៊ីនទី, កយ សាលីម, តាំង ប៊ុនឆៃ, អ៊ីម នែន, ស្រួច ជីវណ្ណ, ភេម តៅសិញ, សេង សម្បត្តិ, ជា សុខម៉េង, ទួត សារ៉ូត, ធី លៀង និង ឈឹម ពេជពន្លឺ ប៉ុន្តែអ្នកទាំងអស់នេះ សុទ្ធតែត្រូវបានក្លិបលេងនៅលីគកំពូលកម្ពុជាបានទាក់ទងរួចរាល់អស់ហើយ៕