ក្រុង​ឡុងដ៍៖ លោក Unai Emery គ្រូ​បង្វឹក​ក្លិប Arsenal ជឿ​ថា លទ្ធផល​​របស់​ក្លិប Arsenal ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Watford ​ពី​ថ្ងៃ​អាទិត្យ​នោះ ​អាច​ជា​​​មេ​រៀន​ខ្លះ​សម្រាប់​​​ក្រុម​យុវជន​របស់​គាត់​ក្នុង​រយៈពេល​យូរ​ទៅ​ខាង​​មុខ​ទៀត​​។​​

ក្រុម​កាំភ្លើង​ធំ​ Arsenal ទំនង​ជា​ចង់​រក​​ឲ្យ​បាន ​៣ ​គ្រាប់ ​នៅ​កីឡដ្ឋាន​ Vicarage Road ក្រោយ​ពី​កីឡាករ Pierre Emerick-Aubameyang បាន​ជួយ​ឲ្យ​ក្រុមកាំ​ភ្លើង​ធំ​នាំ​មុខ ​២ ​គ្រាប់ ​ទៅ​លើ​គូ​ប្រជែង​ខ្លួន​នៅ​ក្នុង​តង់​ទី ​១ ​រួច​ហើយ​​។​​

ប៉ុន្តែ​នៅ​ក្នុង​តង់​ទី ​២​ កីឡាករ​ Tom Cleverley និង​ Roberto Pereyra បាន​ជួយ​ឲ្យ​​ក្រុម Watford តាម​ស្មើ​នឹង​ក្រុម​កាំភ្លើង​ធំ​វិញ​ ​ធ្វើ​ឲ្យ​លទ្ធផល​ប្រកួត​​ស្មើ​គ្នា​ ២-២ នៅ​ក្នុង​ទឹក​ដី​របស់​ក្លិប​ Watford។​

កីឡាករ Aubameyang បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​មិន​អាច​រក​បាន​គ្រាប់​ទី ​៣ ​​ធ្វើ​ឲ្យ​លោក Emery សង្ឃឹម​ថា បទពិសោធ​តាម​រក​គ្រាប់​បាល់​បន្ថែម​ទៀត​នេះ ​នឹង​មាន​សារប្រយោជន៍​សម្រាប់​ក្រុម​យុវជន​របស់​ក្រុម​គាត់​។​

លោក Emery បាន​ប្រាប់​សន្និសីទ​​ព័ត៌មាន​ថា៖ «​យើង​មាន​យុវ​កីឡាករ​មួយ​ចំនួន​ ហើយ​ពួក​គេ​ត្រូវ​តែ​មាន​បទពិសោធ​ដូច​ថ្ងៃ​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​Matteo (Guendouzi) គឺ​ជា​កីឡាករ​ក្មេង​​ពោរ​ពេញ​ដោយ​កម្លាំង​ចិត្ត ហើយ​​ជួន​កាល​គាត់​បាន​​បង្កើត​កំហុស​មួយ​ចំនួន ​ដើម្បី​​រៀន​ពី​កំហុស​នោះ​​ដូច​នៅ​ក្នុង​តង់​ទី ​១ ​អ៊ីចឹង​ គឺ​​ គាត់​បាន​បង្កើត​កំហុស​មួយ​ ហើយ​ពួក​គេ​មិន​រក​បាន ​១ ​​គ្រាប់​ទៀត​​នោះ​ទេ​»។​

លោក Emery បាន​បន្ថែម​ទៀត​​ថា៖ «​នៅ​ពេល​យើង​កំពុង​វិភាគ​កំហុស​ ​គឺ​យើង​ចង់​និយាយ​ពី​បញ្ហា​នោះ​ជា​រួម​ព្រោះ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​មិន​ចង់​និយាយ​ថា វា​ជា​កំហុស​​របស់​កីឡាករ​ណា​មួយ​តែ​ម្នាក់​ឯង​នោះ​ទេ ព្រោះ​ខ្ញុំ​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពួក​គេ ​ដើម្បី​​អនុវត្ត​ផែនការ​ប្រកួត​»។​​

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​មាន​ការ​ខក​ចិត្ត​ចំពោះ​កូន​ក្រុម​របស់​គាត់​ដែល​មិន​អាច​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ឈ្នះ​ក្រុម Watford ដោយ​និយាយ​ថា ចាំ​បាច់​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ថែម​ទៀត​ជា​បន្ទាន់​។​

លោក Emery ដែល​ក្រុម​របស់​គាត់​ប្រកួត​ស្មើ​នឹង​ក្រុម​​ Tottenham ២-២ នោះ​មុន​ពេល​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នោះ​បាន​បន្ថែម​ថា៖ «​តង់​ទី ​២​ មាន​ការ​ពិបាក​ច្រើន​ដោយសារ​ពួក​គេ​ប្ដូរ​​ផែនការ​លេង​​​​ល្អ​ជាង​យើង​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​យើង​អាច​បំបែក​សម្ពាធ​នោះ​បាន​ យើង​អាច​ភ្ជាប់ ​១ ​គ្រាប់​ទៀត ​ជាមួយ​ខ្សែ​បម្រើ​របស់​យើង​ និង​​មាន​ពេល​​ដាក់​ផែនការ​ប្រកួត​របស់​យើង​​​បន្ត​ទៀត ​ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​បាន​​ទេ​ព្រោះ​ពួក​គេ​ជា​ក្រុម​ល្អ​មួយ​ ​ដែល​ក្នុង​តង់​ទី ​២​ ពួក​គេ​ធ្វើ​បាន​សម្រេច​តាម​ទាន់​ស្មើ​យើង​»។​

លោក Emery បាន​បន្ត​ទៀត​ថា៖ «​យើង​ក៏​បាន​និយាយ​ឲ្យ​កូន​ក្រុម​ខ្ញុំ​មាន​ភាព​អត់ធ្មត់ ​ដើម្បី​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​សម្រេច​ទេ​ដូច្នេះ​​ត្រូវ​បង្កើន​សមត្ថភាព​»។​​

លទ្ធផល​​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ Arsenal ​ឈរ​នៅ​លេខ ​៧​ ​មាន ​៨ ​ពិន្ទុ ​ក្នុង ​៥ ​ប្រកួត​ ចំណែក​ក្រុម Watford ដែល​មិន​ធ្លាប់​ឈ្នះ​​នោះ នៅ​តែ​បន្ត​ស្ថិត​នៅ​បាត​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League៕ AFP/SN