ភ្នំពេញ៖ ប្រធាន​ខេមរ​សហព័ន្ធ​កីឡា​យូដូ លោក ហេង លី បាន​អះអាងថា ការប្រកួត​កីឡា​យូ​ដូ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២០ ដែល​ទើបបាន​បញ្ចប់កាលពី​ថ្ងៃអាទិត្យ គឺមាន​ស្ថានភាព​ល្អប្រសើរ​និង​ស្តារ​មុខមាត់​បានល្អ​ផងដែរ បន្ទាប់ពី​ការ​កំណែទម្រង់​ថ្នាក់ដឹកនាំ​សហព័ន្ធ អស់​រយៈពេល​ជិត ២ ឆ្នាំ​មកនេះ។ ជាមួយគ្នានេះ ប្រតិភូ​កីឡា​មកពី​ខេត្តសៀមរាប មានការ​រំភើប​សប្បាយ​ចិត្តខ្លាំង​បំផុត ទោះ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៤។

លោក ហេង លី បាន​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា៖ «កីឡា​យូ​ដូ ធ្លាប់មាន​បញ្ហា​ចម្រូងចម្រាស តែ​ពេលនេះ​បាន​ស្តារមុខមាត់​ល្អ​ឡើងវិញ ដោយ​យើង​កំណែទម្រង់​ថ្នាក់ដឹកនាំ ហើយ​ពេលនេះ យើង​មានការ​ឯកភាព​សាមគ្គីភាព​គ្នា​បានល្អ។ ចំពោះ​ការប្រកួត​ជើងឯក​ជាតិលើក​នេះ ខ្ញុំ​ហ៊ាន​វាយតម្លៃ​ជារួម​ថា បានល្អ​ប្រសើរគ្រប់ផ្នែក ពោលគឺ​កីឡា​យូ​ដូ ទទួលបាន​ផល​ល្អ​ ៨០ ភាគរយ»។

តាមរយៈ​ការប្រកួត ៤ ថ្ងៃ នៅក្នុង​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ នោះ លោក ហេង លី ប្រាប់ថា ការប្រកួត​កីឡា​យូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិលើក​នេះ បាន​ចំណាយ​ថវិកា​អស់​ត្រឹម ២៧ លាន​រៀល នៃ​កញ្ចប់​ថវិកា​សរុប​ចំនួន ៦០ លាន​រៀល ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្តល់​ជូន​ខេ​មរ​សហព័ន្ធ​កីឡា​យូ​ដូ សម្រាប់​ប្រតិបត្តិការទៅលើ​ផ្នែក​រដ្ឋបាល វគ្គ​បណ្តុះបណ្តាល និង​ប្រកួត​ជើងឯក​ជាតិ ក្នុង​ឆ្នាំ ២០២០។

ទាក់ទង​ទៅនឹង​លទ្ធផល​បច្ចេកទេស លោក​ប្រធាន​សហព័ន្ធ បាន​ប្រាប់ថា យើង​មាន​ក្លិប​ចូលរួម​ចំនួន ៥ ប្រតិភូ មាន​គ្រូបង្វឹក ៩ នាក់ ក្រុម​អត្ត​ព​លិ​ក ៥៧ នាក់ (ស្រី ២៥ នាក់) ហើយ​ជា​លទ្ធផល​ក្រុម​ក្រសួងមហាផ្ទៃ ឈ្នះ​បាន​មេដាយមាស​ច្រើនជាងគេ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ រីឯ​ក្លិប​បក្សី​ចាំ​ក្រុង បាន​លេខ ២ ក្លិប JJMC បាន​លេខ ៣ ហើយ​ក្រុម​ខេត្តសៀមរាប បាន​ចំណាត់ថ្នាក់​លេខ​ ៤។

ប្រតិភូ​កីឡា​មកពី​ខេត្តសៀមរាប លោក ឆាន សុ​ភី មានការ​រំភើប​ខ្លាំង​នូវ​លទ្ធផល​នេះ។ លោក​និយាយថា៖ «ខ្ញុំ​ធ្លាប់​នាំ​កីឡាករ​មក​ប្រកួត​ថ្នាក់ជាតិ​កន្លងមក មិនដែល​ទទួលបាន​ល​ទ្ធ​ផល​ល្អ​បែបនេះ​ទេ គឺ​ភាគច្រើន​ទៅវិញ​មិនបាន​មេដាយ ប៉ុន្តែ​លើក​នេះ​ខេត្តសៀមរាប ដែល​បញ្ជូន​អត្ត​ពលិកម​ក ១១ នាក់ (ស្រី ៦ នាក់) គឺ​យើង​ឈ្នះ​បាន​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ៤»។

លោក សុ​ភី បាន​បន្ថែមថា៖ «ទោះជា​យើង​បាន​ចំណាត់ថ្នាក់​លេខ ៤ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយឆ្នាំមុនៗ យើង​ទទួលបាន​ភាពជោគជ័យ​ខ្លាំងណាស់»។ ចំណែក​កីឡាការិនី​វ័យ ២២ ឆ្នាំ អឹ​ុ​ង នួ មកពី​ខេត្តសៀមរាប និយាយថា៖ «ខ្ញុំ​ធ្លាប់​ចូលរួម​ប្រកួត​ច្រើនលើក​ហើយ តែ​មិន​ធា្ល​ប់​បាន​មេដាយមាស​ទេ ប៉ុន្តែ​លើក​នេះ ខ្ញុំ​វ៉ៃ​ទម្ងន់​សេរី ឈ្នះ​បាន​មេដាយមាស គឺ​សប្បាយចិត្ត​ណាស់»។

ចំណែក​អ្នកស្រី នុត ស្រីរ័ត្ន គ្រូបង្វឹក​យូ​ដូរ​បស់​សមាគម​ក្រសួង​មហាផ្ទៃប្រាប់ថា៖ «កីឡា​យូ​ដូ​ឆ្នាំនេះ​ក្រសួងមហាផ្ទៃ បាន​លេខ ១ ដាច់​តែម្តង គឺ​សប្បាយ​ចិត្តខ្លាំង ដោយ​មហាផ្ទៃបញ្ជូន​អត្ត​ពលិកម​ក​ប្រកួត ១៧ នាក់ (ស្រី ៦ នាក់) ហើយ​ជា​លទ្ធផល ឈ្នះ​បាន​មេដាយមាស ១០ ប្រាក់ ៣ និង​សំរឹទ្ធ​ចំនួន ៤»៕