ភ្នំពេញ៖ សហព័ន្ធកីឡាយូដូកម្ពុជា បានទទួលវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាយូដូជាថ្មី ដោយចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១៣ ខែ កញ្ញា ហើយវគ្គនេះមានសិក្ខាកាមចំនួន ២៤ នាក់ បានចូលរួម ហើយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) តាមរយៈ NOCC បានបញ្ជូនអ្នកជំនាញលោក Amar Meridia ជនជាតិអាហ្សង់ទីន មកធ្វើជាគ្រូឧទ្ទេសក្នុងវគ្គនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) បានថ្លែងនៅក្នុងពិធី បើកវគ្គនៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារនោះថា៖ «វគ្គនេះមានសារៈសំខាន់ណាស់ដល់សហព័ន្ធកីឡាយូដូកម្ពុជា ដើម្បីធ្វើឲ្យសហព័ន្ធកីឡាយូដូពិភពលោក បានជ្រាបជាដំណឹងបន្ទាប់ពីកីឡាយូដូបាត់មុខមាត់ពីពិភពលោកអស់មួយរយៈពេល ដោយសារតែមានបញ្ហាជម្លោះផ្ទៃក្នុងនៅក្នុងសហព័ន្ធនោះ»។
លោក វ៉ាត់ ចំរើន បានប្រាប់ឲ្យសហព័ន្ធកីឡាយូដូកម្ពុជា គឺត្រូវមានទំនាក់ទំនងល្អជាមួយលោក Amar Meridia បើទោះជាចប់វគ្គសិក្សានេះក៏ដោយ។ លោកបញ្ជាក់ថា៖ «កម្ពុជានឹងត្រូវធ្វើម្ចាស់ការប្រកួតស៊ីហ្គេម នៅឆ្នាំ ២០២៣ ដូច្នេះយើងត្រូវបង្ហាញទំនាក់ទំនងជាមួយសហព័ន្ធកីឡាយូដូអន្តរជាតិ ដែលចង់ជួយកីឡាយូដូយើង ពិសេសផ្នែកបច្ចេកទេស ដូចជាបញ្ជូនកីឡាករ កីឡាការិនីទៅធ្វើការហ្វឹកហាត់រយៈពេលខ្លី និងវែងតាមតែអាចធ្វើទៅបាន»។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សហព័ន្ធណាក៏ដោយ បើមានទំនាស់ផ្ទៃក្នុងហើយ គឺមិនអាចរីកចម្រើនទៅបានទេ»។ លោកបន្តថា ចាប់ពីពេលនេះទៅ សហព័ន្ធកីឡាយូដូកម្ពុជាត្រូវតែចូលរួមរាល់សកម្មភាពសហព័ន្ធកីឡាយូដូអន្តរជាតិ តាមរយៈកិច្ចប្រជុំសន្និបាត និងបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមព្រឹត្តិការណ៍កីឡាយូដូពិភពលោក។
ចំណែកលោក ណាំង រ៉ាវុធ អគ្គលេខាធិការសហព័ន្ធកីឡាយូដូកម្ពុជា បានឲ្យដឹងថា សិក្ខាកាមទាំង ២៤ នាក់ បានចូលរួមក្នុងវគ្គនេះ គឺមានមកពីក្លិបខេត្តសៀមរាប ក្លិបបក្សីចាំក្រុង ក្លិបអូឡាំពិក និងក្លិបក្រសួងមហាផ្ទៃ។
លោកបន្តថា៖ «ក្រោយមានវិវាទផ្ទៃក្នុងរួចមក សហព័ន្ធក៏នៅជួបឧបសគ្គតិចតួចចៀសមិនផុត ប៉ុន្តែឆ្នាំនេះ អត្តពលិករបស់យើងបានចូលជាក្រុមជម្រើសជាតិវិញ ដោយមានក្រុមថ្នាល ១០ នាក់ និងក្រុមធំ ៨ នាក់ ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពីនលើកនេះ»។
លោកបន្ថែមថា៖ «ការខកខានទំនាក់ទំនង និងចេញទៅប្រកួតក្រៅប្រទេសរបស់កីឡាយូដូ គឺបានផ្តល់ភាពអវិជ្ជមាន គ្មានឯកភាពគ្នា ហើយធ្វើឲ្យសមត្ថភាពរបស់អត្តពលិកបានធ្លាក់ចុះផងដែរ។ ហេតុនេះ វគ្គសិក្សានេះ គឺជាការបំប៉នបន្ថែម ធ្វើឲ្យគ្រូបង្វឹក និងគ្រូជំនួយ ឬគ្រូរបស់ក្លិបទទួលបានទេពកោសល្យល្អថ្មីៗ យកទៅពង្រឹងសមត្ថភាពអត្តពលិករបស់យើងបន្ថែម»។
អ្នកគ្រូ ហាស់ ស៊ីថា ដែលជាគ្រូជម្រើសជាតិកីឡាយូដូកម្ពុជា និងបានចូលរួមវគ្គសិក្សានេះដែរ បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត ដែលមានវគ្គសិក្សានេះ ព្រោះយើងនឹងទទួលបានបទពិសោធថ្មីៗបន្ថែមទៀត ក្នុងការបង្វឹកដល់សិស្ស»។
អ្នកគ្រូបន្តថា៖ «កន្លងមកយូដូខកខានការប្រមូលផ្តុំ ខកខានការប្រកួត និងមានការខ្វែងគំនិតគ្នារបស់ថ្នាក់ដឹកនាំសហព័ន្ធដែលធ្វើឲ្យកីឡាយូដូ ខកខានដណ្តើមមេដាយទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនានា»។
គួរបញ្ជាក់ថា ក្រោយកំណែទម្រង់រចនាសម្ព័ន្ធថ្នាក់ដឹកនាំសហព័ន្ធកីឡាយូដូកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និង NOCC ទទួលស្គាល់ជាផ្លូវការវិញ ហើយឆ្នាំ ២០១៩ នេះ ទទួលបានការប្រមូលផ្តុំជម្រើសជាតិ និងមានឱកាសបានទៅប្រកួតស៊ីហ្គេម ហើយសម្រាប់ការប្រកួតជើងឯកជាតិប្រចាំឆ្នាំ ២០១៩ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ៕