ភ្នំពេញ៖ កីឡាករ ​យ៉ន ​ពិសី ​បាន​រក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់លើ ឡុង ខេត្ត ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ត្រូវប្រឈម​ជាមួយ​​ជើង​ខ្លាំង រិន ដាវីត ដណ្តើម​យក​ពាន និង​ប្រាក់រង្វាន់​សរុប​ចំនួន ​៤០០០ ដុល្លារ។ ចំណែក ឡុង ខេត្ត ​ត្រូវ​ធ្លាក់ទៅ​ប្រកួតដណ្តើម​យក​លេខ​៣ ​ជាមួយអ្នកប្រយុទ្ធ ធន់ អៀន​ឡៃ។

យ៉ាងណា​ក៏​ដោយ នៅ​ក្រោយ​ការ​​ប្រកួត​យ៉ាង​ស្វិតស្វាញ ចំនួន ​៣ ​ទឹក​នោះ កីឡាករ ឡុង​ ខេត្ត​ ទំនងដូចជា​មិន​អស់​ចិត្ត សម្រាប់ការ​សម្រេច​ឲ្យ​ចាញ់ យ៉ន ពិសី ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ ប៉ុន្តែ​ទាំង​គ្រូ​ និង​សិស្ស​ គ្មាន​ការ​តវ៉ា​ជា​ផ្លូវ​ការណា​មួយ​​នោះ​ឡើយ​។​ ចំណែក យ៉ន ពិសី បានបង្ហាញ​​ការ​សប្បាយ​​រីករាយខ្លាំង ចំពោះ​ការ​រក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់នេះ។

សិស្ស​គណ​​ក្លិប​សាលវ័ន្តកីឡា យ៉ន ពិសី បាន​និយាយ​ថា៖​ «​ខ្ញុំ​សប្បាយ​ចិត្ត​ ​ព្រោះ​ខ្ញុំ​ឈ្នះ​នេះ​ ពិត​ជា​លំបាក​ណាស់​។ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ពេល​ប្រ​កួត​ដល់​​ទឹក​ទី ​៣ ព្រោះ​ខ្ញុំ​ឃើញ​​ ​ឡុង ខេត្ត ​ចាប់ផ្តើម​ស្រុត​ចុះ ​ហើយ​គាត់​វ៉ៃ​ចូល​ខ្ញុំ ​មិន​សូវ​ចំ​គោល​ដៅ​ល្អ​ និង​មាន​ទម្ងន់​ស្រាលៗ​»។​

យោង​​តាម​រូប​មន្ត​ប្រ​កួត​គឺ ​យ៉ន​ ពិសី​ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជា​មួយ ​រិន ​ដាវីត​ ដណ្តើម​យក​លេខ​ ១​ ចំណែក ​ឡុង ​ខេត្ត​ ត្រូវ​ប្រ​កួត​ជា​មួយ ​ធន់ ​អៀន​ឡៃ ដណ្តើម​​យក​លេខ​ ៣ ​។ ​ចំពោះ​​ប្រាក់​រង្វាន់វិញ ​ម្ចាស់​ជើង​ឯក​​លេខ ​១ ​នឹង​ទទួលបាន​រង្វាន់​ ៤០០០ ​ដុល្លារ​​ ​អ្នក​​លេខ​ ២ ​បាន ​២០០០ ដុល្លារ​ អ្នក​លេខ៣​ បាន ​​៧៥០ ដុល្លារ​ ហើយ​អ្នកបាន​ចំណាត់​ថ្នាក់​លេខ​ ៤​ នឹង​ទទួល​បាន​ ៥០០ ​ដុល្លារ​។

លោក​ ញាន​ សុធី​ ជំនួយ​ការ​រៀប​ចំ ការ​​ប្រ​កួត​សង្វៀនប៉ុស្តិ៍​លេខ ​៥ ​បាន​​និយាយ​ថា​៖ ​«យ៉ន​ ពិសី ​មាន​ប្រៀប​ផ្នែក​កម្លាំង​នៅ​ល្អ​ជាង ​និង​វាយ​តិច ​តែ​ចូល​គោល​ដៅ​ល្អ​ជា​ង ចំណែក ​ឡុង​ ខេត្ត​ វាយ​ចេញ​បាន​ច្រើន​ មិន​សូវ​ចំ​គោល​ដៅ ​និង​មាន​កម្លាំង​ធ្លាក់​ចុះ ​នៅ​ចុង​ទឹក ​ជា​មូល​ហេតុ​នាំ​ឲ្យ​ចាញ់​។​ ​យ៉ាង​ណា​ក៏​ដោយ ការ​ផ្តល់​ពិន្ទុ​មាន​តែ​ចៅ​ក្រម​ប៉ុណ្ណោះ​ ដែល​មាន​បច្ចេកទេស ​និង​ទទួល​ខុស​ត្រូវ​ជា​ផ្លូវ​ការ»​។​

ចំពោះ​គូ​ប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពាន​រង្វាន់​វិញ​ ​អ្នក​ប្រដាល់ ថៃ​ រ៉េត​ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ចាស់​ គង់​ សំបូរ​ ​ដោយ​ពិន្ទុ​ទាំងជក់​ចិត្ត​។ ជ័យ​ជម្នះ​​​មួយ​នេះ​ បាន​ធ្វើ​ឲ្យ ​ថៃ ​រ៉េត មានឈ្មោះ​បោះ​សំឡេង កាន់​តែ​ល្បី​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។

​មុន​ពេល​ប្រកួត​ចាប់​ផ្ដើម ​មហា​ជនមាន​ជំនឿចិត្តថា​ គង់ សំបូរ ​ជាអ្នក​មាន​ប្រៀប​ឈ្នះ​ខ្ពស់​ប៉ុន្តែ​​ពេល​​ប្រ​កួត​ជាក់​ស្តែង​ គឺ​គ្រាន់​​តែ​ទឹក​ទី១ ​ចាប់​ផ្ដើម ​ថៃ ​រ៉េត បាន​​វាយ​បង្ក្រាប​ទៅ​លើ គង់​ សំបូរ ​ដោយ​ស្នៀត​ជង្គង់ ​កែង​ កណ្តាប់​ដៃ ​បាន​យ៉ាង​ល្អ ​ខណៈ​​ដែល​ គង់​ សំបូរ​ ល្អ​ទាត់​មក​វិញ​ផង​ដែរ​ តែ​មិន​អាច​មាន​ប្រៀប​ជាង ​ថៃ ​រ៉េត ​ឡើយ​​។ ​ក្នុង​ជំនួប​ប្រ​កួត​ចំនួន ​៥ ​ទឹក​ពេញ ​ថៃ ​រ៉េត ​និង ​គង់ ​សំបូរ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​ខ្លាំង ​ជា​គូ​ប្រ​កួត ​ដែល​មាន​សមត្ថភាព​ល្អ​ជល់​ចិត្ត​​៕