ភ្នំពេញ៖ ​កីឡាករ ​យ៉ន ​ពិសី​ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ និង ​រ៉ា ​រយ៉ា​ របស់​ក្លិប​អេភូថង​ ​​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យក​កៅអី​ទី ​៨ ចុង​ក្រោយ នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ទី​២ ឬ​វគ្គ ​៨ នាក់​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ជើងឯក TV5 Knock Out Series ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម ជាមួយ​ជើង​ខ្លាំងៗ​ចំនួន ​៧ នាក់​ទៀត ដែល​បាន​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​វគ្គ​ទី​១ ​នេះ​រួច​ហើយ​។

ការ​ប្រកួត​គ្នា​​រវាង​អ្នក​ប្រដាល់​ យ៉ន​ ពិសី​ និង​ ​រ៉ា ​រយ៉ា ​នេះ ​​ជា​ប្រភេទ​កីឡាករ​ជើង​ថ្មី​ជំនាន់​ក្រោយ ​មាន​បទពិសោធ​តិច​ ប៉ុន្តែ​មាន​ភាព​​ស្រួច​ស្រាល់​ និង​មាន​​ឆន្ទៈ​ចូល​វាយ​សម្រុក​ខ្លាំង​ទំនង​ផ្សង​សំណាង​ជាមួយ​ជើង​ខ្លាំង​ដូច​គ្នា​។ ​ទោះ​ជា​យ៉ាង​ណា​ សម្រាប់​កៅអី​វគ្គ​ទី​២ ​នេះ ​នឹង​ផ្តល់​ជូន​អ្នក​ឈ្នះ​តែ​ម្នាក់​គត់​ ដើម្បី​បង្គ្រប់​ចំនួន​ប្រកួត​ក្នុង​វគ្គ​ទី​២ ​ទៀត ​ដែល​កំណត់​តាម​រូបមន្ត​ចំនួន​តែ ​៨ ​នាក់​ប៉ុណ្ណោះ​។​

លោក​ ឡុង ​សាលវ័ន្ត ​គ្រូ​ជម្រើស​ជាតិ​ និង​ជា​គ្រូ​បង្វឹក​របស់​ ​យ៉ន ​ពិសី បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​យ៉ន​ ពិសី​ មិន​មែន​ជា​កីឡាករ​​ជើង​ថ្មី​ពេក​ទេ ព្រោះ​​បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ ​តាំង​ពី​ជំនាន់​កីឡាករ ​ឡុង ​សំណាង ​ឯណោះ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​របស់​គេ ​មិន​បាន​ជាប់​លាប់ ដោយ​​ភាគ​ច្រើន​ហាត់​ឈប់ៗ​»។​

លោក សាលវ័ន្ត​ បាន​បន្ត​ថា៖ ​«​អ្នក​ទាំង​ ​២ នេះ ​មិន​ធ្លាប់​ជួប​​គ្នា​នោះ​ទេ​។ ​ខ្ញុំ​គិត​ថា ​សម្រាប់​ជំនួប​ប្រកួត​នេះ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ត្រឹម ​៦០ ​ភាគរយ​ ​ព្រោះ​កម្រិត​របស់​ពួក​គេ​នៅ​តែ​មិន​ទាន់​ឈាន​ចូល​លំដាប់​ជួរ​មុខ​នៅ​ឡើយ​ទេ ហើយ​​​ម៉្យាង​វិញ​ទៀត ​អាច​នឹង​ឆាប់​ដឹង​ពី​លទ្ធផល​ចាញ់ ​ឬ​ឈ្នះ​ដោយ​លំបាក​ទស្សន៍ទាយ​ណាស់​ ដោយសារ​​វា​វាយ​សម្រុក​ខ្លាំង​ដូច​គ្នា»​។​

ចំណែក​លោក ​អេ ​ភូថង ​គ្រូ​បង្វឹក​របស់​កីឡាករ ​រ៉ា ​រយ៉ា ​មិន​អាច​សុំ​សម្ភាស​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​​​ទទួល​ គឺ​​ចុច​បិទ​ជា​ច្រើន​លើក​ ក្នុង​ពេល​ហៅ​ចូល​។ ​ទោះ​ជា​យ៉ាង​ណា ​លោក ​ញាន ​សុធី​ ជំនួយ​ការ​អ្នក​រៀបចំ​ផ្គូផ្គង​ប្រចាំ​សង្វៀន​​ប៉ុស្តិ៍​លេខ ​៥​ បាន​ប្រាប់​ថា​៖ ​​«កីឡាករ ​រ៉ា ​រយ៉ា​ នេះ​ ប្រកួត​ចិត្ត​ធំ​គ្រាន់​បើ»​។

លោក​ ញាន ​សុធី​ បាន​បន្ថែម​ថា​៖ ​«តាម​ខ្ញុំ​ស្រង់​ពី​ប្រវត្តិ​ប្រកួត​ គឺ​ ​រ៉ា ​រ​យ៉ា​ មាន​កម្ពស់ ​១,៦៣ ​ម៉ែត្រ​ ធ្លាប់​ប្រកួត​បាន​ ​២៥ ​ដង ​ឈ្នះ ​១៥​ ​ចាញ់ ​៧​ និង​​ស្មើ ​៣ ​ដង​។ ​ចំណែក​កីឡាករ ​យ៉ន​ ពិសី​ ប្រកួត​បាន​ ​៣៧ ​ដង ​ឈ្នះ ​២៧​ ​ចាញ់ ​៧​ និង​​ស្មើ ​៣ ​ដង​។ ​គូ​នេះ​ ពិត​ជា​លំបាក​វាយ​តម្លៃ​ ឬ​ព្យាករ​ណាស់ ព្រោះ​​ជើង​ថ្មី​វ៉ៃ​មិន​ចេះ​សំចៃ​កម្លាំង​ទេ​ អ៊ីចឹង​បើ​វ៉ៃ​ចំ​គោលដៅ​ល្អ​ ងាយ​នឹង​សន្លប់​ដូច​គ្នា»​។​

ក្រៅ​ពី​គូ​ដណ្តើម​ពាន​នេះ ​​កីឡាករ​ សេក​ ចៅជូត ​មក​ពី​ក្លិប​អង្គរ​ជ័យ​ខេត្ត​សៀមរាប ត្រូវ​ប្រកួតមិត្ត​ភាព​​ជា​មួយ​ជើង​ចាស់​ សៀវ​ ង៉ុយ​ ​របស់​​សមាគម​កីឡា​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ប្រភេទ ​៦០ ​គីឡូក្រាម​។ ​ចៅជូត​ ជាកីឡាករ​ជើង​ថ្មី ​បទពិសោធ​ខ្ចី​ជាង ​ខណៈ​ ​សៀវ ​ង៉ុយ ​ចាស់​វស្សា​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​ ប្រកួត​ធ្លាក់​ចុះ​មួយ​កម្រិត​ទៅ​ហើយ​។​ ចំណែក​​ជើង​ចាស់​ទម្ងន់​ធ្ងន់​ ធា ​នុរាជ​ ​ក្លិប​មកុដរាជសីហ៍​ ត្រូវ​ប៉ះ​កីឡាករ​ចាស់​វស្សា​បាត់​មុខ​យូរ ផាន់​ សុវណ្ណ​ ​របស់​​ក្លិប​ចតុមុខ​ ក្នុង​ប្រភេទ​ទម្ងន់ ​៦៥ ​គីឡូក្រាម​៕​​​