ភ្នំពេញ៖ ​កីឡាការិនី អេ យ៉ានុត ​និង​ជើង​ខ្លាំង​កំពុង​មាន​ភាព​លេច ធ្លោរ វង្ស វិឆ័យ សុទ្ធ​តែ​មិន​​ហ៊ាន​អះអាង​ពី​ភាព​ប្រាកដប្រជា​ក្នុង​ការ​យក​ឈ្នះ​លើ​ដៃ​គូ​ប្រកួត​ជា​ជន​បរទេស ខណៈ​អ្នក​ទាំង ​២ ត្រូវ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Mas Fight ដែល​ត្រូវ​វ៉ៃ ​៩ នាទី ​អត់​ឈប់​នៅ​លើ​សង្វៀន​ថោន​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។​

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ លោក​ MC ​Vutha ​អ្នក​គ្រប់គ្រង​បញ្ជី​ឈ្មោះ ​និង​ប្រវត្តិ​រូប​កីឡាករ​ប្រចាំ​សង្វៀន​ថោន​ Mas Fight​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សមាសភាព​អ្នក​ប្រដាល់​នៅ​ក្នុង​សង្វៀន​ថោន​ Mas Fight ​សប្តាហ៍​នេះ​ មាន​គូ​ដែល​មាន​ប្រជាប្រិយ​បំផុត​ គឺ​ជំនួប​រវាង វង្ស ​វិឆ័យ ​​និង​អ្នក​ប្រដាល់​ថៃ ​Lotus Sgg ក្នុង​ទម្ងន់ ​៦៧ ​គីឡូ​ក្រាម​ ​ព្រម​ទាំង​​គូ​រវាង​​កីឡាការិនី​ឆ្នើម​​របស់​កម្ពុជា ​អេ ​យ៉ានុត ​និង​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី ​Miam sabot ដោយ​អ្នក​ទាំង ​២ ប្រកួត​គ្នា​​ក្នុង​ទម្ងន់ ​៥៧ ​គ.ក្រ​។​

ការ​ប្រកួត​របស់ វង្ស​ វិឆ័យ​ ​កាល​ពី​​ឆ្នាំ ​២០១៩​ កន្លង​មក​នេះ ទទួល​បាន​​ជ័យជម្នះ ស្ទើរ​​គ្រប់​ពេល ​ពិសេស​ព្រឹត្តិការណ៍​ធំ​ចំនួន ​៣ ​ធំៗ ​គឺ​ជម្រើស​ជើងឯក ​ឆ្នាំ ​២០១៩​ ព្រម​ទាំង​​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន ​មក​គ្រប់គ្រង​ក្នុង​នោះ​ជើង​ខ្លាំងៗ​មួយ​ចំនួន​ក៏​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្រោម​សមត្ថភាព​របស់​គេ​ដែរ​។

យ៉ាង​ណា​ក៏​ដោយ ការ​ហត់​ចូល​មក​ប្រកួត​ក្នុង​កមុ្មវិធី​ ​Mas Fight ​ដែល​មាន​តែ ​១ ​ទឹក​ចំនួន ​៩ ​នាទី​នេះ ​ជា​ការ​ប្រកួត​ថ្មី​សម្រាប់​ វង្ស វិឆ័យ ​ខណៈ​​សមត្ថភាព​របស់​រូប​នេះ ល្អ​ជង្គង់ ​និង​កែង​ និង​មាន​កម្ពស់​ល្អ​ផង​ដែរ​។​ វង្ស​ វិឆ័យ ​និយាយ​ថា​៖ «​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ជាមួយ​កីឡា​ថៃ​នេះ ពី​មុន​មក​ទេ ​ហេតុ​នេះ​​មិន​ទាន់​ហ៊ាន​អះអាង​ថា ​យ៉ាង​ដូច​ម៉េច​ឡើយ ​ប៉ុន្តែ​ចំពោះ​ខ្ញុំ​ឲ្យ​​តេ​​ឡើង​ដល់​លើ​សង្វៀន​ដឹង​តែ​ពី​វ៉ៃ​តែ​ម្តង​»។​

បើ​តាម​លោក​ MC​ Vutha ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ថៃ​​ Lotus Sgg​ មិន​ធម្មតា​ទេ គឺ​គេ​មាន​​កម្ពស់ ​១,៧៦ ​ម៉ែត្រ ធ្លាប់​​ប្រកួត​បាន ​១៣៦ ​ដង ​ឈ្នះ ​៨៩​ ​ចាញ់ ​៣៩​ ​ស្មើ ​៨ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ​៣០ ​ដង​ ហើយ​​តាម​ទិន្នន័យ​នេះ​ សមត្ថភាព​របស់ ​វង្ស ​វិឆ័យ ​និង​ ​Lotus Sgg​ សុទ្ធ​តែ​បង្ហាញ​ពី​ភាព​ខ្លាំង​ដូច​គ្នា ​ហេតុ​នេះ​​ការ​ចាញ់ ​ឬ​ឈ្នះ​ ស្ថិត​នៅ​ក្នុង​លក្ខណៈ​តឹងតែង​បំផុត​។

លោក​ ស្រ៊ុន ​កុសល​ ប្រធាន​ ផ្គូផ្គង ​និង​គ្រប់គ្រង​កម្មវិធី Mas Fight ​និយាយ​ថា ​កីឡាករ​ដែល​លោក​បាន​នាំ​មក​ប្រកួត ​គឺ​មាន​សមត្ថភាព​ខ្ពស់​ហើយ​ដាក់​ឲ្យ​ប្រកួត​ក្នុង​តម្លាភាព ​បញ្ចេញ​អស់​នូវ​សមត្ថភាព​ ព្រម​ទាំង​ធានា​បាន​នូវ​ការ​ឃុបឃឹត​គ្នា​ក្នុង​ទីផ្សារ​ងងឹត ​ដែល​អាច​លេច​ចេញ​នូវ​អំពើ​មិន​ប្រក្រតី​ណា​មួយ​។​ លោក​បញ្ជាក់​ថា៖ ​«និយាយ​ទៅ យើង​​មិន​មែន​យក​កីឡាករ​បរទេស​អន់ៗ ​មក​ឲ្យ​កីឡាករ​ខ្មែរ​ស៊ី​ផុយ ​ហើយ​នាំ​គ្នា​ទះ​ដៃ​ជ័យយោៗថា​​ខ្មែរ​ខ្លាំង​នោះ​ឡើយ​»។​

ចំណែក​គូ​ប្រកួត​របស់​កីឡាការិនី អេ យ៉ានុត Miam Sabot ​​ជា​អ្នក​ប្រដាល់​ឆ្នើម ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប៉ុស្តិ៍​លេខ ​៨ ​ថៃ​កន្លង​មក​។​ Miam Sabot​ កម្ពស់​ខ្ពស់​ជាង ​១,​៧២ ​​ម៉ែត្រ​ ហើយ​ធ្លាប់​ប្រកួត​បាន ​៦២ ​​ឈ្នះ ​៤០​ ​និង​ចាញ់ ​២២ ដង​។​ ចំណែក​ អេ​ យ៉ានុត កូនស្រី​របស់​លោក អេ ភូថង គឺ​​មួយ​រយៈ​នេះ​ ​យូរៗ​បាន​ប្រកួត​​ម្តង ​ប៉ុន្តែ​ ៤ ​ប្រកួត​ចុង​ក្រោយ យ៉ានុត ​មិន​ដែល​ចាញ់​នោះ​ឡើយ​។​

អ្នកស្រី​ សាំង សុម៉ាលី​ ​ជា​ម្តាយ​បង្កើត​របស់​ ​អេ ​យ៉ានុត​ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​ការ​ហ្វឹកហាត់​ត្រៀម​របស់ យ៉ានុត ​បាន​ល្អ ​​តែ​សង្ឃឹម​បាន​ត្រឹម​ស្មើ​ទេ ​​ព្រោះ​ការ​ប្រកួត​ចំនួន ​៩ ​នាទី​នេះ​ មិន​ធ្លាប់​ប្រកួត​ទេ ​​ហើយ​ការ​វាយ​ដៃ​គូ​ឲ្យ​សន្លប់ ​គឺ​ជា​រឿង​លំបាក​ណាស់ ​អ៊ីចឹង​ខ្ញុំ​គិត​ថា យ៉ានុត ​អាច​នឹង​ស្មើ​ច្រើន​ជាង​។​ ទោះ​ជា​យ៉ាង​ណា​ ក្តី​ប្រាថ្នា​របស់​ខ្ញុំ ​និង​កូន ​ព្រម​ទាំង​គ្រួសារ ​គឺ​ចង់​ទទួល​បាន​ជ័យជម្នះ​ខ្លាំង​ណាស់​»។​

ជាមួយ​គ្នា​នេះ កីឡាករ​កម្ពុជា ​៣ នាក់​ទៀត ក៏​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី ​Mas ​Fight នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ ក្នុង​នោះ ​សួរ ​ចាន់រាជ ​ប៉ះ​ម៉ាឡេស៊ី ​Puvan Balasubramanian ឯ ​ឈួន រិទ្ធី ​(ថៃ​ រីទ្ធី​) ​​ជួប ​Ahmed Badat មក​ពី​ Zambiam​ ហើយ ​មុត ​ខ្លឹមខ្មៅ ​ប្រកួត​នឹង​ចិន ​Lyu JIE​៕​