The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យ៉េន ឌីណា និង Loom Leng ប៉ះ​គ្នា​ជា​ថ្មី នៅ SEATV

យ៉េន ឌីណា និង Loom Leng ប៉ះ​គ្នា​ជា​ថ្មី នៅ SEATV

Content image - Phnom Penh Post
យ៉េន ឌីណា ត្រូវ​ប្រកួតដណ្តើម​៣ពិន្ទុថ្ងៃ​បើកឆាក​ជាមួយ Loom Leng។ សហការី

យ៉េន ឌីណា និង Loom Leng ប៉ះ​គ្នា​ជា​ថ្មី នៅ SEATV

ភ្នំពេញ៖ ​ការ​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ ទម្ងន់ ​៦៣,៥ ​គ.ក្រ ​រដូវកាល​ទី ១០ ​នៃ​សង្វៀន​ SEATV នឹង​ចាប់​​ប្រកួត​ជម្រុះ​នា​​រសៀល​ថ្ងៃ​សៅរ៍​នេះ ​​ហើយ​ការ​ប្រកួត​បើក​ឆាក​នេះ វា​ជា​ជំនួប​គួរ​​ឲ្យ​ចាប់​អារម្ម​ណ៍​ខ្លាំង​រវាង ​យ៉េន ​ឌីណា​ និង​ជើង​ខ្លាំង​ថៃ​ Loom ​Leng ​ចំណែក​​ជើង​ថ្មី ​រិន ​សារ័ត្ន ​ត្រូវ​ប្រជែង​យក ​៣ ពិន្ទុ ​ជាមួយ​​កីឡាករ​ថៃ​ចំណូលថ្មី Chhan Soek​ នៅ​ថ្ងៃនោះ​ដែរ។

ការ​វិល​មក​ជួប​គ្នា​រវាង យ៉េន ឌីណា​ និង ​Loom ​Leng ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ប្រកួត​​​អស្ចារ្យ​ ព្រោះ​កន្លង​មក ​​Loom ​Leng ​ធ្លាប់​ឈ្នះ​ យ៉េន ​ឌីណា​ ច្រើន​លើក ​ប៉ុន្តែ​នៅ​ក្នុង​ជំនួប​ចុង​ក្រោយ​ប្រហែល ​៣ ​ខែ​កន្លង​មក ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ ​​យ៉េន ​ឌីណា​ បាន​យក​ឈ្នះ​ថៃ​Loom ​Leng ​នេះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ដោយសារ​ Loom​ Leng ​កាល​នោះ​​ត្រូវ​បាន​គេ​រិះគន់​ និង​បែក​ធ្លាយ​ថា​ ​វាយ​បន្ធូរ​ដៃ​ដោយ​ទំនង​ទុក​ឱកាស​ឲ្យ ​យ៉េន ​ឌីណា​ឈ្នះ​ ដើម្បី​ស្តារ​មុខ​មាត់​វិញ​បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​កម្រិត​។

Loom​ Leng​ ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ​១ ​នៅ​សង្វៀន ​SEATV ​កន្លង​មក​ ហើយ​​មួយ​រយៈ​ចុង​ក្រោយ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ ធ្លាប់​ទាត់​​កីឡាករ​កម្ពុជា ​២ ​រូប ​ឲ្យ​សន្លប់​ គឺ​ កូយ​ ឡាយ​ នៅ​ទឹក​ទី ​៣​ និង​ សេង ​ស្រឿន​ នៅ​ទឹក​ទី ២​។​ ចំណែក​ យ៉េន ឌីណា​ មក​ដល់​ពេល​នេះ​ មាន​កម្រិត​សមត្ថភាព​ល្អ​ជាង​មុន ​ដោយ​ប្រកួត​ទទួល​បាន​លទ្ធផល​ឈ្នះ​ជា​បន្ត​បន្ទាប់​។​

លោក ​ញាន​ សុធី ​ប្រធាន​ផ្គូផ្គង នៅ​សង្វៀន SEATV ​បាន​ប្រាប់​ថា​៖ ​«​Loom Leng មក​ដល់​ពេល​នេះ ​លំបាក​ទប់ទល់​ជាមួយ ​យ៉េន ​ឌីណា​ ហើយ ​ព្រោះ​ ឌីណា​ ឥឡូវ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់​ ពិសេស​ក្បាច់​ធាក់​ល្អ ​មិន​ឲ្យ​ចូល​ជិត​ឡើង​ជង្គង់​បាន។​ ហេតុ​នេះ​បើ​ ឌីណា​ ប្រឹងប្រែង ​និង​ប្រយ័ត្ន​ប្រយែង​នោះ​ មាន​ប្រៀប​ឈ្នះ​លើ ​Loom​ Leng​»។​

ចំណែក​លោក​ ថៃ​ អ៊ូ​ អ្នកនាំ​កីឡាករ​ថៃ​មក​ប្រកួត​និយាយ​ថា​៖ ​«Loom ​Leng ​ពិត​ជា​លំបាក​ឈ្នះ​ យ៉េន ឌីណា​ មែន​ ​ព្រោះ​អាច​ចាញ់​ក្បាច់​ធាក់​នេះ​តែ​ម្តង ​ប៉ុន្តែ​បើ ​Loom Leng ​មាន​ឱកាស​ឱប​បាន​ ទើប​មាន​ប្រៀប​វិញ​។​ ​កាល ​២ ឬ ​៣ ​ឆ្នាំ​មុន​ Loom Leng ​ធ្លាប់​បង្ក្រាប​ យ៉េន​ ឌីណា​ មិន​ឲ្យ​ងើប​មុខ​រួច​ទេ ​ប៉ុន្តែ​កាល​ពី ​៣ ខែ​មុន​ យ៉េន ​ឌីណា​ យក​ឈ្នះ​បាន​វិញ»​។​

ដោយ​ឡែក ​រិន ​សារ័ត្ន ​​ជា​អ្នក​ប្រដាល់​ចិត្ត​ធំ​មួយ​រូប​ ហើយ​គេ​វ៉ៃ​ចូល​ចិត្ត​ប្ដូរ​កែង ​តែ​មិន​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​​ឡើយ​។​ គេ​​ធ្លាប់​ប្រកួត ​៥៨ ​ដង ​ឈ្នះ ​៤៤ ចាញ់ ១១ និង​ស្មើ​ពិន្ទុ ​៣ ដង ​ចំណែក​ដៃគូ​របស់​សារ័ត្ន Chhan Soek ធ្លាប់​ប្រកួត ​៧៧ ដង​ ឈ្នះ ៥៩ និង​ចាញ់ ១៨ ដង។

គួរ​បញ្ជាក់​ថា កីឡាករ​កម្ពុជា​ចំនួន ​៤ ​នាក់ រួម​មាន​ យ៉េន ឌីណា, រិន សារ័ត្ន, ពុយ វណ្ណៈ និង សេង ស្រឿន ត្រូវ​បាន​ជ្រើសរើស​ដាក់​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ប្រដាល់​ថៃ​​ទាំង ​៤ ​នាក់ មាន Chhan​ Soek, ​Loom ​Leng​, Kolap​ Dam​ និង ​Wan ​Chhaleum​ ដែល​មាន​សមត្ថភាព​និង​​​វិជ្ជា​គុន​ល្អ​ ហើយ​តាម​គម្រោង​ខ្សែ​ក្រវាត់​នេះ​នឹង​ចំណាយ​ពេល​ប្រកួត​ចំនួន ​១៣ ​សប្តាហ៍ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នេះ៕

អត្ថបទគួរចាប់អារម្មណ៍