ភ្នំពេញៈ បេសកកម្ម​ប្រ​កួត​ជម្រុះ​រក​ជើង​ខ្លាំង​ ចំនួន​ ៣​ ប្រចាំ​​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង ​ដែល​មាន​បេក្ខជន​មក​ពី​​ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃ​លិន ​និង​ខេត្ត​ពោធិ៍សាត់​ ចូល​រួម​ប្រកួតប្រជែង​នោះ បាន​រក​ឃើញ​អ្នក​ឈ្នះ​ហើយ​ ដើម្បី​ឡើង​ទៅ​ប្រកួត​ជ្រើស​រើសជើង​ឯក​ថ្នាក់​ជាតិ ​ឆ្នាំ​ ២០១៨ ជាមួយ​ជើង​ខ្លាំងចំនួន​ ២១ ​នាក់​​តំណាង​ឲ្យ​មណ្ឌល​ចំនួន​​ ៦ ​ទៀត ដែល​បាន​បញ្ចប់ការ​ប្រកួត​រួចរាល់​កន្លង​មក។

លោក​ ឈាវ​ បូរ៉ា​ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ បាន​​ប្រាប់​ ​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ប្រ​កួត​នៅ​មណ្ឌលខេត្ត​​បាត់​ដំបង​នេះ ​មាន​បេក្ខជន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​ ២៥ ​នាក់ មក​ពី ​៣ ​ខេត្ត​ ហើយ​ត្រូវ​​ប្រកួត​​ជម្រុះយក​ជើង​ខ្លាំង​តែ​ ៣ នាក់​ទេ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត។

តាម​រយៈ​ការ​ប្រកួតប្រជែង ដែល​ត្រូវបាន​ធ្វើ​ឡើង​ត្រឹម ​១ ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ កីឡាករ​ លឹម ​ផល្លា​ ​របស់​ខេត្ត​ប៉ៃ​លិន ដែល​ធ្លាប់​បង្កើត​ភាព​ភ្ញាក់​ផ្អើល ក្នុងការ​ប្រកួត​ថ្នាក់​ជាតិ កាល​ពី​ឆ្នាំ​ ២០១៧ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ១ ហើយ​លេខ​ ២ ​បាន​ទៅ​កីឡាករ ឃុត​ ប្រិម​ប្រិយ៍​ មក​ពី​ខេត្ត​ប៉ៃ​លិនដែរ ​និង​​លេខ​ ៣ បាន​ទៅ​​កីឡាករ​ កាំង​ ហេង​ មក​ពី​ខេត្ត​បាត់​ដំបង។​

ជាមួយ​នឹង​ជ័យ​ជម្នះនេះ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​​ភាព​ខ្លាំង​របស់​កីឡាករ លឹម​ផល្លា​ និង កាំង ហេង ព្រោះ​អ្នក​ទាំង ២​ នេះ សុទ្ធតែ​ទទួល​បាន​លទ្ធផល​ល្អ ក្នុងការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ កាល​ពី​ឆ្នាំ ​២០១៧ ដើម្បី​​ក្លាយ​ជា​បេក្ខភាព​ ៨ ​នាក់​ចុងក្រោយ ត្រូវ​ឡើងទៅ​ប្រកួតយក​តំណែង​ស្តេច​អុក ​នៅ​អង្គរសង្រ្កាន្ត​ ប៉ុន្តែ​អ្នក​ទាំង ​២ ​នេះ មិន​ទទួល​បាន​ជយលាភី​នោះ​ទេ។

លោក ​គ្រួច​ ចន្ថារិទ្ធ ​ហៅ ​ត្រេន​ គណៈកម្មការ​រៀប​ចំ​អុក​ចត្រង្គ​កម្ពុជា​ ​បាន​ប្រាប់​ថា ការ​ប្រ​កួត​ជម្រុះ​តាម​មណ្ឌល​ចំនួន ៧​ គឺ​នៅ​បាត់​ដំបង​នេះ ជា​មណ្ឌល​​ចុង​ក្រោយ​គេ ​​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ ទី ​៨ ​ខែ​មេសា​ ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ យើងនឹង​បន្ត​រៀបចំ​ការ​​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ​​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ដើម្បីជម្រុះ​យក​ជើង​ខ្លាំង​ ៨ ​នាក់ ឡើង​ទៅ​ប្រកួត​ប្រជែង​យក​តំណែង​ស្តេច​អុក ប្រចាំ​ឆ្នាំ ​២០១៨ នៅ​អង្គរសង្រ្កាន្ត នា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ខាង​មុខ​នេះ។

កីឡាករ ឃុត ប្រិមប្រិយ៍ (ពីឆ្វេង) លឹម ផល្លា និង​កីឡាករ កាំង ហេង ពេល​បំពាក់​មេដាយ ក្រោយ​ឈ្នះការ​ប្រកួត នៅមណ្ឌល​ខេត្ត​បាត់​ដំបង។ រូប សហការី

គួរ​រំឭក​ថា​ ​ក្នុង​ចំណោម​អ្នក​លេង​​អុក​ចត្រង្គ​ទាំង​ ២៤ ​នាក់​ ដែល​ឈ្នះ​តាម​មណ្ឌល​ទាំង ​៧ ​ទូ​ទាំង​ប្រទេសកម្ពុជា​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ មាន​វត្ត​មាន​ជើង​​ខ្លាំងៗ​ជិត ​១០ ​នាក់ ​ដែល​ធ្លាប់​ទទួលបាន​ចំណាត់​ថ្នាក់​ល្អ នា​ពេល​កន្លង​មក ​ហើយ​​អ្នក​ទាំង​នោះ​មាន​ដូច​ជា ឈាវ​ បូ​រ៉ា ​ម្ចាស់​ជើង​ឯក​២​ជំនាន់​ ​ឆយ ​វីរ៉ា​ ជើង​ឯក​ឆ្នាំ ​២០១០ ហូយ សូណា​ ជើង​ឯក​​ឆ្នាំ​ ២០១៦​​ ហេង ​សៅ​ឌី ជើង​ឯក​ឆ្នាំ ​២០១៧​​ ព្រម​ទាំង កាំង ​ហេង​, ប៊ិន​ គាសេង​, សុខ​ លឹម​ហេង, ប៉ោ​ សារិទ្ធ និង ​លឹម ​ផល្លា ​ជា​ដើម ដែលសុទ្ធតែ​​ធ្លាប់​ជាប់​ឈ្មោះ​ជា​ជើង​ខ្លាំង​៨​នាក់​ចុង​ក្រោយ​៕​