The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រកមុខ​អ្នក​បន្លំ​លុយ​កីឡាករ​រងគ្រោះ ម៉ន រដ្ឋា មិនទាន់​ឃើញ

រកមុខ​អ្នក​បន្លំ​លុយ​កីឡាករ​រងគ្រោះ ម៉ន រដ្ឋា មិនទាន់​ឃើញ

Content image - Phnom Penh Post
អតីត​កីឡាករ​ជើង​ខ្លាំង អេ ភូថង និង​សិស្ស​របស់​ខ្លួន ម៉ន រដ្ឋា កំពុង​ចោទប្រកាន់​គ្នា​រឿង​បាត់​លុយ​ជំនួយ​ពី​សប្បុរសជន​។ ភ្នំពេញ​ប៉ុស្តិ៍

រកមុខ​អ្នក​បន្លំ​លុយ​កីឡាករ​រងគ្រោះ ម៉ន រដ្ឋា មិនទាន់​ឃើញ

ភ្នំពេញៈ សង្គ្រាម​ពាក្យសម្តី​រវាង​កីឡាករ ម៉ន រដ្ឋា​ (​អេ រដ្ឋា​) ​និង​គ្រូ​ប្រដាល់​ជម្រើស​ជាតិ​កម្ពុជា អេ ភូថង ស្ថិតនៅក្នុង​លក្ខណៈ​មន្ទិល​គឺ​ចោទ​គ្នា​ទៅវិញ​ទៅមក​ពី​រឿង​បាត់​លុយ​ជំនួយ​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន ព្រម​ទាំង​លុយ​សំណង​ពី​ម្ចាស់​រថយន្ត​ដែល​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​របស់ ម៉ន រដ្ឋា នោះ​បាន​ក្លាយ​ជា​អាយ៉ៃ​ឆ្លងឆ្លើយ​រកមុខ​អ្នក​បន្លំ​លុយ​ដែល​មាន​ទំហំ​រាប់ម៉ឺន​ដុល្លារ​នោះ នៅ​មិនទាន់​ឃើញ​ឲ្យ​ប្រាកដ​ទេ​។

ការហែកហួរ​គ្នា​នេះ ត្រូវ​បាន​បណ្តាញ​ហ្វេសប៊ុក​ចេញផ្សាយ​ក្រោយពី​ក្រុម​បង-ប្អូន​ត្រកូល «​ម៉ន​» ខាង​ភាគី ម៉ន រដ្ឋា បាន​ទាមទារ​ប្រាក់​ពី​លោកគ្រូ អេ ភូថង វេរ​លុយ​តាម​វីង​បាន​ត្រឹម​តែ​ ១ ​ពាន់​ដុល្លារ ប៉ុន្តែ​លោក អេ ភូថង និង​ប្រពន្ធ​កូន​ដែល​ជាប់​សង្ស័យ​រឿង​នេះ​បាន​ប្រកែក​មិន​ទទួល​ខុសត្រូវ ព្រមទាំង​បញ្ជាក់ថា «​អត់​មាន​លុយ​នោះ​ទេ​» គឺជា​ការ​មួលបង្កាច់​រូបគាត់​ទៅវិញ​។ ព័ត៌មាន​ទាំងនេះ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​មួយ​ដែល​ប្រមុខ​ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​អ្នក​ឈឺឆ្អាល​មួយ​ចំនួន​ចេញមុខ​ស្វែងរក​ការពិត​ជូន​មហាជន និង​ថ្នាក់ដឹកនាំ​ដែល​បាន​អូសបន្លាយ​ពេល​ជាង​ ២ ​សប្តាហ៍​មកហើយ​។

លោក ហេរ៉ូ អ្នក​អត្ថាធិប្បាយ​ប្រដាល់​នៅ SEATV និយាយ​ថា​៖ «​ខ្ញុំ​អត់ទ្រាំ​មិន​បាន​ចំពោះ​រឿង​អយុត្តិធម៌​នេះ ខ្ញុំ​សូម​ចេញមុខ​ស្វែងរក​ការពិត​តាមរយៈ​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ភាគី​ទាំង​ ២ ប៉ុន្តែ​រយៈពេល​ ២ ​សប្តាហ៍​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ភាគី អេ ភូថង មិន​ផ្តល់ឱកាស​ឲ្យ​មាន​ការសួរដេញដោល​ឆ្លើយតប​ជាមួយ​សំណួរ និង​ការចោទ​ពី​ភាគី​កីឡាករ​រងគ្រោះ ម៉ន រដ្ឋា នោះ​ឡើយ​»​។

លោក ហេរ៉ូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា​៖ «​តាមរយៈ​ខ្ញុំ​សម្ភាស​ជាមួយ​ក្រុមគ្រួសារ​ត្រកូល​«​ម៉ន​» និង​ ម៉ន រដ្ឋា បាន​ឲ្យ​ដឹងថា អេ ភូថង ត្រូវ​រង​នូវ​ការសង្ស័យ​បន្លំ​លុយ​សំណង​ ២ ​ករណី ទី​ ១ ​ទទួល​លុយ​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ​មាន​កាកបាទក្រហម​ចំនួន​ខ្ទង់​ម៉ឺន​ដុល្លារ មិន​ប្រគល់​ឲ្យ ម៉ន រដ្ឋា ដែល​រងរបួស​ពី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ទី​ ២ សង្ស័យ​ការទទួល​លុយ​ពី​ម្ចាស់​ឡាន​ដែល​បុក​គ្នា​ជាមួយ​ ម៉ន រដ្ឋា ចំនួន​ខ្ទង់​ ៥ ​ម៉ឺន​ដុល្លារ​មិន​ប្រគល់​ឲ្យ​កីឡាករ​រងគ្រោះ​»​។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​រឿងនេះ​ខ្ញុំ​បាន​ឲ្យ​លោក រាជ សុផែន សម្របសម្រួល​ជាមួយ​ភាគី​ទាំង​ ២ ដើម្បី​រក​ដំណោះស្រាយ​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​លទ្ធផល​មិន​ទទួល​បាន​ល្អ ព្រោះ​ភាគី​ខាង​កីឡាករ ម៉ន រដ្ឋា ចោទប្រកាន់ ចំណែក​ភាគី​គ្រូ អេ ភូថង ប្រកែក និង​មិន​ចុះ​សម្រុង​គ្នា​។ នេះ​ជា​រឿង​ទទួល​ខុសត្រូវ​របស់​បុគ្គល ប៉ុន្តែ​ក្នុង​នាម​ថ្នាក់ដឹកនាំ​តែងតែ​យក​ចិត្ត​ទុកដាក់​ជួយ​សម្របសម្រួល ប៉ុន្តែ​បើ​គេ​មិន​ស្តាប់​មាន​តែ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ទៅ​»​។

លោក រាជ សុផែន អគ្គលេខាធិការរង​សហព័ន្ធ​បាន​និយាយ​ថា​៖ «​កាលពី​ថ្ងៃទី​៨ ខែ​សីហា ខ្ញុំ​បាន​ជួប​ភាគី​ត្រកូល​ «​ម៉ន​» ចំនួន​ ៦ ​នាក់​ដែល​ពាក់ព័ន្ធ ហើយ​កាលពី​ថ្ងៃ​អាទិត្យ ទី​ ១១ ខែ​សីហា ខ្ញុំ​បាន​ជួប​ស្រង់​ព័ត៌មាន​ពី អេ ភូថង និង​ប្រពន្ធ ហើយ​ជា​លទ្ធផល​ភាគី​ទាំង​ ២ ​សុទ្ធតែ​អះអាង​ពី​ភាពត្រឹមត្រូវ​ដោយ​ដណ្តើម​គ្នា​យក​ត្រូវ ខណៈ​ដែល​ត្រកូល​ ម៉ន ចង់​ជួបគ្នា​ផ្ទាល់ តែ​ខាង​ភាគី​ប្រពន្ធ អេ ភូថង មិនទាន់​ព្រម​»​។

ចំណែក ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​កាលពី​ពេល​គ្រោះថ្នាក់​នោះ ក្រុមគ្រួសារ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ខណ្ឌ​ច្បារអំពៅ ប៉ុន្តែ​ក្រោយ​មក​លោកគ្រូ អេ ភូថង ប្រាប់​ឲ្យ​ដក​ពាក្យបណ្តឹង​វិញ ព្រោះ​ខាង​ម្ចាស់​ឡាន​សងលុយ​ ៥ ​ម៉ឺន​ដុល្លារ ហើយ​ជា​បន្ត​បន្ទាប់​មក​ជាង​ ១ ​ឆ្នាំ​ស្ងាត់ឈឹង​តែ​ម្តង​»​។

កីឡាករ ម៉ន រដ្ឋា ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់​ខ្លួន​ពិការ​និយាយ​ថា​៖ «​កាលនោះ​ក្រោយ​ការវះកាត់ ខ្ញុំ​សន្លប់​ច្រើន​ថ្ងៃ ហើយ​ក៏​មិនបាន​ដឹង និង​រវល់​រឿង​លុយ​អ្វី​ដែរ ប៉ុន្តែ ម៉ន សាម៉េត លោកគ្រូ អេ ភូថង ប្រពន្ធ និង​កូន​គាត់ ឈ្មោះ អេ យ៉ានុត ជា​អ្នកចាត់ចែង​រឿង​លុយ​គឺ​គ្រប់​ជំនួយ​ជា​ថវិកា បង​ខ្ញុំ និង​គ្រួសារ​បាន​ប្រគល់​ឲ្យ​លោកគ្រូ​ អេ និង​ប្រពន្ធ​តាម​ចំនួន​ដែល​ខ្ញុំ​បាន​រៀបរាប់​ក្នុង​កំណត់ហេតុ​រួចហើយ ប៉ុន្តែ​ការទទួល​មក​វិញ​សម្រាប់​ការព្យាបាល​នៅ​ផ្ទះ​វិញ​គឺ​គាត់​ឲ្យ​តាម​វីង​ត្រឹម​ ១ ​ពាន់​ដុល្លារ​ទេ​»​។

ម៉ន រដ្ឋា បាន​បញ្ជាក់​ថា​៖ «​មុន​ផ្ទុះ​រឿងនេះ ខ្ញុំ​បានស្នើ​សុំ​គ្រូ អេ ភូថង យូរហើយ បើ​មិន​ដោះស្រាយ​ទេ ខ្ញុំ​នឹង​ទម្លាយ​រឿងនេះ​តាម​ហ្វេសប៊ុក ប៉ុន្តែ អេ ភូថង បាន​គំរាម​ចាប់​ខ្ញុំ​ដាក់គុក និង​ឲ្យ​ម្ចាស់​ឡាន​ទារលុយ​វិញ ហើយ​បាន​ឲ្យ​ខ្ញុំ​សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​គេ​ព្យាបាល​មិន​ទាំង​យក​ ១ ​សេន​ផង​នោះ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អេ ភូថង និង​ភរិយា បាន​ទេ​ក្នុង​រឿងនេះ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ៧ ខែ​សីហា​កន្លង​មក​នេះ​លោក អេ ភូថង និង​អ្នកស្រី សូ ម៉ាលី ជា​ភរិយា បាន​ឡាយ​ហ្វេសប៊ុក ដើម្បី​បកស្រាយ​លើ​បញ្ហា​នេះ​ជាង​ ១ ​ម៉ោង ហើយ​លោក​បាន​ច្រានចោល​នៅ​រាល់​ការចោទប្រកាន់​ទាំងនោះ​។

អេ ភូថង បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ខំ​ជួយ​វា (​ម៉ន រដ្ឋា ពេល​មាន​របួសធ្ងន់​) ខ្លាច​វា​ងាប់ ព្រោះ​កូនសិស្ស​ដូចជា​កូន​យើង​ដែរ ប៉ុន្តែ​ចុងក្រោយ​ពេល​វា​ជាសះស្បើយ​ជាង​ ១ ​ឆ្នាំ វា​លេង​យើង​តែ​ម្តង​។ បើសិន​ជា ម៉ន រដ្ឋា និង​ក្រុមគ្រួសារ​ច្បាស់​ថា ខ្ញុំ​យក​លុយ​ ៥ ​ម៉ឺន​ដុល្លារ​មែន ប្តឹង​ខ្ញុំ​តែ​ម្តង​ទៅ ព្រោះ​ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​លុយ​ទាំង​នោះទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ពេល​នឹង​ឆ្លើយតប​លើ​រឿងនេះ​ទៀត​ដែរ គឺ​មាន​តែ​ចាំ​ជួបគ្នា​នៅ​តុលាការ​វិញ​ម្តង​»​។

ចំណែក​លោក អ៊ូ វុធ មេធាវី​ប្រចាំ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​និយាយថា​៖ «​បើ​ភាគី​ម្ខាង​ចោទ ម្ខាង​ទៀត​ប្រកែក​នោះ បញ្ហា​នីតិវិធី​មិនមែន​ទាល់ច្រក​ដោះ​មិន​ចេញ​នោះ​ទេ គឺ​សូម្បីតែ​ការសន្ទនា​តាម​ទូរស័ព្ទ​ក៏​ជា​ភ័ស្តុតាង​មួយ​សំខាន់ ហើយ​សម័យ​ទំនើប​ងាយស្រួល​ស្រាវជ្រាវ មិនមែន​គ្រប់​រឿង​ភាគី​ណា ក៏​ចេះ​តែ​ដោះសារ​បាន​តាម​អំពើ​ចិត្ត​នោះទេ​»​។ លោក​បន្ថែម​ថា​៖ «​ចោរ​វា​មិន​ដែល​សារភាព មុន​យើង​រក​ភ័ស្តុតាង ឬ​សាក្សី​បាន​គ្រប់គ្រាន់​នោះ​ឡើយ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។