ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានជំរុញ និងលើកទឹកចិត្តឱ្យគ្រូអប់រំកាយ និងកីឡា ចំនួន ២៥១ នាក់ ដែលទើបបានបញ្ចប់ការសិក្សាផ្នែកគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី២៧ និងជំនាន់ទី២៨ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះ ត្រូវយកចំណេះដឹងដែលខ្លួនទទួលបានទៅចូលរួមជួយបណ្តុះបណ្តាលថ្នាលកីឡាជំនាន់ក្រោយ នៅតាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី២៧ (ឆ្នាំ២០១៨-២០១៩) និងជំនាន់ទី២៨ (ឆ្នាំ២០១៩-២០២០) សរុបចំនួន ២៥១ នាក់ កាលពីព្រឹកថ្ងៃពុធ លោក ហង់ជួន ណារ៉ុន បានធ្វើការវាយតម្លៃខ្ពស់ទៅលើវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាលបានធនធានមនុស្សជាគ្រូអប់រំកាយ និងកីឡា ទាំង ២៥១ នាក់។
លោករដ្ឋមន្រ្តីបានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារថ្មីៗនេះ របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយជោគជ័យក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា ហើយពួកគាត់នឹងក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា»។
ជាមួយគ្នានេះ លោក ណារ៉ុន បានលើកទឹកចិត្តឱ្យគ្រូៗទាំងនោះ ត្រូវចូលរួមជួយបណ្តុះថ្នាលកីឡា នៅតាមគ្រឹះស្ថានសិក្សា។ «ខ្ញុំសង្ឃឹមថា លោកគ្រូ និងអ្នកគ្រូ ដែលបានបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តដោយការយកចិត្តទុកដាក់ ដោយផ្សារភ្ជាប់ជាមួយការហាត់ហ្វឹកហ្វឺនក្នុងការលើកកម្ពស់ប្រភេទកីឡាផ្សេងៗនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា គឺធ្វើយ៉ាងណាត្រូវបណ្តុះថ្នាលកីឡាករ កីឡាការិនីជំនាន់ក្រោយឱ្យបានលទ្ធផលល្អ ដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សដោយគុណភាព និងប្រសិទ្ធភាព ដែលក្លាយជាសសរទ្រូងអភិវឌ្ឍប្រទេសជាតិ»។
ចំណែកលោក Mikami Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រនោះ តំណាងឱ្យអង្គការ JICA និងអង្គការបេះដូងមាស បានថ្លែងថា៖ «ខ្ញុំសូមចូលរួមអបអរអស់ពីដួងចិត្តដល់ក្មួយៗទាំងអស់គ្នា ដែលបានសម្រេចគោលដៅសំខាន់មួយ នៅក្នុងជីវិតរបស់ក្មួយៗ ហើយខ្ញុំជឿជាក់ថា អ្វីដែលក្មួយៗបានសិក្សានៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នឹងក្លាយជាទ្រព្យសម្បត្តិ ដ៏មានតម្លៃ ដែលគ្មានអ្វីអាចមកប្រៀបផ្ទឹមបាន អ៊ីចឹងក្មួយៗគួរតែមានមោទនភាព ចំពោះអ្វីដែលខ្លួនបានសម្រេច»។
លោក Mikami Masahiro ក៏មានការជឿជាក់ដែរថា គ្រូអប់រំកាយ និងកីឡាទាំង ២៥១ នាក់នេះ នឹងអាចបំពេញភារកិច្ច ដែលថ្នាក់លើបានដាក់ឱ្យគឺការជួយបណ្តុះថ្នាលកីឡាជំនាន់ក្រោយនៅតាមគ្រឹះស្ថានសិក្សា។ លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលកំពុងជួបជុំគ្នា នៅទីនេះ នឹងបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងព្យាយាមជម្នះរាល់ឧបសគ្គ ដោយប្រើប្រាស់នូវបទពិសោធ និងចំណេះដឹង ដែលអ្នកទាំងអស់គ្នាទទួលបាននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហើយខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាក្លាយជាគ្រូ ដែលគួរឱ្យកោតសរសើរ»៕