ក្រុងឡុងដ៍​: នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស លោក Boris Johnson បាន​គាំ​ទ្រ​ការ​រួម​គ្នា​ដេញ​ថ្លៃ​នា​ពេល​ខាង​មុខ ពី​ប្រទេស​អង់​គ្លេស ស្កុត​ឡេន វេលស៍ អៀរ​ឡង់​ខាង​ជើង និង​សា​ធារ​ណ​រដ្ឋ​អៀរ​ឡង់ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ឆ្នាំ ២០៣០ (World Cup 2030)។

ដំណើរ​ការ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ ដើម្បី​ដណ្ដើម​សិទ្ធិ​រៀប​ចំ​​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​ធ្វើ​ឡើង​ នៅ​ឆ្នាំ​ក្រោយ ដោយ​ FIFA ដែលជា​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​ពិភពលោក​។ ការ​សិក្សា​អំពី​លទ្ធ​ភាព​នានា កំពុង​ប្រព្រឹត្ត​ទៅ ខណៈ​សហ​ព័ន្ធ​បាល់​ទាត់របស់​ចក្រ​ភព​អង់​គ្លេស (FA) និង​អៀរ​ឡង់ កំពុង​ពិនិត្យ​នូវ​រាល់​ជម្រើសផ្សេង​ៗ សម្រាប់​ការ​ដេញ​ថ្លៃ​រួម​គ្នា​នេះ​។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ The Sun លោក Johnson បាន​ថ្លែង​ថា​៖ «​យើង​ពិត​ជា​ចង់​ខ្លាំង​ណាស់ ក្នុង​នាំ​យក​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​មក​ប្រទេសរបស់​យើង ក្នុង​ឆ្នាំ​ ២០៣០។ ខ្ញុំ​ពិត​ជា​មាន​ជំនឿយ៉ាង​មុត​មាំ​ថា វា​ជា​កន្លែង​ដ៏​ស័ក្ដិ​សម​បំផុត​។ វា​ជា​ទឹក​ដី​កំណើត​របស់​បាល់​ទាត់ ពោល​គឺ​វា​ជា​ពេល​វេលា​សមរម្យ។ វា​នឹង​កា្លយជា​រឿង​ដ៏​អស្ចារ្យ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​»​។​​

FA បាន​ឱ្យ​ដឹង នៅ​លើ​បណ្តាញ​សង្គម Twitter ថា ខ្លួន​ស្វា​គមន៍​ចំពោះ​ការ​សន្យា​របស់​រដ្ឋា​ភិបាល ក្នុង​ផ្ដល់​នូវ​ទឹក​ប្រាក់​ចំនួន ២,៨ លាន​ផោន (ជិត ៤ លាន​ដុល្លារ​) ​ពាក់​ព័ន្ធ​នឹង​​ដំណើរ​ការ​ដេញ​ថ្លៃ​ដែល​អាច​កើត​មាន​ សម្រាប់រៀប​ចំ​​ព្រឹត្តិ​ការណ៍ World Cup 2030។

ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម ដែល​ចេញ​ដោយ FA និង​សហព័ន្ធ​បាល់​ទាត់​របស់​ប្រទេស​ស្កុត​ឡេន វេលស៍ អៀរ​ឡង់​ខាង​ជើង និង​សា​ធារ​ណ​រដ្ឋ​អៀរ​ឡង់ កាល​ពី​ថ្ងៃ​ចន្ទ បាន​ឱ្យ​ដឹង​ថា​៖ «​សហព័ន្ធ​បាល់​ទាត់ និង​ដៃ​គូ​រដ្ឋា​ភិបាលរបស់​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់ មាន​ក្ដី​សោមន្ស​រីក​រាយ​ ដែល​រដ្ឋា​ភិបាល​ចក្រភព​អង់​គ្លេស បាន​ប្ដេជ្ញា​គាំទ្រការ​រួម​គ្នា​ដេញ​ថ្លៃ ៥ សហព័ន្ធ នា​ពេល​ខាង​មុខ ដើម្បី​សុំ​រៀប​ចំ​ព្រឹត្តិការណ៍ FIFA World Cup 2030​»​។

សេចក្ដី​ប្រកាស​រួម​នោះបាន​បន្ត​ថា​៖ «​យើង​នឹង​បន្ត​ការងារ ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​វាយ​តម្លៃ​ពី​លទ្ធភាព​នៃ​ការ​ដេញ​ថ្លៃ មុនពេល FIFA បើក​​ដំណើរ​ការ​ប្រជែង​ជា​ផ្លូវ​ការ នៅ​ឆ្នាំ ២០២២។ ការ​បាន​រៀប​ចំ FIFA World Cup នឹង​ផ្តល់​នូវ​ឱកាស​យ៉ាង​ធំ ក្នុង​ការ​​ផ្តល់​នូវ​​អត្ថ​ប្រយោជន៍​ជាក់​ស្តែង សម្រាប់​ប្រជា​ជាតិ​របស់​យើង»​។

«​ប្រសិន​បើ​ការ​សម្រេច ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ដេញ​ថ្លៃ​សុំ​សិទ្ធ​រៀប​ចំ​ព្រឹត្តិ​ការណ៍​នេះ យើង​មាន​គម្រោង​ផែន​ការ​ ក្នុង​ការ​ធ្វើ​ការ​បង្ហាញ​ពីសំណើធ្វើ​ម្ចាស់​ផ្ទះ​របស់​យើងដល់​ FIFA និង​សហគមន៍​បាល់​ទាត់​ពិភពលោក​ដ៏​ទូលំ​ទូលាយ​នេះ​»​។​ នេះ​ជា​អ្វី​ ដែល​សេចក្ដី​ប្រកាស​រួម​នោះ បាន​ឱ្យ​ដឹង​បន្ថែម​។

ប្រទេស​អង់គ្លេស មិន​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ឡើយ គិត​តាំង​ពី​ដណ្ដើម​បាន​សិទ្ធិ​នេះ ម្ដង​គត់ក្នុង​ឆ្នាំ​ ១៩៦៦ ដែល​ពេល​នោះ​ក្រុម​តោ​កំណាចស្គាល់​រសជាតិលើក​ពាន​​ ក្នុង​​ព្រឹត្តិការណ៍​ដ៏​ធំនេះ ​លើក​ដំបូង​ ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​​​។

World Cup 2022 នឹង​​កើត​ឡើង​ នៅ​ប្រទេស​កាតា ខណៈ​ឆ្នាំ​ ២០២៦ ត្រូវរៀប​ចំ ក្នុង​ប្រទេស​ ៣ រួម​គ្នា មានសហរដ្ឋ​អាមេរិក កាណាដា និង​ម៉ិក​ស៊ិក​៕ AFP/VN