ភ្នំពេញ៖ បន្ទាប់​ពី​ពន្យារពេល​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក ​ក្នុង​គម្រោង​រៀបចំ​ផ្ដួចផ្ដើម​ព្រឹត្តិការណ៍​កីឡា​រត់​ និង​ថ្មើរ​ជើង​ ដែល​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Green-G8 នោះ គឺ​ពេល​នេះ​ បាន​កំណត់​ពេល​វេលា​ជា​ថ្មី ​ដោយ​បង្កើត​​ព្រឹត្តិការណ៍​រត់​ប្រណាំង និង​ថ្មើរ​ជើង​លើ​ភ្នំ​គូលែន នៅ​ខេត្ត​សៀមរាប ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Kulen Mountain Trek-Run ហើយ​កម្មវិធី​ថ្មី​​នេះ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី ១៤ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០​​។

តាម​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ចុង​សប្តាហ៍​បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តំបន់​ប្រវត្តិសាស្ដ្រ​ភ្នំ​គូលែន​ ខេត្ត​សៀមរាប ​ជា​លើក​ដំបូង​សម្រាប់​ក្រសួង​បរិស្ថាន ​ដែល​ផ្តោត​ចាប់​យក​​កីឡា​ ដើម្បី​សហការ​ក្នុង​កិច្ច​ការងារ​របស់​ខ្លួន​។

លោក ​សៅ​ សុភាព ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖ «​កម្មវិធី​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សម្រស់​ធម្មជាតិ​ និង​បរិស្ថាន​ ក៏​ដូច​ជា​ផ្សព្វផ្សាយ​នូវ​តំបន់​វប្បធម៌​ប្រវត្តិសាស្រ្ត​នៃ​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន​ដែរ។ ​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​លើក​ដំបូង​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​លើក​កម្ពស់​ធម្មជាតិ​ និង​វប្បធម៌ ដែល​ក្រសួង​បរិស្ថាន​បាន​ផ្ដួចផ្ដើម ​និង​សហការ​ជាមួយ​ក្រុមហ៊ុន Green-G8​»។​

លោក ​សៅ​ សុភាព​ បាន​បន្ថែម​ថា​៖ ​«​ដើម​ឡើយ​កម្មវិធី​កីឡា​នេះ ​គ្រោង​រៀបចំ​​នៅ​ខែ​កក្កដា ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ១៩​ គណៈ​កម្មការ​រៀបចំ​ក៏​សម្រេច​លើក ​ទៅ​ខែ​តុលា​ ហើយ​ដោយសារ​ខែ​តុលា​ ទំនង​ដូចជា​មិន​សមស្រប​ គឺ​គណៈកម្មការ​រៀបចំ​សម្រេច​ជា​ចុង​ក្រោយ​លើ​ព្រឹត្តិការណ៍​នេះ​ ទៅ​ធ្វើ​នៅ​ថ្ងៃទី ១៤ ខែ ​វិច្ឆិកា​ ឆ្នាំ ​២០២០​​។ ជាមួយ​គ្នា​នេះ ​ដោយ​បញ្ហា​កូវីដ ​១៩ ធ្វើ​ឲ្យ​ការ​ចុះ​ឈ្មោះ​ចូលរួម​របស់​យើង​ទើប​តែ​ទទួល​បាន​អ្នក​ចុះ​ជំហាន​ដំបូង​ ត្រឹម ​៣០០ នាក់​ប៉ុណ្ណោះ​ ទាំង​ខ្មែរ និង​បរទេស​ ខណៈ​ជន​បរទេស​ខក​ខាន​ច្រើន​។

ទាក់ទង​ទៅ​នឹង​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​វិញ​ លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដដែល​នេះ បាន​​បន្ដ​ថា ការ​រៀបចំ​លើក​ដំបូង​នេះ​ គឺ​មាន ​២ ​វិញ្ញាសា​ រួម​មាន​រត់​ចម្ងាយ ​១៨ ​គីឡូម៉ែត្រ​ និង ៨ គីឡូម៉ែត្រ​ ព្រម​ទាំង​ដើរ​ថ្មើរ​ជើង​លក្ខណៈ​កម្សាន្ត​ផង​ដែរ​ ហើយ​បើ​សិន​ការ​រៀបចំ​លើក​ទី១​នេះ ទទួល​បាន​ជោគជ័យ​ក្រសួង​បរិស្ថាន​នឹង​បន្ដ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ព្រម​ទាំង​គ្រោង​ផ្លាស់​ប្ដូរ​ផ្លូវ​រត់​​ និង​ពង្រីក​វិញ្ញាសា​រត់​កាន់​តែ​ឆ្ងាយ​ទៀត​ផង ដើម្បី​កៀងគរ​ផលប្រយោជន៍​ជូន​ជាតិ​ផង ​និង​ប្រជាពល​រដ្ឋ​ ប្រកប​របរ​ក្នុង​មូលដ្ឋាន​ផង ​អាច​ទទួល​បាន​ពី​ផល​នេះ​ដែរ​។

ចំណែក​លោក ​Jessie ​Atienza​ សហ​ស្ថាបនិក​ក្រុមហ៊ុន Green-G8 ដែល​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​បញ្ជាក់​ថា ជុំវិញ​ការ​ចុះ​ឈ្មោះ​​ចូល​រួម​រត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​តម្រូវ​ឲ្យ​បង់​លុយ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ ការ​ចុះ​ឈ្មោះ​ចូលរួម​មាន​តម្លៃ​ទាប​ជាង​ជន​បរទេស​ ហើយ​ថវិកា​បាន​មក ​គឺ​សម្រាប់​ឲ្យ​​គណៈកម្មការ​រៀបចំ​សម្ភារ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ជូន​ដល់​អ្នក​ចូលរួម​ទាំង​អស់​វិញ​ប៉ុណ្ណោះ​​៕​