ភ្នំពេញៈ ការខិតខំ​ប្រឹងប្រែង តស៊ូ​ទាំង​ការហ្វឹកហាត់ និង​ការប្រកួត​មាន ដែល​មាន​លក្ខណៈ​ស្វិតស្វាញ និង​ទទួល​បាន​លទ្ធផល​ឈ្នះ​កីឡាករ​ជា​រៀមច្បង​ជា​បន្តបន្ទាប់​នោះ​បាន​ជួយ​ឲ្យ​អ្នក​ប្រដាល់​វ័យក្មេង រិន ដាវីដ ឈាន​ដល់​ការសម្រេច​បំណង​ធំ​របស់​ខ្លួន​គឺ​ការជាប់​ជា​កីឡាករ​ថ្នាល​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ឆ្នាំ​ ២០១៩​។

នៅក្នុង​វ័យ​ទើប​តែ​មាន​អាយុ ១៧ ​ឆ្នាំ និង​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​បាន​តែ​ ១ ​ឆ្នាំ រិន ដាវីដ របស់​ក្លិប​នាគរាជ​ចតុមុខ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​អស្ចារ្យ ធ្វើ​ឲ្យ​មាន​ការចាប់​អារម្មណ៍​ដោយ​រូបគេ​បាន​បង្ក្រាប​ជើងចាស់​មួយ​ចំនួន និង​បាន​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​ដោយ​ទទួល​បាន​អាហារ ការស្នាក់នៅ និង​ប្រាក់ឧបត្ថម្ភ​តាម​សមត្ថភាព​ពិត​គឺ​គ្មាន​បក្ខពួក ឬ​សែស្រឡាយ​ក្នុង​ជួរ​កីឡា​អ្វី​នោះទេ​។

ចំពោះ​ការសម្រេច​បំណង​ធំ​ក្នុង​ការក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​នេះ រិន ដាវីដ ដែល​ទើប​បាន​យក​ឈ្នះ​ជើង​ខ្លាំង​មាន​បទពិសោធ​ចាស់វស្សា អេលីត ប៊ុនសិទ្ធ ដោយ​ពិន្ទុ​ដាច់​នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​នោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ការប្រកួត​ថា​៖ «​ក្តីបំណង​របស់​ខ្ញុំ​ពេល​នេះ​បាន​សម្រេច​ហើយ​គឺ​ខ្ញុំ​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កម្រិត​ថ្នាល​ក្នុង​ប្រភេទ​ ៥១ ​គីឡូក្រាម​ឆ្នាំ​ ២០១៩ ​នេះ​»​។

កីឡាករ រិន ដាវីដ គ្មាន​ឈាមជ័រ​ជា​អ្នកកីឡា​បន្ត​ពី​ឪពុកម្តាយ​នោះ​ទេ ប៉ុន្តែ​ក្មេងប្រុស​ដែល​ជា​កូន​ទី​ ២ ក្នុង​គ្រួសារ​ក្រីក្រ​មាន​បងប្អូន​ ៤ ​នាក់​រូបនេះ មាន​ចិត្ត​ចង់​ឡើង​ប្រដាល់​តែ​ម្តង​ដោយ​គេ​បាន​ឈប់រៀន ព្រោះ​ស្ថានភាព​ជីវភាព​គ្រួសារ​ក្រីក្រ​ ដ្បិតអី​ម្តាយ​របស់​គេ​ជា​កម្មការិនី​កាត់ដេរ និង​ឪពុក​ជា​អ្នកលេង​កីឡា​បាល់ទះ​ដែល​មាន​ទីលំនៅ​នៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

កីឡាករ រិន ដាវីដ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅពេល​ទទួល​បាន​ដំណឹង​ថា ជាប់​ជម្រើសជាតិ ហើយ​ឪពុកម្តាយ និង​គ្រួសារ​របស់​ខ្ញុំ​បាន​គាំទ្រ​ទាំងអស់​»​។ ឆ្លងកាត់​ការប្រកួត​ ៣៣ ​ដង ឈ្នះ​ ២៦ ចាញ់​ ៥ និង​ស្មើ​ ២ ​ដង រិន ដាវីដ ត្រូវ​បាន​គេ​កត់សម្គាល់​ថា ជា​កីឡាករ​ចិត្តធំ​ណាស់ ហ៊ាន​ចូល​វាយ​សម្រុក​គ្មាន​ញញើត នាំឲ្យ​រូបគេ​ឆាប់​ល្បីល្បាញ​ក្នុង​ចំណោម​ក្មេង​ជំនាន់​ក្រោយ​។

ប្រភព​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​បាន​ឲ្យ​ដឹងថា តាម​គោលនយោបាយ​របស់​លោក​ ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​បន្ទុក​កីឡា​បាន​សម្របសម្រួល​ឲ្យ​សាលារៀន​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ជិត​កន្លែង​ប្រមូលផ្តុំ​ក្រុម​កីឡា​ជម្រើសជាតិ​ដោយ​ផ្តល់​ឱកាស និង​ជួយ​បង្ក​លក្ខណៈ​បំពេញ​ឯកសារ​ឲ្យ​អត្តពលិក​ជម្រើស​ជាតិ​បាន​ចូលរៀន​តាម​ពេលវេលា​ដែល​បាន​កំណត់ និង​តម្រូវការ​។ ជាមួយ​គ្នា​នេះ​ដែរ អត្តពលិក​ជម្រើស​ជាតិ​នឹង​ទទួល​បាន​មាន​ការហូបចុក​ស្នាក់នៅ និង​មាន​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ព្រម​ទាំង​មាន​គ្រូពេទ្យ​ថែទាំ​សុខភាព​ជាប្រចាំ​បាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ទៀត​ផង​។

ចំណែក​លោក ភារិន ជា​ឪពុក​របស់ រិន ដាវីដ បាន​និយាយ​ថា​៖ «​កូន​ខ្ញុំ​មួយ​នេះ​ចិត្តធំ​ណាស់ ការប្រកួត​ភាគច្រើន​ប៉ះ​ជាមួយ​ជើង​ចាស់ តែ​គេ​ហ៊ាន​វ៉ៃ​មិន​ញញើត​ទេ ហើយ​បើ​តាម​កម្លាំង​ហ្វឹកហាត់ និង​ទឹកចិត្ត​ប្រកួត​វិញ ខ្ញុំ​មាន​ទំនុកចិត្ត​អនាគត​នឹង​ក្លាយ​ជា​អ្នកប្រដាល់​ឆ្នើម​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​កម្រិត​អន្តរជាតិ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​កូន​ខ្ញុំ​បាន​ជាប់​ជម្រើសជាតិ​ដោយ​គ្មាន​អស់​លុយ ឬ​បក្ខពួក​អ្វី​ទាំងអស់​គឺ​ដោយសារ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ពិនិត្យ​វាយតម្លៃ​ពី​សមត្ថភាព​របស់​កូន​ខ្ញុំ​ល្អ គឺ​ទទួល​បាន​តែ​ម្តង ហើយ​ក្រោយ​បាន​ចូល​ជម្រើសជាតិ កូន​ខ្ញុំ​នឹង​ទទួល​បាន​ការរៀនសូត្រ​ទៀត​ដោយ​មិន​ចាំបាច់​បង់ប្រាក់​ដែល​ក្រសួង​អប់រំ​នឹង​ផ្តល់​ជូន​»៕