ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង រិន ដាវីត បាន​សម្រេច​បំណង​ក្នុង​ការ​ឈ្នះ​ប្រាក់​លាន ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ជា​លើក​ទី២ នៅ​លើ​សង្វៀន​ថោន​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​រូប​គេ​បាន​យកឈ្នះ សុខ រិទ្ធ ដែល​ឡើង​ប្រកួត​ជំនួស ភួន ឡាំងកូស៊ីន នៅ​វគ្គ​ជម្រុះ ៣ ទឹក រួច​បាន​បន្តទៅ​ទាត់​ឱ្យ ហ៊ឹម គឹមរៀង ខូច​ជើង​ខាង​ឆ្វេង ត្រឹម​ទឹក​ទី១ នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ។

ជាមួយ​ជ័យជម្នះ​នេះ នាំឱ្យ រិន ដាវីត សន្សំ​បាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ជាមួយ​ទឹក​ប្រាក់​ចំនួន ៣,៤ លាន​រៀល ដើម្បី​ផ្សំ​ទិញ​ម៉ូតូ​ជិះ​មក​បំពេញ​កាត្វកិច្ច​ជា​កីឡាករ​ជម្រើសជាតិ​នៃ​ប្រដាល់​គុន​ខ្មែរ ខណៈ​ម៉ូតូ​របស់គេ ដែល​សន្សំ​លុយ​ទម្រាំ​ទិញ​បាន​ត្រូវ​ចោរលួច​បាត់​កាល​ពី​ថ្ងៃ​ចន្ទ សប្តាហ៍​មុន។

ប៉ុន្តែ រិន ដាវីត ប្រាប់​ថា រូប​គេ​មាន​អារម្មណ៍​ច្របូកច្របល់​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​នេះ។ «មុន​ប្រកួត​ចាប់​ផ្តើម ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ប្រកួត​នេះ​ពិតជា​ជួប​ឧបសគ្គ​ធំ​ណាស់ ព្រោះ​បេក្ខភាព ភួន ឡាំងកូស៊ីន ត្រូវ​បាន​ផ្លាស់ប្តូរ និង​ជំនួស​ដោយ សុខ រិទ្ធ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប ហើយ​គាត់​ជា​អ្នក​ប្រដាល់​ល្បីល្បាញ​លើ​អន្តរជាតិ​ទៀត​ផង»។

«មួយ​វិញ​ទៀត ការ​ចាប់​ឆ្នោត​ប៉ះ​ប្រកួត​គ្នា​រវាង ហ៊ឹម គឹមរៀង និង ជី ឆៃលី នោះ គឺ គឹមរៀង ចំណាយ​ពេល​តែ ២ ទឹក ផ្តួល​ឱ្យ​សន្លប់ ដើម្បី​ឈរ​ចាំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុន អ៊ីចឹង​នៅ​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់ ដោយ​គិត​ថា បើ​មាន​ឱកាស​ឈ្នះ សុខ រិទ្ធ ក្នុង​វគ្គ​ជម្រុះ ច្បាស់​ជា​កម្លាំង​ខ្ញុំ​ធ្លាក់​ចុះ​ច្រើន ដែល​អាច​នឹង​ពិបាក​ទប់ទល់​ជាមួយ ហ៊ឹម គឹមរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហេតុនេះ​ក្តី​រំពឹង​កាន់​តែ​ធ្លាក់​ចុះ»។

ដាវីត បន្ថែម​ថា៖ «ទោះបី​ជា​យ៉ាង​ណា ខ្ញុំ​បាន​ប្តូរ​យុទ្ធសាស្ត្រ​ប្រកួត ដោយ​មិន​ចំណាយ​កម្លាំង​ឱ្យ​អស់ ពេល​ជួប សុខ រិទ្ធ ពោល​គឺ​ព្យាយាម​វ៉ៃ​សន្សំ​កម្លាំង​យក​ឈ្នះ​ត្រឹម​ពិន្ទុ ដើម្បី​មាន​ឱកាស​បាន​ឡើង​ទៅ​ប៉ះ ហ៊ឹម គឹមរៀង ទើប​វ៉ៃ​ផ្តាច់​តែ​ម្តង ហើយ​ការ​គិត​របស់​ខ្ញុំ គឺ​ទទួល​បាន​លទ្ធផល​ដូច​បំណង ដោយ​ខ្ញុំ​បានឈ្នះ​ សុខ រិទ្ធ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ និង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​បាន​ទាត់ ហ៊ឹម គឹមរៀង ឱ្យ​ខូច​ជើង​តែម្តង»។

ម្ចាស់​ខ្សែ​ក្រវាត់​មាស​ទម្ងន់ ៥៤ គីឡូក្រាម នៅ​សង្វៀន PNN និង​ជា​ម្ចាស់​ពាន​លេខ ១ នៅ​ប៉ុស្តិ៍​លេខ ៥ រិន ដាវីត បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់ ហ៊ឹម គឹម​រៀង ហើយ​ឃើញ​ថា គាត់​ជ្រាយ និង​ទន់​ជើង​ក្រោម ប៉ុន្តែ​ឱប​ឡើង​ជង្គង់​លំបាក​ទប់ទល់​ណាស់ ដោយ​ខ្ញុំ​ធ្លាប់​ចាញ់​គាត់ ចំនួន ៣ លើក​មក​ហើយ ហេតុ​នេះ​ខ្ញុំ​ព្យាយាម​ទាត់​បំបែក​ជើង​ក្រោម ទើប​លទ្ធផល​បាន​ជ័យជម្នះ​ដូច​បំណង»។

យ៉ាងណា​ក៏​ដោយ កីឡាករ ហ៊ឹម គឹមរៀង បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា រូប​គេ​មាន​បញ្ហា​របួស​ជើង តាំង​ពី​ប្រកួត​ជម្រុះ​ជាមួយ ជី ឆៃលី មក​ម្ល៉េះ ចំណែក សុខ រិទ្ធ បាន​និយាយ​ដែរ​ថា ការ​ចាញ់ រិន ដាវីត លើក​នេះ គឺ​មិនមែន​ចាញ់​បច្ចេកទេស ឬ​ក្បាច់​ប្រកួត​នោះទេ ប៉ុន្តែ​ចាញ់​ដោយសារ​កម្លាំង ព្រោះ​រូប​គេ ហ្វឹកហាត់​បាន​ត្រឹម ៣ ថ្ងៃ​គត់ ក្នុង​ការ​ឡើង​មក​ប្រកួត​ជំនួស​សិស្ស​ប្អូន ឡាំងកូស៊ីន ដែល​បាន​ឈឺ​នេះ។

លោក ស្វាយ សុខុន គ្រូបង្វឹក រិន ដាវីត និយាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត ចំពោះ​ការ​ប្រឹងប្រែង​របស់ ដាវីត ព្រោះ​លទ្ធផល​ប្រកួត​មួយរយៈ​ចុង​ក្រោយ​នេះ គឺ ដាវីត បាន​ជាប់​ជម្រើសជាតិ​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន ​PNN ឈ្នះ​ពាន​ធំ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ និង​ឈ្នះ​ប្រាក់​រង្វាន់​ធំ នៅ​សង្វៀន​ថោន​នេះ​ចំនួន ២ លើក​ហើយ ដោយ​វា​កំពុងតែ​ល្បី​ខ្លាំង និង​វ៉ៃ​បាន​ទាំង​ក្នុង​ទម្ងន់ ៥៤ និង ៥៧ គីឡូក្រាម»។

គ្រូបង្វឹក​រូបនេះ បាន​បន្ថែម​ថា៖ «ទោះបី​ក្លិប​របស់​ខ្ញុំ​មិនមាន​គោលការណ៍​កាត់​ប្រាក់ ឬ​ដក​ភាគរយ​ពី​ការ​ប្រកួត​របស់​កីឡាករ ប៉ុន្តែ រិន ដេវីត ជា​សិស្ស​គំរូ ដោយ​ពេល​ប្រកួត គេ​តែងតែ​ជួយ​លុយ​ថ្លៃ​ទិញ​ម្ហូប​ផង​ដែរ ដូចជា​កាល​ឈ្នះ​ខ្សែក្រវាត់​នៅ PNN គេ​បាន​ជួយ​ដល់​ក្លិប​ចំនួន ១ ០០០ ដុល្លារ ហេតុនេះ​ខ្ញុំ​មាន​ការ​សាទរ និង​លើក​ទឹក​ចិត្ត​ឱ្យ​គេ​ខំ​បន្ត ​ដើម្បី​បាន​ប្រាក់​ទិញ​ម៉ូតូ​ម្តង​ទៀត»៕