ភ្នំពេញ៖ ​​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​នៃ​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ រិន ដាវីត បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ហើយ គឺ​ការ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់ យ៉ន ពិសី ដោយ​ពិន្ទុ ដើម្បី​​ក្លាយ​ជា​ម្ចាស់​ជើងឯក​នៃ​ការ​ប្រកួត​ដណ្តើម​ពាន TV5 Boxing Knock Out Serie ទម្ងន់ ​៥៤ ​គីឡូក្រាម បន្ទាប់​ពី​រូប​គេ​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជាង ​៤ ​ឆ្នាំ។

ការ​យក​ឈ្នះ​លើ​ យ៉ន ពិសី ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៣-២ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ វា​មិន​ត្រឹមតែ​ជា​ការ​រក​ឃើញ​ជោគជ័យ​យ៉ាង​សំខាន់​នៅ​ក្នុង​អាជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ពេល​ដែល​ រិន ដាវីត ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ចំនួន ​៤ ០០០ ដុល្លារ ជា​លើក​ដំបូង​ផង​ដែរ ខណៈ​ ​យ៉ន ​ពិសី​ បាន​​​ ២ ០០០ ​ដុល្លារ​។ ចំណែក ឡុង ខេត្ត ​បាន​យក​ឈ្នះ​ពិន្ទុ​លើ សាន់ សំអុន ក្នុង​ការ​ប្រកួត​យក​លេខ ​៣ ដើម្បី​បាន​ប្រាក់ ​៧៥០ ​ដុល្លារ ហើយ​អ្នក​លេខ ​៤ សាន់ សំអុន បាន ​៥០០ ដុល្លារ។

រិន ​ដាវិត​ មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​ការ​ឈ្នះ​បាន​ពាន​ជា​លើក​ដំបូង​នេះ។ ដាវីត បាន​​និយាយ​​ក្រោយ​ប្រកួត​ថា​៖​ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង ​ដោយសារ​ទទួល​បាន​ជោគជ័យ​លើ​អាជីព​មួយ​នេះ​។ ​ខ្ញុំ​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៤ ​ដើម្បី​បាន​ចូល​ប្រឡូក​ប្រដាល់​ពេញ​លេញ​នៅ​ក្នុង​ឆ្នាំ ​២០១៦ ​ព្រោះ​ខ្ញុំ​បាន​​មើល​ឃើញ​ពី​ជីវភាព​របស់​គ្រួសារ​ខ្ញុំ ​ក្រ​លំបាក​ពេក​ គឺ​អ្នក​ម្តាយ​គាត់​កាត់​ដេរ ​និង​លោក​ឪពុកជា​អ្នក​កីឡា​បាល់​ទះ»​។

ជាមួយ​គ្នា​នេះ រិន ដាវីត បាន​​ប្រាប់​ថា សម្រាប់​ប្រាក់​រង្វាន់​ចំនួន ​៤ ០០០ ដុល្លារ ដែល​រូប​គេ​ទទួល​បាន​ពី​ការ​ឈ្នះ​​ពាន​នេះ គឺ​នឹង​យក​ទៅ​ប្រគល់​ជូន​ដល់​ម្តាយ​របស់​ខ្លួន​ទាំង​អស់ ដើម្បី​ឱ្យ​គាត់​យក​ទៅ​សង​បំណុល​គេ។ «​នេះ​ជា​លើក​ទី​១ ហើយ​ ដែល​​ខ្ញុំ​បាន​​ឈ្នះ​ពាន​ និង​ទឹក​ប្រាក់​ចំនួន ​៤​ ០០០ ​ដុល្លារ​នេះ ហើយ​ប្រាក់​រង្វាន់​នេះ ខ្ញុំ​នឹង​​យក​ទៅ​ជូន​​ម្តាយខ្ញុំ​ទាំង​អស់​ ដើម្បី​ជីវភាព​​ព្រោះ​គាត់​ជំពាក់​គេ​ច្រើន»​។​

សិស្សគណ​ក្លិប​នាគរាជ​ចតុមុខ រិន ដាវីត ​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​​ថា​​៖ «​ខ្ញុំ​ជា​កូនទី ​២ ក្នុង​ចំណោម​បងប្អូន​ ​៤ ​នាក់​ ​ដែល​ចេញ​មក​រក​លុយ ​ដើម្បី​គ្រួសារ​ក្នុង​មុខ​របរ​ឡើង​ប្រដាល់​ ហើយ​ទទួល​បាន​ផ្លែ​ផ្កា​គួរ​សម ​ទោះបី​​ជា​បាន​ជួប​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ហើយ​​គិត​មក​ដល់​ពេល​នេះ​ ប្រាក់​ចំណូល​របស់​ខ្ញុំ​ គឺ​ខ្ញុំ​ជាប់​ជម្រើស​ជាតិ​ ១ ​ខែ​បាន ​៤៥០ ​ដុល្លារ ​រួម​ទាំង​ប្រាក់​បាន​ពី​​​ការ​ប្រកួត​តាម​សង្វៀន​ប្រដាល់​ឯកជន​ទៀត ​អ៊ីចឹង​​ក្នុង ​១ ​ខែៗ ខ្ញុំ​​ទទួល​បាន​ខ្ទង់​ពាន់​ដុល្លារ ​ដើម្បី​ជួយ​គ្រួសារ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រ​សើរ​ជាង​មុន ​គឺ​ម្តាយ​ខ្ញុំ​ឈប់​ពី​កម្មការិនី​កាត់​ដេរ​មក​ធ្វើ​មេ​ផ្ទះ​វិញ​»។​

បន្ទាប់​ពី​ការ​ឈ្នះ​ពាន ជា​លើក​ដំបូង​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​នេះ រិន ដាវីត នឹង​ត្រូវ​ត្រៀម​ខ្លួន​ប្រកួត​កាន់​តែ​សំខាន់​មួយ​នេះ គឺ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៤ ​គីឡូក្រាម ជាមួយ ភួន ឡាំងកូស៊ីន នៅ​លើ​សង្វៀន PNN ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​២៤ ខែ ​មករា ឆ្នាំ ​២០២១ ​នេះ ខណៈ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នេះ នឹង​បាន​ប្រាក់​រង្វាន់​រហូត​ដល់ ​៣០ ​លាន​រៀល។

សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ ភួន ឡាំងកូស៊ីន នេះ រិន ​ដាវីត មាន​សង្ឃឹម​ខ្ពស់​ថា ​នឹង​អាច​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ព្រម​ទាំង​ប្រាក់​រង្វាន់ យក​ទៅ​ជួយ​​ដល់​ម្តាយ​របស់​គេ​បន្ថែម​ទៀត។ ដាវីត បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​​​នឹង​ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ​ ជាមួយ​កីឡាករ ​ភួន ឡាំង​កូស៊ីន​នៅ​​សង្វៀន ​PNN ​នា​ថ្ងៃ ​២៤​ ខែ​ មករា​ ឆ្នាំ ​២០២១​ ដណ្តើម​ប្រាក់​ចំនួន ​៧​ ៥០០ ​ដុល្លារ ​ដោយ​​ខ្ញុំ​រំពឹង​​ឈ្នះ ​៩០ ​ភាគរយ​»៕