
រិន ដាវីត បានទាត់ចូលកញ្ចឹងក ស៊ឺន ថៃសាន់ សម្រាប់ការប្រកួតបង្រ្គប់កិច្ច កាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
ភ្នំពេញ៖ កីឡាករជម្រើសជាតិ រិន ដាវីត របស់ក្លិបនាគរាជចតុមុខ បានបង្ហាញទំនុកចិត្តខ្ពស់ថា ពានរង្វាន់ នៃកម្មវិធី TV5 Boxing Knock Out Series ទម្ងន់ ៥៤ គីឡូក្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ដោយមានប្រាក់រង្វាន់ចំនួន៤០០០ដុល្លារ នឹងធ្លាក់មកលើដៃរបស់គេ ជាមិនខាន។
ការបង្ហាញពីភាពជឿជាក់នេះ បន្ទាប់ពី រិន ដាវីត បានឈ្នះកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ខណៈដៃគូប្រជែងដ៏ស្រួចស្រាវរបស់ខ្លួន គឺជើងខ្លាំង ធន់ អៀនឡៃ បានបោះបង់ចោលការប្រកួត កាលពីថ្ងៃអាទិត្យ ដោយបញ្ហាសុខភាព គឺកើតជំងឺគ្រុនឈីកភ្លាមៗ ដ៏គួរឲ្យសោកស្តាយបំផុតនោះ។
រិន ដាវីត បាននិយាយថា៖ «ខ្ញុំកំពុងតែព្រួយបារម្ភផង ស្រាប់តែដៃគូអវត្តមាន ដោយបញ្ហាសុខភាព គឺជាសំណាងរបស់ខ្ញុំ ហើយខ្ញុំរំពឹងថា នឹងឈ្នះពានរង្វាន់ និងប្រាក់ចំនួន៤០០០ដុល្លារនេះ ព្រោះដៃគូមកប្រកួតជាមួយខ្ញុំ គឺមិនជាឧបសគ្គធំនោះឡើយ ទោះបីជាកីឡាករ យ៉ន ពិសី ឬ ឡុង ខេត្ត ក៏ដោយ ដោយខ្ញុំរំពឹងឈ្នះខ្ពស់តែម្តង ដោយសារជើងខ្លាំងជាដៃគូ បានធ្លាក់ចេញអស់ហើយ»។
ចំណែក លោក ធន់ សុភា គ្រូបង្វឹក ធន់ អៀនឡៃ បានប្រាប់ថា៖ «ខ្ញុំមានការសោកស្តាយព្រោះជិតដល់ថ្ងៃប្រកួត ធន់ អៀនឡៃ ក្តៅខ្លួន ហើយពេលចូលទៅឲ្យពេទ្យពិនិត្យ គឺកើតជំងឺគ្រុនឈីក តែម្តង»។
លោក បន្តថា៖ «យើងស្តាយមែន ប៉ុន្តែសុខភាពសំខាន់ណាស់ ហើយជំងឺនេះ ក៏នឹងអាចធ្វើឲ្យ ធន់ អៀនឡៃ គ្មានឱកាស បានប្រកួតដណ្តើមយកចំណាត់លេខ ៣ នោះដែរ មើលទៅ»។

យ៉ាងណាក៏ដោយ លោក ញាន សុធី អ្នកគ្រប់គ្រងការផ្គូផ្គងកីឡាករ នៅសង្វៀនប៉ុស្តិ៍លេខ៥ បានប្រាប់ថា៖ «តាមការសហការជាមួយមន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺយើងធ្វើ ដោយយោងទៅតាមបច្ចេកទេស គឺអ្នកមានឈ្មោះឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីចាញ់គ្រប់ការប្រកួត ឬខកខានការប្រកួត ក៏នឹងទទួលបានលេខ៤ ជាស្វ័យប្រវត្តិដែរ ព្រោះយើងត្រៀមជយលាភីដល់លេខ៤។ ប៉ុន្តែ ធន់ អៀនឡៃ ប្រហែលជាជាសះស្បើយទាន់ពេល ដើម្បីមកប្រកួតដណ្តើមយកលេខ៣ ព្រោះការប្រកួតនេះ យ៉ាងហោចណាស់ក៏៤សប្តាហ៍ទៀតដែរ»។
គួរបញ្ជាក់ថា ការបោះបង់ចោលការប្រកួតរបស់ ធន់ អៀនឡៃ កាលពីថ្ងៃអាទិត្យនោះ គឺគណៈកម្មការរៀបចំ បានសម្រេចដាក់ឲ្យ រិន ដាវីត ប្រកួតមិត្តភាពជាមួយ ស៊ឺន ថៃសាន់ ជំនួសវិញ ហើយជាលទ្ធផលនៃការប្រកួតបង្រ្គប់កិច្ចនោះ រិន ដាវីត បានយកឈ្នះ ស៊ឺន ថៃសាន់ ដោយពិន្ទុដាច់៕