ភ្នំពេញ៖ ​កីឡាករ​វ័យ​ក្មេង​​កំពុង​លេច​ធ្លោ​មាន​បទពិសោធ​ល្អ​ ​២ ​នាក់ ​គឺ ​រិន ​ដេវីដ ​និង ​ពេជ្រ​ ប៊ុនសិទ្ធ​ អាច​នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ណា​មួយ​នៃ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៥៧ ​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ហើយ​ការ​វាយ​តម្លៃ​បែប​នេះ ក៏​ព្រោះ​តែ​អ្នក​ទាំង ​២ នេះ មាន​បច្ចេកទេស​ប្រកួត​ល្អ​បំផុត និង​មាន​ប្រៀប​ជាង​បេក្ខភាព​​ជា​ជើង​ថ្មី ​២ ធន់ ផានិត និង ឃន គឹមហេង។

យ៉ាង​ណា​ក៏​ដោយ ដោយសារ​​ការ​ប្រកួត​​នេះ តម្រូវ​ឲ្យ​ចាប់​ឆ្នោត​ភ្លាមៗ​មុន​ប្រកួត​បែប​នេះ​ ​រិន ​ដេវីដ ​និង ​ពេជ្រ​ ប៊ុនសិទ្ធ ក៏​​អាច​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ ​៣ ទឹក​ដំបូង​ផង​ដែរ ប៉ុន្តែ​​ក្នុង​ករណី​ពួក​គេ​ចាប់​ឆ្នោត​មិន​ជួប​​គ្នា​វគ្គ​ជម្រុះ គឺ​លទ្ធផល​គេ​អាច​ព្យាករ​បាន​ថា ​ដេវីដ និង ប៊ុនសិទ្ធ ​​មាន​លទ្ធភាព​ឈ្នះ​ដៃ​គូរៀងៗ​ខ្លួន ​ដើម្បី​​ឈាន​ទៅ​ប្រកួត​គ្នា​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន ​៣ ​ទឹក​ជា​មិន​ខាន​។​

តាម​កំណត់ត្រា​ប្រកួត​ដ៏​ស្វិតស្វាញ​របស់ ពេជ្រ​ ប៊ុនសិទ្ធ​ ជាមួយ ​រិន ​ដេវីដ ​ច្រើន​លើក​កន្លង​មក ប៊ុនសិទ្ធ ​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ម្តង​ឡើយ។ លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក ​ពេជ្រ​ ប៊ុនសិទ្ធ​ និយាយ​ថា​៖ ​«ប៊ុនសិទ្ធ​ នឹង​ប៉ះ​ ​រិន ​ដេវីដ ​នៅ​ថោន​ថ្ងៃ​អាទិត្យ ដើម្បី​ដណ្តើម​ប្រាក់​លាន​ ហើយ​នៅ​ខែ​តុលា​ ខាង​មុខ ពួក​​គេ​នឹង​​ប្រកួត​គ្នា​ម្តង​ទៀត ​យក​កៅអី​វគ្គ ​៣ ​ពាន​រង្វាន់​នៅ​ប៉ុស្តិ៍​លេខ ​៥​។

លោក​បាន​បន្ថែម​ថា៖ ​«ទោះ​ជា ​ប៊ុន​សិទ្ធ ​ធ្លាប់​ចាញ់​មែន​ពិត​ ប៉ុន្តែ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​ និយាយ​ទៅ​យើង​នៅ​ខ្ចី​ជាង​បន្តិច​។ រីឯ​​​លើក​នេះ​ ខ្ញុំ​ប្តូរ​យុទ្ធសាស្ត្រ​ប្រកួត​​តែ​​សុំ​មិន​ទាន់​និយាយ​មុន​ទេ ​ដោយ​សង្ឃឹម​ឈ្នះ​វិញ​ ព្រោះ​យើង​សិក្សា​ពី​ក្បាច់​ប្រកួត ​គឺ​ចាញ់​ប្រៀប​តែ​ជង្គង់​ប៉ុណ្ណោះ​»។

ចំណែក​ រិន ​ដេវីដ ​ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​ គឺ​ជា​ក្មេង​ចេញ​ពី​ស្ថានភាព​គ្រួសារ​ក្រីក្រ​នៅ​ព្រែក​តាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​។ ដេវីដ ​ព្យាយាម​ហ្វឹកហាត់ ​និង​គោរព​វិន័យ​បាន​ល្អ ​ព្រម​ទាំង​ឡើង​ប្រកួត​ជួយ​ជីវភាព​គ្រួសារ​ផង​ដែរ​។

រិន ​ដេវីដ ​និយាយ​ថា​៖ «​ខ្ញុំ​នឹង​ព្យាយាម​ការពារ​ជ័យជម្នះ​នេះ​ឲ្យ​បាន​បន្ត​ទៀត​ ក្នុង​ទំនុក​ចិត្ត ​៨០ ​ភាគរយ​ ប៉ុន្តែ​ក្នុង​ចំណោម​បេក្ខភាព​ ​៣ នាក់​ ដែល​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​ជាមួយ​ខ្ញុំ​នេះ​ គឺ ប៊ុនសិទ្ធ​ ពិត​ជា​ខ្លាំង​មិនមែន​យក​ឈ្នះ​ដោយ​ស្រួល​នោះ​ឡើយ​»។​

ចំណែក​ជើង​ខ្លាំង​ថ្មី​វ័យ​ក្មេង​ ធន់ ផានិត និង ឃន គឹមហេង ​ដែល​ហ៊ាន​ចូល​ខ្លួន​មក​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​។ ​លោក ​ជួប​ វុត្ថា​ អ្នក​គ្រប់គ្រង​សមាសភាព​កីឡាករ​ប្រកួត​នៅ​សង្វៀន​ថោន​ និយាយ​ថា​៖ «​ធន់ ​ផានិត​ មាន​បទពិសោធ​ខ្ចី​មែន តែ​ស្ថិតិ​ប្រកួត​ល្អ​បំផុត​ និង​មាន​ប្រវត្តិ​ឈ្នះ​ជើង​ចាស់​ផង​ដែរ ​ហើយ​ថ្មីៗ​នេះ ​គេ​បាន​ផ្តួល​ជើង​ខ្លាំង​ជម្រើស​​ជាតិ​ យិប​ ឌុក​ ឲ្យ​សន្លប់​ អ៊ីចឹង​ហើយ​ទើប​យើង​​សម្រេច​ដាក់​ឲ្យ​ប្រកួត​ក្នុង​កម្មវិធី​ដណ្តើម​ប្រាក់​លាន​លើក​នេះ​»។​

ចំណែក លោក​ ធន់​ សុភា​ គ្រូ​បង្វឹក​ ​ធន់ ​ផានិត ​​ប្រាប់​​ថា​៖ «​ប្រវត្តិ​ប្រកួត​របស់​ ផានិត​ ល្អ​ណាស់ ​គឺ​ប្រកួត​ ​១២ ​លើក ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ​១១ ​លើក ​គឺ​ធ្លាប់​ចាញ់​តែ​ម្តង​គត់​ជាមួយ ​កែវ​ មនោរម្យ​ កាល​ពី​ប្រកួត​លើក​ដំបូង​ ហើយ​ក្រៅ​ពី​នេះ​ឈ្នះ​ រាប់​ទាំង​ជើង​ចាស់​ខ្លាំង​មួយ​ចំនួន​ទៀត​ផង​»។

ដោយ​ឡែក ​ឃន ​គឹម​ហេង ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ប្រាប់​ថា​ កំពុង​មាន​បច្ចេកទេស​ប្រកួត​ល្អ​ណាស់​។​ នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ថោន ​លោក គឹម ​ស្រ៊ុនកុសល ​បាន​ប្រាប់​​ថា​៖ ​«យើង​ផ្គូផ្គង​ទៅ​តាម​បច្ចេកទេស​នៃ​សមត្ថភាព​ ​ព្រោះ​មាន​ជើង​ថ្មី​ខ្លះ​ ប្រកួត​ល្អ​ និង​កំពុង​តែ​ឡើង​ជើង​ ហេតុ​នេះ​យើង​ផ្តល់​ឱកាស​ឲ្យ​គេ​ចូលរួម​ប្រកួត​ជាមួយ​ជើង​ចាស់​។ ​កន្លង​មក​យើង​ពិនិត្យ​សមត្ថភាព​កីឡាករ​ ទៅ​តាម​ភាព​ជាក់​ស្តែង ​ហើយ​ការ​ប្រកួត​យើង​ទទួល​បាន​លទ្ធផល​ល្អ ​និង​គាំទ្រ​ពី​មហាជន​ក៏​ដូច​ខាង​ស្ពនស័រ​ ដែល​ជួយ​កម្មវិធី»​៕​