ភ្នំពេញ៖ ​អ្នក​ប្រដាល់​ រិន​ ដេវីដ​ ក្លិប​នាគ​រាជ​ចតុមុខ ​ដែល​ចេញ​ពី​ប្រភព​កូន​អ្នក​ក្រីក្រ​បំផុត​នៅ​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល ​បាន​សាង​ស្នាដៃ​ក្នុង​អាជីព​ប្រដាល់​គុន​ខ្មែរ​ ក្នុង​រយៈ​ពេល​ខ្លី​បំផុត​ ប៉ុន្តែ​លទ្ធផល​ទទួល​បាន​មក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ភាព​លេច​ធ្លោ​ជា​បន្ត​បន្ទាប់​ ដោយ​ជាប់​ជា​ជម្រើស​ជាតិ​ចំនួន ​២ ​ឆ្នាំ ​ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ គេ​បាន​ឈ្នះ​ប្រាក់​រង្វាន់​ពី​កម្មវិធី ​Mas Fight Cambodia នៅ​សង្វៀន​ថោន ​ដោយ​ក្នុង​នោះ ដេរីដ បាន​យក​ឈ្នះ​ ពេជ្រ​ ប៊ុនសិទ្ធ ​ក្នុង​វគ្គ​ជម្រុះ និង​បន្ត​ឈ្នះ​ជើង​ខ្លាំង​ជំនាន់​ថ្មី ​ធន់​ ផានិត​ វគ្គ​ផ្តាច់ព្រ័ត្រ​ទទួល​បាន​ប្រាក់​ចំនួន ​៣​,​៤ ​លាន​​រៀល​​។​

សម្រាប់​ប្រវត្តិ​ប្រកួត​ក្នុង​រយៈ​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ រិន ​ដេវីដ ​កំពុង​លេច​ធ្លោ​ខ្លាំង​ ដោយ​ឈ្នះ​ជា​ដរាប ​ដែល​អាច​វាយ​បាន​ល្អ​ដាច់​គេ ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤​ និង ​៥៧ ​គីឡូក្រាម​ ​តែ​រូប​គេ​នៅ​មិន​ទាន់​សងសឹក​ឈ្នះ​ ហ៊ឹម​ គឹមរៀង ​ម្នាក់​គត់​។ ​បន្ទាប់​ពី​ឈ្នះ​​ប្រាក់​លាន​នេះ ​រិន ​ដេវីដ ​នៅ​សល់​ការ​ប្រកួត​ដណ្តើម​ពាន​ TV5 ​Boxing Knock Out Series​ Cell Card ១ទៀត ដែល​ឈរ​ចាំ​ជា​ស្រេច ​ក្នុង​វគ្គ ​២ ​ខណៈ​ពាន​នេះ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ​៤ ​ពាន់​ដុល្លារ​។

ចំពោះ​ស្ថានភាព​​ប្រកួត​លក្ខណៈ​ម៉ារ៉ាតុង ដណ្តើម​ប្រាក់​លាន​ទាំង ​២ ដំណាក់​កាល កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ​រិន​ ដេវីដ​ ធ្វើ​បាន​ល្អ​ ប៉ុន្តែ​តឹងតែង​បំផុត​ មុន​នឹង​ឈាន​ទៅ​ឈ្នះ​បាន​ប្រាក់​រង្វាន់​​នេះ​។ ​នៅ​ក្នុង​វគ្គ​ជម្រុះ ​៣ ទឹក​ដំបូង ដេវីដ បាន​យក​ឈ្នះ​​​ ​ពេជ្រ​ ប៊ុនសិទ្ធ ​ដោយ​មាន​ប្រៀប​ឈ្នះ​ដាច់​ក្នុង​ទឹក​ទី​២ ​និង​ទឹក​ទី​៣ ​​តាមរយៈ​ការ​​ប្រើ​ជង្គង់ ​និង​កណ្តាប់​ដៃ​បាន​ល្អ​ ព្រម​ទាំង​មាន​ទេពកោសល្យ​គេច​លឿន​មិន​ឱ្យ​ ប៊ុនសិទ្ធ​ វាយ​ចូល​ចំ​គោលដៅ​បាន​។

ប៉ុន្តែ​ រិន ដេវីដ ក៏​ឈឺ​ខ្លួន​ណាស់​ដែរ ដោយ​មាន​ស្នាម​បែក​លើ​ភ្នែក ក្រោម​ស្នាដៃ ពេជ្រ ប៊ុនសិទ្ធ​​។ ចំណែក​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ​ជាមួយ​សិស្ស​ប្អូន​ជំនាន់​ថ្មី​កូន​សិស្ស​លោក​គ្រូ ​ធន់ ​សុភា ​គឺ​កីឡាករ ​ធន់ ​ផានិត ​​ជា​ការ​ប្រកួត​ដ៏​តឹងតែង​អស្ចារ្យ​ មុន​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ​ដូច​គ្នា​។​

រិន​ ដេវីដ បាន​​និយាយ​ក្រោយ​ពេល​ឈ្នះ​ថា​​៖ ​«ខ្ញុំ​មិន​អាច​មើល​ស្រាល​សមត្ថភាព​ដៃ​គូ​ជំនាន់​ក្រោយ​ទេ​ គឺ​ខ្ញុំ​វ៉ៃ​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ មិន​ចូល​រំលោភ​នាំ​ឱ្យ​ភ្លាត់​ស្នៀត​នោះ​ឡើយ​។​ ក្នុង​ជំនួប​ប្រកួត​ទាំង ​២ ​នាក់​នេះ ​មិន​ងាយ​ស្រួល​ទេ​ ខ្ញុំ​គិត​វាយ​ស្រង់​បច្ចេកទេស​ជង្គង់ ​និង​គេច​ចេញ​ពី​ការ​សម្រុក​របស់​ដៃ​គូ»​។​

កីឡាករ​រូប​នេះ បាន​​ប្រាប់​បន្ថែម​ថា៖ ​«នៅ​ថ្ងៃ​ខាង​មុខ ​ខ្ញុំ​រំពឹង​​វ៉ៃ​យក​ខ្សែ​ក្រវាត់​ពិសេស​នៅ​សង្វៀន​លេខ ​៥ ​​ខែ​ក្រោយ​ ដោយ​ខ្ញុំ​នឹង​ប្រឹង​យក​ឈ្នះ​ឱ្យ​បាន​បន្ថែម​ទៀត​។ ​បន្ថែម​លើ​នេះ ខ្ញុំ​មាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ និង​ការ​ប្រកួត​អន្តរជាតិ​នៅ​ពេល​ក្រោយ​ តាម​ការ​រៀប​ចំ​របស់​មេៗ​»​។​

លោក​គ្រូ​បង្វឹក​វ័យ​ក្មេង​ លោក​ ធន់​ សុភា​ និង ​លោក ​ពេជ្រ ​សុផាន់ ​ដែល​មាន​កូន​សិស្ស​ប្រកួត​ចាញ់​កីឡាករ​ រិន​ ដេវីដ នោះ បាន​​កោត​សរសើរ​ចំពោះ​ រិន ​ដេវីដ​ ថា កំពុង​ឡើង​ជើង​ និង​មាន​របៀប​ប្រកួត​ឆ្លាត​។ ​ជាមួយ​គ្នា​នេះ​ការ​ឈ្នះ​របស់​គេ​ភាគ​ច្រើន ​វាយ​​ប្រើ​បច្ចេកទេស ​មិន​ហ៊ាន​ទប់ទល់​ដោយ​កម្លាំង​នោះ​ឡើយ ​ដែល​នេះ​ជា​ទេពកោសល្យ​ និង​ភាព​ខ្លាំង​របស់ ​ដេវីដ ​មក​ដល់​ពេល​នេះ​៕