ភ្នំពេញ៖ បេក្ខភាព​ទាំង ៤ នាក់ រួម​មាន រិន សារ័ត្ន, ថៃ រ៉េត, លី ភា និង ធី វ៉ារិទ្ធ ដែល​ត្រូវ​បាន​ដាក់​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់ លាន ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​លើ​សង្វៀន​ថោន ថ្ងៃ​អាទិត្យ​នេះ សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ ដែល​ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ កន្លង​មក ក្នុង​នោះ រិន សារ័ត្ន និង ថៃ រ៉េត សុទ្ធ​តែ​ធ្លាប់​ឈ្នះ​បាន​ប្រាក់​រង្វាន់​លេខ ១ ចំណែក លី ភា និង ធី វ៉ារិទ្ធ មិន​ទាន់​ឈ្នះ​ប្រាក់​លាន​មែន ប៉ុន្តែ​ការ​ប្រកួត​ល្អ​មើល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ដូចគ្នា។

យ៉ាងណា​ក៏​ដោយ តាមរយៈ​បទ​សម្ភាស រិន សារ័ត្ន ខ្លាច ថៃ រ៉េត ចំណែក ថៃ រ៉េត បែរ​ជា​ទៅ​ញញើត លី ភា ប៉ុន្តែ​អ្នក​ទាំង ២ នេះ ហាក់​មើល​រំលង ធី វ៉ារិទ្ធ ទៅ​វិញ ហើយ​ការ​ខ្លាច​ញញើត​គ្នា​នេះ ក៏​ព្រោះ​តែ រិន សារ័ត្ន ធ្លាប់​ចាញ់​សន្លប់ ដោយ​គ្មាន​ឱកាស​តដៃ​ជាមួយ ថៃ រ៉េត ចំនួន ២ លើក ប៉ុន្តែ ថៃ រ៉េត ដែល​គេ​ល្បីល្បាញ​ថា ជើង​ថ្មី​បង្ក្រាប​ជើង​ចាស់​នោះ ធ្លាប់​ចាញ់ លី ភា ដល់​ទៅ ២ លើក។ ចំណែក​វត្តមាន​របស់ ធី វ៉ារិទ្ធ ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ គឺ​មួយរយៈ​នេះ​កំពុង​ឡើង​ជើង​ខ្លាំងណាស់ ហើយ​កាល​ពី ៣ សប្តាហ៍​មុន ធី វ៉ារិទ្ធ ប្រកួត​បាន​ល្អ និង​ចាញ់​ពិន្ទុ អេលីត សាន់ ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ។

លោកស្រី​ សុខ សុខុម អ្នក​គ្រប់គ្រង​កីឡា រិន សារ័ត្ន បាន​ប្រាប់​ថា៖ «ការ​ផ្គូផ្គង​នេះ វា​ទំនង​ជា ថៃ រ៉េត មាន​ប្រៀប​ជាង​គេ ព្រោះ ថៃ រ៉េត ជា​ម្ចាស់​ប្រាក់​លាន​នេះ ២ លើក ព្រម​ទាំង​ធ្លាប់​ឈ្នះ​ប្រាក់​ពី​កម្មវិធី​ម៉ាសហ្វៃ​នេះ​ច្រើន​លើក​មក​ទៀត។ យ៉ាងណាក៏​ដោយ ខ្ញុំ​បាន​ជំរុញ សារ័ត្ន វ៉ៃ​ឱ្យ​បាន​ល្អ​ដែរ ដោយ​មាន​ទំនុក​ចិត្ត​ឈ្នះ ៦០ ភាគរយ ប៉ុន្តែ​ឧបសគ្គ​ធំ​គឺ ថៃ រ៉េត នេះ​តែ​ម្តង ប្រសិន​បើ​ចាប់​ឆ្នោត​ប៉ះ ប្រកួត​គ្នា នៅ​វគ្គ​ជម្រុះ​នោះ»។

លោកស្រី​បាន​រំឭក និង​បញ្ជាក់​ថា៖ «ពេល​ចាប់​គូ​ពី​ដំបូង ខ្ញុំ​ទទួល​ដំណឹង​ថា គ្មាន​វត្តមាន ថៃ រ៉េត ទេ គឺ​មាន សេក គឹមរួន,ផាន រះ លី ភា និង ធី វ៉ារិទ្ធ ប៉ុន្តែ​ឥឡូវ មាន​វត្តមាន ថៃ រ៉េត គឺ​លំបាក​ឈ្នះ​ណាស់។ ទោះជា​យ៉ាង ខ្ញុំ​ប្តេជ្ញា​ជួយ​លើក​ទឹកចិត្ត រិន សារ័ត្ន ដើម្បី​ប្រកួត​ឱ្យ​បាន​ល្អ»។

ចំណែក​លោក ស៊ន អេលីត គ្រូបង្វឹក លី ភា និយាយ​ថា៖ «ថៃ រ៉េត មិនមែន​ជា​ឧបសគ្គ​ធំ សម្រាប់ លី ភា ទេ ព្រោះ​ធ្លាប់​ប្រកួត​ឈ្នះ​ដល់​ទៅ ២ លើក ហើយ​បច្ចេកទេស​របស់ លី ភា គឺ​មិន​ក្រោម ថៃ រ៉េត ទេ។ ថៃ រ៉េត វ៉ៃ​សម្រុក​ខ្លាំង​ក្នុង​ទឹក​ទី១ ប៉ុន្តែ​បើ​គេ​ទប់​ជាប់ គឺ​ឈាន​ចូល​ដល់​ទឹក​បន្ទាប់ មិន​ជា​លំបាក​នោះ​ឡើយ អាច​នឹង​យកឈ្នះ​បាន។ យ៉ាងណា ខ្ញុំ​នៅ​មាន​សង្ឃឹម​ឈ្នះ ៨០ ភាគរយ​ដែរ ប៉ុន្តែ​ឧបសគ្គ​សម្រាប់ លី ភា គឺ​ ធី វ៉ារិទ្ធ ទៅ​វិញ​ទេ ដែល​កំពុង​ឡើង​ខ្លាំង​ក្នុង​អ្នក​ប្រដាល់​ទម្ងន់ ៦៣ គីឡូក្រាម​ជំនាន់​ក្រោយ»។

ចំពោះ​លោក ឡៅ ស៊ីណាត គ្រូ​ជំនួយ ថៃ រ៉េត ប្រាប់​ថា៖ «តាម​ខ្ញុំ​មើល ថៃ រ៉េត ​ដូចជា​គ្មាន​ឧបសគ្គ​ធំ​ទេ បើ​ប៉ះ ធី វ៉ារិទ្ធ និង រិន សារ័ត្ន គឺ​លើកលែង​តែ លី ភា ដែល​ធ្លាប់​ចាញ់ ២ លើក និង​ធ្លាប់​ឈ្នះ ១ លើក​ដែរ។ ប្រសិនបើ ថៃ រ៉េត មិន​ឈឺ​ខ្លួន​ទេ រវាង ៣ នាក់​នេះ នឹង​ធានា​ឈ្នះ​ខ្ពស់ ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​នេះ ថៃ រ៉េត ទើប​តែ​ប្រកួត​រួច វា​នៅ​ឈឺ​ខ្លួន​ខ្លះ តែ​ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ ៧០ ភាគរយ​ដែរ»។

ចំណែក ធី វ៉ារិទ្ធ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​គេ​សុទ្ធ​តែ​ជា​ជើង​ចាស់​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​ខ្ញុំ​ហាត់​បាន​ល្អ ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​ជឿជាក់​ថា ការ​ចាញ់ ឬ​ឈ្នះ គឺ​វេទនា​ដូចគ្នា មិនមែន​ងាយស្រួល​នោះឡើយ»៕