រុស្ស៊ី: ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី បាន​​ឆ្ពោះ​ជំហាន​​យ៉ាង​​ប្រកៀក​ឆ្ពោះ​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍ World Cup ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ​​ក្នុង​លទ្ធ​ផល ៣-១ លើ​ក្រុម​ជម្រើស​ជាតិ​​អេ​ហ្ស៊ីប បើ​ទោះ​បី​​ខ្សែ​​​ប្រយុទ្ធ​​ដ៏​មាន​ឥទ្ធិ​ពល Mohamed Salah បាន​ចូល​លេង​ក៏ដោយ​។

ក្រោយ​ពី​​ការ​ប្រកួត​ក្នុង​តង់​ទី​១​ដ៏​តាន​​តឹង ក្រោម​ដំណក់​ទឹក​ភ្លៀង ប្រធាន​ក្រុម​នៃក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប Ahmed Fathi បាន​ធ្វើ​ឲ្យ​​បាល់​ចូល​ទី​ខ្លួន​ឯង នៅ​មុន​​​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Denis Cheryshev និង Artem Dzyuba បាន​​បំពេញ​ជ័​យ​ជម្នះ ដែល​បាន​លុប​​ចោល​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​មុន​យុទ្ធ​នាការ World Cup ក្នុង​ប្រទេស​រុស្ស៊ី ថា ក្រុម​ម្ចាស់​ផ្ទះ​នឹង​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ការ​ឆ្លង​ឲ្យ​ផុតត្រឹម​វគ្គ​ចែកពូល​។

Salah បាន​រក​គ្រាប់​បាល់ជា​លើក​​​ទី​១​របស់​​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប នា​យុទ្ធ​នាការ World Cup បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៩០ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ក្រោយពី​រូប​គេ​​ត្រូវ​បាន​ទាញ​ឲ្យ​ដួល​​ក្នុង​រយៈ​ពេល​១៧​​នាទី​ចុងក្រោយ​ ប៉ុន្តែ​វា​បាន​យឺត​ពេល​បន្តិច​ទៅ​ហើយ​ក្នុង​ការ​ស្រោច​ស្រង សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប​។

ខ្សែ​បម្រើ​អន្ត​រជាតិ​រុស្ស៊ី Yuri Gazinskiy (ឆ្វេង) ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​អេ​ហ្ស៊ីប Mohamed Salah​។ AFP

ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី នឹង​ត្រូវ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប នឹង​ត្រូវ​កាត់​​ចេញ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត មិន​អាច​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូហ្គាយ នៅ​​ថ្ងៃ​ពុធនេះ​ទេ​នោះ​។

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​រីក​រាយ​បំផុត​នៃ​ជីវិត​របស់​​លោក​ ឬយ៉ាង​ណា លោក Stanislav Cherchesov គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ភាព​រីក​រាយ​នឹង​កើត​ឡើង​ជា​ច្រើន​បន្ថែម​ទៀត​»​៕ IS