ភ្នំពេញ៖ កីឡាករកម្ពុជា រឿង សារ័ត្ន បានយកឈ្នះជើងខ្លាំងរបស់ថៃ Kev Kongvan យ៉ាងតឹងតែង ហើយការឈ្នះបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឲ្យរូបគេ អាចឡើងទៅឈរនៅកំពូលតារាងក្នុងពូលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Workz ទម្ងន់ ៦៧ គីឡូក្រាម ដោយបានរុញ មាជ សុខរ៉ា ឲ្យមកឈរនៅលេខរៀងទី ២ វិញ ហើយតាមពីក្រោយដោយ ពុទ្ធ ឆាយរិទ្ធី ខណៈជើងខ្លាំង ឡុង សុភី បានដកខ្លួនចេញពីការប្រកួត ដោយបញ្ហារបួសនោះ។
តាមរយៈការប្រកួតជម្រុះសប្តាហ៍ទី ៧ នៅលើសង្វៀនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ត្រូវបានគេសង្កេតឃើញថា រឿង សារ័ត្ន ទទួលបានជ័យជម្នះយ៉ាងតឹងតែងបំផុត ហើយអ្នកទស្សនាភាគច្រើនលើសលុប សុទ្ធតែគ្មានជំនឿលើ រឿង សារ័ត្ន ថា អាចយកឈ្នះថៃ Kev Kongvan ព្រោះសូម្បីតែជើងខ្លាំងម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ក៏លំបាកឈ្នះថៃម្នាក់នេះដែរ។
ក្រោយការប្រកួតជាក់ស្តែងចំនួន ៥ ទឹកពេញ រឿង សារ័ត្ន ត្រូវបានចៅក្រម ៣ នាក់ ក្នុងចំណោម ៥ នាក់ ផ្តល់ពិន្ទុឲ្យឈ្នះថៃ Kev Kongvan ដោយមិនឯកច្ឆន្ទ ៣ ទល់នឹង ២។ស្ថានភាពប្រកួតជាក់ស្តែង ៣ ទឹកដំបូង អ្នកទាំង ២ នេះ មានលក្ខណៈប្រហាក់ប្រហែលគ្នាលំបាកនឹងកាត់សេចក្តីថា កីឡាករណាមានប្រៀបណាស់ ប៉ុន្តែចូលដល់ទឹកទី ៤ និងទី ៥ រឿងសារ័ត្ន មានប្រៀបជាងបន្តិចបន្តួចប៉ុណ្ណោះ ដោយ សារ័ត្ន ចេញក្បាច់ជង្គង់ និងស្នៀតទាត់បានច្រើនជាង។
ជុំវិញការប្រកួតចាញ់របស់ជើងខ្លាំងថៃ Kev Kongvan នាំឲ្យអ្នកទស្សនាច្រើនលើសលុប មានការមន្ទិល ចង់ដឹងមូលហេតុពិតយ៉ាងខ្លាំង ហើយការវាយសម្រុករបស់ Kev Kongvan លើកនេះមិនសូវពុះកញ្ជ្រោលដូចលើកមុនៗដែរ។
ទាក់ទងនឹងបញ្ហានេះ លោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួត បានទម្លាយអាថ៌កំបាំងរបស់ Kev Kongvan ថា៖ «វាពិតជាមានមូលហេតុ ព្រោះមុនការប្រកួតនោះ KevKongvan មានបញ្ហារាក និងក្អួត ដោយសារអាហារ ធ្វើឲ្យមានការថយចុះផ្នែកកម្លាំងមែន។ទោះជាយ៉ាងណា ការប្រកួតបានឈានចូលមកដល់ មិនអាចខកខាន ឬពន្យារពេលបានដែលធ្វើឲ្យការប្រកួតរបស់គេ វាយមិនសូវខ្លាំងដូចមុនៗមែន»។
យោងតាមលទ្ធផលនៃការប្រកួតនេះ ធ្វើឲ្យការប្រកួតជម្រុះ ៣ លើករបស់ រឿង សារ័ត្ន គឺឈ្នះ ២ ចាញ់ ១ ដង មាន ៧ ពិន្ទុ កំពុងឈរក្នុងលំដាប់លេខ ១ ពូលកម្ពុជា ជាបណ្តោះអាសន្ន ដោយរង់ចាំការប្រកួតវគ្គជម្រុះចុងក្រោយមួយលើកទៀតជាមួយថៃ Keng Kat ដើម្បីស្វែករក ៣ ពិន្ទុបន្ថែម។
ទោះបីជាយ៉ាងណា រឿង សារ័ត្ន អាចនឹងប្រឈមជាមួយការប្រជែងរបស់ មាជ សុខរ៉ាដែលសប្តាហ៍ក្រោយ ត្រូវប៉ះកីឡាករថៃ Pheach Aroun ហើយបើ មាជ សុខរ៉ា មានឱកាសឈ្នះនោះ នឹងទទួលបានពិន្ទុសរុប ៧ ពិន្ទុស្មើ ប៉ុន្តែមានប្រៀបជាងដោយសារ សុខរ៉ា ផ្តួលថៃផ្តួល Kao Ah ក្នុងទឹកទី ១។
ចំណែកកីឡាករ មាស សុជាតិ ដែលឡើងមកប្រកួតបង្រ្កប់កិច្ចជំនួសកៅអី ឡុង សុភី និង ជឹម ចិត្ត្រា ដែលបានរងរបួសដូចគ្នានោះ ត្រូវបានកីឡាករថៃ Keng Kat បុកជង្គង់ចូលពោះ បណ្តាលឲ្យសន្លប់ធំ ដេកស្អាតត្រឹមទី ២ ប៉ុណ្ណោះ។
លោក ញាន សុធី នាយកគ្រប់គ្រងការប្រកួតប្រចាំសង្វៀនអាស៊ីអាគ្នេយ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការប្រកួតវគ្គជម្រុះសន្សំពិន្ទុខ្សែក្រវាត់នេះ មានបញ្ហាលំបាកខ្លាំងណាស់នៅពេលកីឡាករណាមួយរងរបួស ហើយមិនអាចឡើងមកប្រកួតជុំក្រោយបាននោះ ព្រោះយើងត្រូវស្វែងរកកីឡាករផ្សេង មកដាក់ជំនួសភ្លាមៗ ប៉ុន្តែអ្នកដែលយើងបានដាក់ជំនួស មិនសូវល្អដូចគម្រោងនោះទេ អ៊ីចឹងវាធ្វើឲ្យមានផលប៉ះពាល់ដល់ការប្រជែងរបស់កីឡាករក្នុងពូលនិមួយៗ»៕