ភ្នំពេញៈ កីឡាករ​កម្ពុជា រឿង សា​រ័ត្ន មកពី​ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Phat Ka ដោយ​ពិន្ទុ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​សង្វៀន SEATV កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ប៉ុន្តែ​កីឡាករ ឌុម កែវដា របស់​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បន្ត​ចាញ់​ថៃ Pet Thieng ដោយ​ពិន្ទុ​ទាំង​ប្រផិត​ប្រផើយ ក្នុង​ជំនួប​ប្រកួត​ចំនួន ៥ ទឹក យ៉ាង​ជក់​ចិត្ត។

តាមរយៈ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ ឌុ​ម កែវ​ដា បាន​ប្រឹងប្រែង​ប្រកួត​អស់​ពី​សមត្ថភាព ប៉ុន្តែ​លទ្ធផល​នៅ​តែ​ចាញ់​កីឡាករ​ថៃ​ជើង​ថ្មី Pet Thieng ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ចំនួន ៤ លើក​ចុង​ក្រោយ​នេះ​របស់ កែវដា គឺ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ឈ្នះ​នៅ​ឡើយ។

ឌុ​ម កែវ​ដា បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ខ្ញុំ​ប្រឹង​វ៉ៃ​អស់ពី​សមត្ថភាព​ហើយ ហើយ​សង្ឃឹម​ថា​ឈ្នះ ប៉ុន្តែ​លទ្ធផល គឺ​ចាញ់​ទៀត ពិត​ជា​សោក​ស្តាយ​ណាស់។ ទោះ​យ៉ាង​ណា ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ទេ គឺ​ខ្ញុំ​ត្រូវ​បន្ត​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​ខ្ញុំ​ត្រូវការ​ប្រកួត​ឈ្នះ​ស្តារ​មុខ​មាត់​ឡើង​វិញ ដើម្បី​កិត្តិយស និង​ទីផ្សារ​ប្រកួត»។

តាម​ការ​ទស្សនា​ដោយផ្ទាល់​នៅក្នុង​ជំនួប​ប្រកួត ៥ ទឹក​នោះ កីឡាករ​ថៃ Pet Thieng និង ឌុម កែវដា មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​បើ​តាម​អ្នក​ទស្សនា​ភាគ​ច្រើន​លាន់​មាត់​ថា សង្វៀន​ប្រដាល់​អាស៊ី​អាគ្នេយ៍ បើ​កីឡាករ​ខ្មែរ​វ៉ៃ​ថៃ​មិន​ឈ្នះ​ដាច់ ឬ​ផ្តួល​ឲ្យ​សន្លប់​ទេ កុំ​សង្ឃឹម​ចៅក្រម​ផ្តល់​ពិន្ទុ​ឲ្យ​ឈ្នះ​ថៃ​នោះ។

ចំណែក​គូ រឿង សា​រ័ត្ន វិញ​មានការ​ប្រកួត​តឹងតែង​ណាស់ ប៉ុន្តែ រឿង សា​រ័ត្ន វ៉ៃ​បានល្អ​ផ្នែក​កែង​រូស និង​ជង្គង់ គឺ​ចំ​គោល​ដៅ​បាន​ល្អ ព្រមទាំង​ចេញ​បាន​ច្រើន​ជាង​ទៀត​ផង។ នៅ​ក្នុង​ជំនួប​ប្រកួត​ចំនួន ៥ ទឹក​ពេញ រឿង សារ័ត្ន មាន​ប្រៀប​តែ​បន្តិច​បន្តួច​នៅ​ទឹក​ទី ២ ទី ៣ និង​ទី ៤ ហើយ​ក្រៅ​ពី​នេះ​ចាញ់​ប្រៀប​កម្លាំង​គេ​ដែរ។ លទ្ធផល​ចុង​ក្រោយ​ចៅក្រម និង​គណៈកម្មការ​បាន​ផ្តល់​ពិន្ទុ​ឲ្យ រឿង សា​រ័ត្ន ឈ្នះ​ទាំង​ប្រផិត​ប្រផើយ។

ចំណែក​លទ្ធផល​ការប្រកួត​ពេលយប់ នៅ​សង្វៀន SEATV នោះ​ដែរ ឈិន ក្វាន់​ង៉ុ​យ របស់​ក្លិប​មកុដ​រាជសីហ៍​ឈ្នះ​កីឡាករ​បារាំង Abdul នៅ​ទឹក​ទី ១ គួរ​ឲ្យ​អស់​សំណើច ខណៈ​ដែល​កីឡាករ​បារាំង​នោះ​ដាល់​ចូល​មុខ ក្វាន់ង៉ុយ ប៉ុន្តែ​បែរ​ជា​ឈឺ​ដៃ​ខ្លួន​ឯង និង​សុំ​ចុះ​ចាញ់​តែ​ម្តង។

សម្រាប់​ការប្រកួត កាលពី​យប់​ថ្ងៃ​សៅរ៍​នោះដែរ មាស ច័ន្ទមាន បាន​ឈ្នះ​កីឡាករ​ថៃ Sen Khum ក្នុង​ទឹក​ទី ៤ ដោយ​ថៃ ធ្វើ​ពុត​សន្លប់​ចង់​ស៊ីឡាក់​ស្រប​ពេល​ដែល ច័ន្ទ​មាន ទាត់​ថែម​មួយ​ជើង​ខុស​សោះ​នោះ៕