ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ​មាន​ឈ្មោះ​ល្បី រឿង សោភ័ណ្ឌ បាន​អះអាង​ថា រូប​គេ​នឹង​ប្រកួត​​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត នៅ​ពេល​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ជំនាន់​ក្រោយ វង្ស វិឆ័យ របស់​ក្លិប​កង​ទ័ពឆត្រ​យោង​ ៩១១ នៃ​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ទម្ងន់ ៧១ គីឡូក្រាម នៅ​លើ​សង្វៀន CNC នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។

នៅ​ក្នុង​ទម្ងន់​ធ្ងន់​នេះ រឿង សោភ័ណ្ឌ ហាក់​ដូចជា​លំបាក​រក​ដៃ​គូ​ប្រកួត​ឲ្យ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល ឬ​ស័ក្តិសម​គ្នា រវាង​កីឡាករ​លំដាប់​ខ្លាំង​ជួរ​មុខ​នៅ​ក្នុង​ស្រុក​ដូច​គ្នា ហើយ​ការ​រក្សា​បាន​ភាព​ខ្លាំង និង​ល្បីល្បាញ​នេះ បាន​ធ្វើ​ឲ្យ សោភ័ណ្ឌ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ព្រោះ​រូប​គេ «ខ្លាច​ជួប​ភាព​អាម៉ាស់» ពេល​ប៉ះ វង្ស វិឆ័យ។

បើ​និយាយ​ពី​បទ​ពិសោធ​ឡើង​សង្វៀន​ប្រកួត ក្នុង​វិស័យ​គុនខ្មែរ​នេះ ​រឿង សោភ័ណ្ឌ ចាស់​វស្សា​បំផុត ដោយ​បាន​​ឡើង​ប្រកួត​ច្រើន​ជាង ​វង្ស ​វិឆ័យ ជាង​ ១០០ លើក​ឯណោះ ពិសេស រឿង សោភ័ណ្ឌ​ បាន​ស្គាល់​សង្វៀន​រយៈពេល​ជិត​ ២០ ​ឆ្នាំ ​ខណៈ ​វង្ស ​វិឆ័យ ​ទើប​ចាប់​ផ្តើម​មាន​សមត្ថភាព​ល្បី​ល្បាញ​ ​ត្រឹម​ឆ្នាំ​ ២០១៩ ​ប៉ុណ្ណោះ។

លទ្ធផល​ដែល ​រឿង សោភ័ណ្ឌ​ ទទួល​បាន ​គឺ​គេ​ជា​ម្ចាស់​ជយ​លាភី​ឈរ​នៅ​លំដាប់​ជួរ​មុខ ​នៅ​ក្នុង​ប្រទេស ដោយ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ​និង​ពាន​ជាច្រើន។

រឿង ​សោភ័ណ្ឌ​ ​របស់​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ប្រកួត​បាន​ ១៧៥ ដង ឈ្នះ​ ១៥៥ ចាញ់​ ១៥ ស្មើ​ ៥ ដង ហើយ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ៥៥ ​ដង​នោះ បាន​​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​មើល​រំលង​សមត្ថភាព​របស់ ​វង្ស ​វិឆ័យ​ បាន​ទេ​ ​ព្រោះ​គេ​ក្មេង​មាន​កម្លាំង​ល្អ ​កម្ពស់​ល្អ ​និង​មាន​ក្បាច់​ជង្គង់​ល្អ​ផង​ដែរ»។

អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង​ រឿង សោភ័ណ្ឌ បន្ថែម​ថា៖​«ជាមួយ​គ្នា​នេះ ខ្ញុំ​មិន​ធ្លាប់​ប្រកួត​ជា​មួយ​គ្នា​នោះ​ទេ ​ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម​ ៦០ ភាគរយ​ប៉ុណ្ណោះ។ តែ​ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​នឹង​វ៉ៃ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ព្រោះ​បើ​ចាញ់​ជើង​ខ្លាំង​ជំនាន់​ក្រោយ ​ពិត​ជា​អាម៉ាស់​ខ្លាំង​ណាស់​ ហើយ​ក៏​មិន​អាច​ចាញ់​បាន​នោះ​ដែរ»។

លោក គង់ ​ចាន់​ធី​ណា​ អ្នក​គ្រប់គ្រង​កីឡាករ ​រឿង ​សោភ័ណ្ឌ​ បាន​ប្រាប់​ថា៖ «សោភ័ណ្ឌ ហ្វឹកហាត់​ជា​ប្រចាំ​បាន​ល្អ ​ហើយ​បើ​តាម​ការ​វិភាគពី​របៀប​ប្រកួត​វិញ គឺ​សុំ​មិន​និយាយ​ទេ ​កុំ​ឲ្យ​ដៃគូ​ដឹង​ពី​ល្បិច​របស់​យើង ប៉ុន្តែ​ធានា​បាន​យ៉ាង​ខ្ពស់​ថា មិន​អាច​ចាញ់​នោះ​គេឡើយ ​គឺ​រក​គ្រប់​មធ្យោបាយ​ ដើម្បី​ឈ្នះ​លើ​អ្នក​ខ្លាំង​វ័យ​ក្មេង​នេះ ព្រោះ​សមត្ថភាព​នៃ​ជំនួប​អ្នក​ប្រដាល់​ទាំង​ ២ នេះ​គឺ​កំពុង​ស្ថិត​ក្រោម​ការ​ចង់​ទស្សនា​របស់​មហាជន»។

កីឡាករ វង្ស ​វិឆ័យ ​មាន​បទពិសោធ​ប្រកួត​ខ្ចី​មែន បើ​ប្រៀបធៀប​ជាមួយ រឿង សោភ័ណ្ឌ ប៉ុន្តែ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​នេះ ក្នុង​ចំណោម​អ្នក​ប្រ​ដាល់​ទម្ងន់​ធ្ងន់​ឆ្នើមៗ គេ​ធ្លាប់​ឈ្នះ និង​ចាញ់​ជាមួយ ឡុង សុភី និង​ធ្លាប់​ផ្តួល ឡុង សុវណ្ណឌឿន ឲ្យសន្លប់​ហើយ​ក្រៅ​ពីនេះ​ មិន​ទាន់​មាន​កីឡាករ​ខ្មែរ​ណា ​ហ៊ាន​ប្រកួត​ជាមួយ​គេ​នោះ​ឡើយ។

វង្ស ​វិឆ័យ មាន​ប្រវត្តិ​ប្រកួត​ជាង​ ៥០ លើក​ គឺ​ចាញ់​តែ​ ៣ ​លើក​ប៉ុណ្ណោះ និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រ​វាត់​ចំនួន​ ២ កន្លង​មក។

វង្ស​ វិឆ័យ បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​ យ៉ាង​ណា​ទេ​ ​ព្រោះ​មិន​ធ្លាប់​ប្រកួត​គ្នា​ហើយ​ រឿង​ សោភ័ណ្ឌ គាត់​ជា​កីឡាករ​ជើង​ចាស់ ​ដែល​ល្បី​ល្បាញ​មុន ​និង​មាន​ល្បិច​ច្រើន។ ទោះ​យ៉ាង​ណា ខ្ញុំ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព ចំណែក​រឿង​ចាញ់​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​ទេ​ គឺ​ចាំ​មើល​ស្ថាន​ភាព​ប្រកួត​ជាក់ស្តែង ​មើល​ចំណុច​ខ្សោយ​ និង​ចំណុច​ខ្លាំង​របស់​គាត់​យ៉ាង​ម៉េច​ ដោយ​​ខ្ញុំ​សង្ឃឹម​ត្រឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​»​៕