ភ្នំពេញ៖ ​អ្នក​ប្រដាល់​ដ៏​មាន​ប្រជាប្រិយ ​និង​ល្បីល្បាញ​ រឿង​ សោភ័ណ្ឌ​ ដែល​ធ្លាប់​តែ​មិន​តក់ស្លុត ​ឬ​ខ្លាច​ដៃ​គូ​ប្រកួត​នោះ​ ហាក់​មិន​ហ៊ាន​រំពឹង​ឈ្នះ​ខ្ពស់​ ក្នុង​ការ​ប្រកួត​សង​សឹក​​ជាមួយ​ជើង​ខ្លាំង​ជំនាន់​ក្រោយ ​ជំនាញ​ក្បាច់​ជង្គង់ ​ធឿន ​ធារ៉ា​ នៅ​លើ​សង្វៀន CNC នារសៀល​ថ្ងៃ​អាទិត្យ ហើយ​គេ​បាន​ព្រលយ​ថា មុខ​របស់ ធារ៉ា រឹង វ៉ៃ​មិន​សន្លប់​ទេ ចំណែក ឡុង សំណាង ក៏​ត្រូវ​ជួប គង់ សំបូរ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ។

តាម​​ប្រវត្តិ​ ​និង​បទពិសោធ​​ប្រកួត​លើ​សង្វៀន​​ ​រឿង ​សោភ័ណ្ឌ​ ប្រកួត​បាន​ច្រើន​ជាង ​ធឿន ​ធារ៉ា ​​ជាង ​១០០ ​លើក​ឯណោះ​ ប៉ុន្តែ​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ចំនួន ​២ លើក​កន្លង​មក ​រឿង​ សោភ័ណ្ឌ​ មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​នោះ​ទេ ​ដោយ​ក្នុង​នោះ សោភ័ណ្ឌ ធ្លាប់​បាន​ចាញ់​ពិន្ទុ ធឿន ធារ៉ា ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ​ជើង​ឯក​ថ្នាក់​ជាតិ ​ឆ្នាំ ​២០១៧ ក្នុង​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ។

ចំណែក​ជំនួប​លើក​ទី​២ ​កាល​ពី​ថ្ងៃទី ​៣០ ខែ ​ឧសភា ​ឆ្នាំ ២០២០​ នៅ​សង្វៀន ​CNC​ រឿង សោភ័ណ្ឌ បាន​ស្មើ​នឹង ធឿន ធារ៉ា ​ប៉ុន្តែ​​ជំនួប​​លើក​នេះ​គឺ​ស្ថិត​នៅ​លើ​ការ​តាមដាន​ ខណៈ​លទ្ធផល​ត្រូវ​បាន​គេ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ ដោយ​​មាន​​ការ​លើក​ឡើង​​ថា​ គ្រាន់​តែ​​ជា​សិល្បៈ​នៃ​ការ​រៀបចំ​ឲ្យ​ប្រកួត​ត្រឹម​កម្តៅ​សាច់​ដុំ ​ឯ​លទ្ធផល​ត្រូវ​បាន​គិត​ទុក​ជា​មុន​ទៅ​ហើយ។

ការ​មាន​ភាព​មន្ទិល​សង្ស័យ​នេះ ​ក៏​​ព្រោះ​តែ​​កន្លង​មក ​គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ រឿង​ សោភ័ណ្ឌ​ ជា​តារា​តួ​ឯក​ប្រដាល់​ មាន​ប្រិយភាព​ខ្លាំង​ ដែល​សង្វៀន ​CNC ​ផ្តល់​ឱកាស​ជា​កីឡាករ​សំណព្វ​ចិត្ត ​ក្នុង​ក្រសែ​ភ្នែក​ប្រចាំ​សង្វៀន ដោយសារ​បាន​​ទាក់ទាញ​មហាជន​ច្រើន​​ជាង​គេ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​រិះគន់​ពី​មហាជន​ទៅ​លើ​ រឿង​ សោភ័ណ្ឌ ​គឺ​វ៉ៃ​ពេល​ខ្លះ​ធ្វើ​ពុត ​ពេល​ខ្លះ​​ចាញ់​ប្រៀប​គេ​ គឺ​តែងតែ​រក​លេស​ផ្សេងៗ​ដូច​ជា ​ត្រូវ​ចំ​ប្រដាប់​ការពារ, ​បែរ​ខ្នង​ក្នុង​បំណង​សុំ​ពន្យារ​ពេល​សម្រួល​ ឬ​ដើម្បី​ចង់​ស៊ី​ឡាក​ជាដើម។​

ចំពោះ​​ការ​ប្រកួត​លើក​នេះ រឿង ​សោភ័ណ្ឌ ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ថា៖​ «​​ជំនួប​លើក​ទី ​៣ ​នេះ​ រំពឹង​ឈ្នះ​តិច​ទេ​ ​ព្រោះ​លំបាក​ប្រកួត​ ដោយសារ​គេ​ខ្ពស់ ​និង​វែង​ជាង ​អ៊ីចឹង​ពេល​​យើង​ចូល​កៀក គឺ​លំបាក​គេច​ពី​ក្បាច់​ជង្គង់​ ប៉ុន្តែ​បើ​យើង​វាយ​ឆ្ងាយ​ គឺ​វាយ​មិន​ចូល​ដល់​គោល​ដៅ​ល្អ​ ឬ​ធ្ងន់ ​១០០ ​ភាគរយ​បាន​ទេ ​ពិសេស​ពេល​ចូល​ឱប​ឡើង​ជង្គង់​ យើង​កាន់​តែ​ចាញ់​ប្រៀប​គេ​ថែម​ទៀត។​ ចំណែក​មុខ​របស់​ ធារ៉ា ​រឹង​វ៉ៃ​​មិន​សន្លប់​ទៀត​ ​ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​»។​

លោក ​ឈិន ​ក្វាន់ចៃ ​ជា​គ្រូ​បង្វឹក​និយាយ​ថា​៖ «​យុទ្ធ​សាស្ត្រ​សម្រាប់​ឈ្នះ​បាន ​គឺ​ហាត់​ទាត់​ឆ្ងាយ ​ប្តូរ​កណ្តាប់​ដៃ ​និង​គេច​ចេញ​ពី​ក្បាច់​ជង្គង់​ គឺ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ច្រើន​ តែ​សំខាន់​ហាត់​កម្លាំង​ឲ្យ​រឹងមាំ ​ធានា​ល្អ ​៥ ទឹក​ពេញ​​។ ​ខ្ញុំ​គិត​ថា​ លើក​នេះ ​សោភ័ណ្ឌ​ នឹង​ឈ្នះ ​បើ​វ៉ៃ​តាម​យុទ្ធសាស្ត្រ​​ប្តូរ​កណ្តាប់​ដៃ​ និង​ទាត់​ ​ព្រោះ​ការ​ចាញ់​លើក​មុន​ និង​បាន​​ស្មើ​កាល​ថ្មីៗ​នេះ ​គឺ​មាន​ពិន្ទុ​ប្រផិត​ប្រផើយ​គ្នា​ណាស់​»​។

យ៉ាង​ណា​ក៏​ដោយ លោក​ ឈិន ​ក្វាន់​ចៃ បាន​ទម្លាយ​ពី​ការ​ធ្លាក់​ចុះ​ផ្នែក​កម្លាំង​របស់ រឿង សោភ័ណ្ឌ ដោយ​លោក​​បញ្ជាក់​ថា​៖ «​រឿង ​សោភ័ណ្ឌ​ មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្លាំង​ធ្លាក់​ចុះ​ដែរ​ ប៉ុន្តែ​វា​ស្រឡាញ់​កិត្តិយស​ ដោយ​ប្រកួត​មាន​ចិត្ត​ក្លាហាន​ជា​និច្ច។ ​ទោះ​សុខភាព ​មិន​ប្រសើរ​ ក៏ រឿង សោភ័ណ្ឌ មិន​ងាយ​ទម្លាយ​ឲ្យ​គេ​ដឹង​ដែរ ​ហើយ​ក៏​មិន​ងាយ​ចាញ់​គេ​ ដោយ​សន្លប់​នោះ​ដែរ»​។​

ចំណែក លោក ​អេ ភូ​ថង ​ជា គ្រូ​បង្វឹក ​និង ធឿន ​ធារ៉ា​ មិន​អាច​ទំនាក់​ទំនង​សុំ​សម្ភាស​បាន​ទេ ​ប៉ុន្តែ​មួយ​រយៈ​នេះ​ ​ធឿន ​ធារ៉ា​ ឡើង​ប្រកួត​សឹង​តែ​រាល់​សប្តាហ៍​ ហើយ​ភាគ​ច្រើន​ឈ្នះ​ និង​មាន​ភាព​រឹងមាំ​ជាង​មុន​។ មិត្តភត្តិ​​អ្នក​សិទ្ធិ​ជាមួយ ​ធឿន ​ធារ៉ា បាន​​ប្រាប់​ថា​៖ «​ឥឡូវ​ ធារ៉ា ​ហាត់​បាន​ល្អ ​និង​ខ្លាំង​ជាង​មុន​ ព្រោះ​កាល​មុន​វា​រវល់​មើល​កូន ​ជំនួស​ប្រពន្ធ ​ដែល​ធ្វើ​ការ​រោងចក្រ​ មិន​សូវ​បាន​ហាត់​ពេញ​លេញ»​៕​​​