ភ្នំពេញ៖ អ្នក​លេង​កណ្តាប់ដៃ​ធ្ងន់ រឿង សោភ័ណ្ឌ របស់​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ជាង ១ ឆ្នាំ​មក​ហើយ​នោះ បាន​អះអាង​ថា រូប​គេ​មិន​ទាន់​បោះ​បង់ចោល​មុខរបរ​នេះ​ទេ ប៉ុន្តែ​ការ​ឃ្លាត​ពី​សង្វៀន​ប្រដាល់​នេះ ដោយសារ​សុខភាព​មិន​សូវ​ល្អ​ប្រសើរ ពិសេស​រូប​គេ​មិន​ចង់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​នោះ​ទេ ទោះបី​តម្លៃ​ខ្លួន​បាន​ច្រើន​ដូច​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ក៏​ដោយ។

រឿង សោភ័ណ្ឌ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា៖ «ខ្ញុំ​មិន​ទាន់​បោះបង់​ចោល​មុខ​របរ​ប្រដាល់​នេះ​ទេ ប៉ុន្តែ​មូលហេតុ​ដែល​ខ្ញុំ​មិន​ឡើង​ប្រកួត គឺ​ទី១ សុខភាព​របស់​ខ្ញុំ​មាន​បញ្ហា​ឈឺ​ច្រមុះ បំពង់ក និង​ឈឺ​ក្រពះ​បន្តិចបន្តួច ហើយ​ទី២ ខ្ញុំ​សម្រេច​ចិត្ត​មិន​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​ទេ គឺ​ចង់​ប្រកួត​តែ​ជាមួយ​កីឡាករ​មក​ពី​បរទេស ព្រោះ​មាន​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​តែ​ម្តង»។

អ្នក​ប្រដាល់​ឆ្នើម​លំដាប់​ជួរ​មុខ​របស់​កម្ពុជា រឿង សោភ័ណ្ឌ មាន​ចំណុច​ពិសេស​អាច​ប្រើ​ក្បាច់​ទាត់​ផ្កាប់​ចាន និង​ជំនាញ​កណ្តាប់​ដៃ​ឆ្វេង ដើម្បី​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ហើយ​ចំណុច​ពិសេស ដែល​បាន​ជួយ​ឱ្យ សោភ័ណ្ឌ សាង​ភាព​ល្បីល្បាញ​ក្នុង​ពិភព​ប្រដាល់ គឺ​ការ​ចូល​វាយ​សម្រុក មិន​ចេះ​សំចៃ​កម្លាំង ឬ​បន្ធូរ​ដៃ​ឱ្យ​ដៃគូ​ទេ។

ក្នុង​រយៈពេល​ចូល​ប្រឡូក​ប្រដាល់​តាំង​ពី​ឆ្នាំ ២០០៥ រឿង សោភ័ណ្ឌ បាន​ចូល​ហាត់​ប្រដាល់​ដំបូង​ជាមួយ​លោក​គ្រូ គឹម ឡាវី នៅ​ឯ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប៉ុន្តែ​បាន​ប្តូរ​មក​នៅ​ក្លិប​មកុដរាជសីហ៍ ជាមួយ​លោក គង់ ចាន់ធីណា នៅ​ឆ្នាំ ២០១៣ រហូត​ដល់​បច្ចុប្បន្ន ហើយ​ពី​ឆ្នាំ ២០១៣ ដល់ ២០១៩ រឿង សោភ័ណ្ឌ ជា​កីឡាករ​ល្បីល្បាញ​បំផុត ដែល​ឈ្នះ​ខ្សែ​ក្រវាត់​សរុប​ចំនួន ៨ ស្ថាប័ន និង​ពាន​ធំ​ចំនួន ៥ ព្រម​ទាំង​ប្រាក់​រង្វាន់​ខ្នាត​តូចៗ ជា​ច្រើន​ព្រឹត្តិការណ៍​ទៀត។

យ៉ាង​ណា​ក៏​ដោយ ការ​ខាន​ឡើង​ប្រកួត​នេះ ធ្វើ​ឱ្យ រឿង សោភ័ណ្ឌ ជួប​ឧបសគ្គ​ខាង​ជីវភាព​ដោយ​បាន​ងាក​មក​ជួយ​មើល​កូន និង​ជួយ​លក់​គ្រឿង​ក្រអូប​ជាមួយ​ប្រពន្ធ ព្រម​ទាំង​អង្គុយ​លក់​គ្រឿងទេស (លក់​ចាប់ហួយ) នៅ​ខាងលិច​ផ្សារ​បែក​ចាន ខណៈ​ដែល​ប្រពន្ធ​លក់​គ្រឿង​ផលិតផល តាម​អនឡាញ​រក​ប្រាក់​ចំណូល​បាន​គ្រាន់​ហូប​ចុក​ប្រចាំ​ថ្ងៃ​ដែរ។

កីឡាករ​វ័យ ៣២ ឆ្នាំ រឿង សោភ័ណ្ឌ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ថា ទិត្យ សោភ័ណ្ឌ បាន​និយាយ​ថា៖ «សព្វ​ថ្ងៃ ខ្ញុំ​ផ្អាក​ឡើង​សង្វៀន​ប្រកួត ដោយសារ​ដូច​ខ្ញុំ​បាន​ជម្រាប​ខាង​លើ​អ៊ីចឹង រួមទាំង​បញ្ហា​កូវីដ​ផង ហើយ​ខ្ញុំ​ចង់​សម្រាក​មួយរយៈ ជួយ​លក់​គ្រឿង​ក្រអូប​ជាមួយ​ប្រពន្ធ ព្រមទាំង​ជួយ​មើល​កូនៗ​ផង ដោយ​រង់ចាំ​កូវីដ​ស្ងប់ស្ងាត់ មាន​គេ​បើក​ព្រំដែន មាន​កីឡាករ​បរទេស ខ្ញុំ​ទៅ​ហាត់​ប្រកួត​វិញ​ភ្លាម»។

ទាក់ទង​នឹង​ប្រវត្តិ​ប្រកួត សោភ័ណ្ឌ បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​ប្រកួត​សរុប​ជាង ២០០ លើក ប៉ុន្តែ​ចុះ​បញ្ជី​មិន​ដល់ ២០០ លើក​ទេ ក្នុង​នោះ​ខ្ញុំ​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ជាង ៦០ លើក ក្រៅ​ពី​នេះ​ឈ្នះ​ពិន្ទុ និង​ចាញ់​ត្រឹម ១៨ លើក​ប៉ុណ្ណោះ។

ស្នាដៃ ដែល​ខ្ញុំ​ទទួល​បាន គឺ​ខ្សែក្រវាត់​ចំនួន ៨ និង​ពាន​ធំ​ចំនួន ៥ ពិសេស​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រីប៉ូលិស​ក្នុង​អង្គភាព​កីឡា​នគរបាលជាតិ​ក្រសួង​មហាផ្ទៃ។ ខ្ញុំ​មិន​បោះបង់​ការ​ប្រកួត​ទេ ប៉ុន្តែ​រង់ចាំ​ប្រកួត​ជាមួយ​កីឡាករ​បរទេស។ ខ្ញុំ​មិន​បាន​ហាត់ ឥឡូវ​នេះ​ខ្ញុំ​ឡើង​ទម្ងន់​ដល់ ៧៥ គីឡូក្រាម អ៊ីចឹង​ពេល​វិល​ទៅ​កាន់​សង្វៀន​វិញ ខ្ញុំ​អាច​វ៉ៃ​ក្នុង​ទម្ងន់ ៧២ គីឡូក្រាម»៕