ភ្នំពេញ: រឿង សោ​ភ័​ណ្ឌ មកពី​ក្លិបមកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ដែល​កំពុង​គ្រប់គ្រង​ខ្សែ​ក្រវាត់​ចំនួន ៨ នោះ នឹង​ត្រូវ​ប្រកួត​ជាមួយ​ថៃ Thut Tidath ដែល​ជា​កីឡាករ​ថៃ​ចំណូល​ថ្មី​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ (SEATV) នា​យប់​ថ្ងៃ​សៅរ៍ ទី ២១ ខែ​កក្កដា ឆ្នាំ ២០១៨។

រឿង សោ​ភ័​ណ្ឌ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការប្រកួត​លក្ខណៈមិត្តភាព​អន្តរជាតិ​នេះ ស្រប​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ថៃ​រូប​នេះ​មាន​បទពិសោធ​ប្រកួត​បាន​តិច ដែល​ជា​អាច​ជា​ការ​លាក់​ប្រវត្តិ។ រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ រឿង សោភ័ណ្ឌ ប្រកួត​កម្រ​ចាញ់​ណាស់​ពោល​គឺ​ប្រហែល ៨០ ភាគរយ​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ពិសេស​រយៈ​ជាង ២ ឆ្នាំ​ចុង​ក្រោយ​នៅ​សង្វៀន CNC ប្រហែល​ជាង ៣០ ប្រកួត រូបគេ​មិន​ដែល​ចាញ់​ទាល់​តែ​សោះ។

ជាមួយ​គ្នា​នេះ គណៈ​កម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន CNC កំពុង​សហការ​ជាមួយ​អ្នក​ផ្គូផ្គង​របស់​ថៃ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ថៃ​ដើម្បី​ដាក់​ឲ្យ​ប្រកួត និង​មាន​ប្រៀប​ឈ្នះ​រឿង សោភ័ណ្ឌ វិញ​ម្តង។

រឿង សោ​ភ័​ណ្ឌ នឹងត្រូវ​ប្រកួត​ជាមួយ​ថៃ Thut Tidath នៅ​ថ្ងៃ​សៅរ៍ លើស​ង្វៀន SEATV ខណៈដែល​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ថៃ​រូបនេះ ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​មក​ថា ប្រកួត​តិច​ជាង​រឿង សោភ័ណ្ឌ រហូត​ដល់ ១០៥ លើក ហាក់​ដូចជា​មិន​មែន​ជា​ព័ត៌មាន​ពិត។ រឿង សោភ័ណ្ឌ បាន​ឆ្លង​កាត់​ការ​ប្រកួត​បាន​ចំនួន ១៦០ លើក ឈ្នះ ១៤៥ លើក​ចាញ់ ១២ លើក និង​ស្មើ ៣ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​ជាង ៥០ លើក ហើយ​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ រូបគេ​ប្រកួត​មិន​ដែល​ចាញ់​សោះ​សរុប​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ៨ និង​ពាន​ចំនួន ២ ដែល​ជា​អ្នក​ប្រដាល់​ឈ្នះ​ខ្សែក្រវាត់​ច្រើន​ជាង​គេ​នៅ​កម្ពុជា និង​តាម​ពី​ក្រោយ​ដោយ​កីឡាករ​ឡុង សុភី ដែល​មាន​ខ្សែ​ក្រវាត់​ចំនួន ៧ ស្ថាប័ន។

ដៃគូ​ប្រដាល់​សប្តាហ៍​នេះ​ជាមួយ​រឿង សោ​ភ័​ណ្ឌ គឺ​កីឡាករ​ថៃ Thut Tidath ហើយ​តាម​ប្រភព​ពី​គណៈ​កម្មការ​ផ្គូផ្គង​សង្វៀន​អាស៊ី​អាគ្នេយ៍ កីឡាករ​ថៃ​រូបនេះ​ប្រកួត​បាន​ចំនួន​តែ ៥៥ លើក ឈ្នះ ៤៥ លើក ចាញ់ ១០ លើក និង​មាន​កម្ពស់ ១,៧០ ម៉ែត្រ។

រឿង សោ​ភ័​ណ្ឌ បាន​និយាយថា៖ «ការប្រកួត​នេះ ខ្ញុំ​មិនទាន់​ហ៊ាន​ធានា​ឈ្នះ ១០០ ភាគរយ​បាន​ឡើយ ពី​ព្រោះ​ស្ថិតិ​ចំនួន​ប្រកួត​របស់​ថៃ​នេះ​ទំនង​ដូចជា​លាក់​ប្រវត្តិ និង​អាច​ជា​ចំនួន​មិន​ពិត​គឺ​បន្ថយ ពី​ព្រោះ​តាមរយៈ​វីដេអូ​យូធូប​ខ្ញុំ​ឃើញ Thut Tidath វ៉ៃ​ល្អ មាន​ស្នៀត​ជង្គង់​ល្អ ព្រម​ទាំង​មាន​កម្ពស់​ខ្ពស់ អាច​និយាយ​បាន​ថា ជា​កំពូល​អ្នក​ខ្លាំង​មួយ​រូប​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៨ ថៃ»។

សោ​ភ័​ណ្ឌ បាន​បន្ថែមថា៖ «តាម​ការ​ឲ្យ​ដឹង​ពី​ប្រវត្តិ​នោះ រូបគេ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ថៃ​ផងដែរ។ ទោះ​ជា​សមត្ថភាព​កម្រិត​ណា​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​ការពារ​ជ័យ​ជម្នះ​ឲ្យ​បាន ១០០ ភាគរយ ប៉ុន្តែ​បញ្ហា​ដែល​បារម្ភ​គឺ​គេ​ខ្ពស់​ជាង លំបាក​វាយ​ប៉ុណ្ណោះ និង​មិន​ដឹង​ច្បាស់​ថា គេ​ខ្លាំង​កម្រិត​ណា​នោះ​ឡើយ»។

លោក​ញាន សុធី នាយកគ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ប្រដាល់ SEATV ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កីឡាករ​ថៃ Thut Tidath នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​តាម​ការ​ផ្គូផ្គង​ពី​ប្រតិភូ​ថៃ​បង្ហើប​ឲ្យ​ដឹង​ថា គេ​មាន​សមត្ថភាព​ល្អ​ថ្នាក់​មធ្យម មិន​មែន​ជើង​ខ្លាំង​ស៊េរី A នៅ​ប្រទេស​ថៃ​ទេ ប៉ុន្តែ​មាន​កម្ពស់​ខ្ពស់​ជាង​រឿង សោភ័ណ្ឌ ហើយ​ជា​ទូទៅ ក្បាច់​ប្រកួត​របស់​កីឡាករ​ថៃ​ភាគ​ច្រើន​គឺ​ជំនាញ​ប្រើ​ក្បាច់​ជង្គង់​នេះ​តែ​ម្តង»។

លោក​ញាន សុធី បាន​បន្ថែមថា៖ «យើង​មិនអាច​វាយតម្លៃ​មុន​ប្រកួត​បានទេ ក្នុងការ​ប្រកួត​ទម្ងន់​ធ្ងន់​បែប​នេះ ប៉ុន្តែ​ការ​ឈ្នះ​ចាញ់ វា​ជា​រឿង​តឹង​តែង​មិន​ខាន ហើយ​មួយរយៈ​កន្លង​មក​នេះ កីឡាករ​ថៃ​ដែល​ជ្រើស​រើស​ខ្លាំងៗ​មក​ប៉ះ​ជាមួយ​រឿង សោភ័ណ្ឌ ដែល​បរាជ័យ​ក្រោម​ដៃ​របស់​គេ»៕