The Phnom Penh Post Search

Search form

រឿង សោភ័ណ្ឌ ប៉ះថៃ ឯ ឆាយ​រិទ្ធី ត្រូវ​ប្រជែង​ជាមួយ​ឡាវ

Content image - Phnom Penh Post
រឿង សោភ័ណ្ឌ ត្រូវ​ប្រជែង​យក ៣ ពិន្ទុ​ជាមួយ​ថៃ Sang Yout នៅ​ថ្ងៃសៅរ៍។ យឺន ពន្លក

រឿង សោភ័ណ្ឌ ប៉ះថៃ ឯ ឆាយ​រិទ្ធី ត្រូវ​ប្រជែង​ជាមួយ​ឡាវ

ភ្នំពេញៈ ការប្រកួត​ជម្រុះ​សន្សំពិន្ទុ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ខារ៉ាបាវ រដូវ​កាលទី ២ ទម្ងន់ ៦៩ គ.ក្រ នៅ​សង្វៀន SEATV នា​រសៀល​ថ្ងៃសៅរ៍​ខាងមុខ គឺជាការ​ប្រជែងគ្នា​រវាង​ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោភ័ណ្ឌ និង ពុទ្ធ ឆាយ​រិទ្ធី ជាមួយ​អ្នក​ប្រដាល់ថៃ និង​ឡាវ ខណៈ​បេក្ខភាព​ទាំង ៤ នាក់នេះ សុទ្ធតែ​ឆ្លងកាត់​ការប្រកួត ២ លើក ជាមួយ​លទ្ធផល​ឈ្នះ ១ ចាញ់ ១ មាន ៤ ពិន្ទុ​ដូចគ្នា ដោយ​ត្រូវការ​ឈ្នះ​ដាច់ខាត​ដូចគ្នា ដើម្បី​រកបាន ៣ ពិន្ទុ​ឈាន​ឆ្ពោះទៅ​វគ្គបន្ត។

អ្នកលេង​កណ្តាប់ដៃ​ធ្ងន់ រឿង សោភ័ណ្ឌ ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​ប្រកួត​ជាមួយ​ថៃ Sang Yout ហើយ ពុទ្ធ ឆាយរិទ្ធី ក្លិប​ពុទ្ធសេរីវង្ស​កីឡា ត្រូវ​ប៉ះឡាវ Thav Uolan ហើយនេះ​ជាការ​ប្រកួត​ដ៏​សំខាន់​បំផុត ព្រោះ​អ្នកទាំង ៤ មានពិន្ទុ​ស្មើគ្នា​ទាំងអស់ ហេតុនេះ​អ្នកឈ្នះ​បាន ៣ ពិន្ទុ នឹងមាន​ឱកាស​អាចឆ្លង​ផុត​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ជម្រើស​យក​កីឡាករ​ភាគី​កម្ពុជា ២ នាក់ និងភាគី​កីឡាករ​បរទេស​ចំនួន ២ នាក់។

ការប្រកួត ២ លើក​កន្លងមក ឆាយរិទ្ធី បានឈ្នះ​ឡាវ Thav Phoulakvong ដោយ​ពិន្ទុ​យ៉ាង​តឹងតែង និង​ចាញ់ Keng Kat ដោយ​ពិន្ទុ​ទាំង​ចម្រូងចម្រាស់។ ចំណែក រឿង សោភ័ណ្ឌ បាន​ចាញ់ Keng Kat របស់​ថៃទាំង​ចម្រូងចម្រាស់ និង​ឈ្នះ Thav Phoulakvong ដោយ​ពិន្ទុដាច់​ក្នុង​លទ្ធផល ៥ ទល់ ០ ពី​ចៅក្រម​ទាំង ៥។

ការប្រកួត​លើក​នេះ រឿង សោភ័ណ្ឌ បាន​និយាយថា៖ «Sang Yout នេះ​ក៏ជា​ឧបសគ្គ​មួយធំ​ដែរ ក្នុងការ​ប្រកួត​យកឈ្នះ​នោះ ព្រោះ​គេមាន​ក្បាច់​ប្រកួត​ល្អ​ផ្នែក​ជង្គង់ ដោយ​ផ្តួល អ៊ុំ ចំរើន ឲ្យ​សន្លប់​ទឹកទី ២ និងចាញ់​ពិន្ទុ ឡុង សុវណ្ណ​ឌឿន តែ​បន្តិចបន្តួច​ប៉ុណ្ណោះ»។

សោភ័ណ្ឌ បញ្ជាក់ថា៖ «ទោះជា​ជួប​ឧបសគ្គ​យ៉ាងណា ខ្ញុំឡើង​សង្វៀន​ដឹងតែ​ពីវ៉ៃ​អស់ពី​សមត្ថភាព មិនដែល​ធ្វើឲ្យ​អ្នកគ្រប់គ្រង​លំបាក​ចិត្ត​នោះឡើយ ហើយ​កណ្តាប់ដៃ​របស់ខ្ញុំ នឹង​គ្រោង​ផ្តួល Sang Yout នេះ​មិនឲ្យ​ឆ្លងផុត​ចូល​ទឹកទី ៥ ឡើយ។ ប៉ុន្តែ​បើសិន Sang Yout ស៊ូទ្រាំ​ជាមួយ​កណ្តាប់ដៃ​ខ្ញុំបាន​មិន​សន្លប់​នោះ ខ្ញុំ​ក៏គ្មាន​ក្បាច់អ្វី​ផ្តួលគេ​បាន​នោះដែរ»។

ចំណែក​លោក ឈិន ក្វាន់ចៃ ជា​គ្រូបង្វឹក​អះអាងថា៖ «Sang Yout គេច​មិន​ផុតពី​សន្លប់​ក្រោម​កណ្តាប់ដៃ​របស់ សោភ័ណ្ឌ នោះទេ គឺ​ខ្ញុំមាន​ទំនុកចិត្ត​ឈ្នះ ៩០ ភាគរយ»។

យ៉ាងណាមិញ លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃមក​ប្រកួត​និយាយថា៖ «គូនេះ​ម្យ៉ាង​ម្នាក់​ទេ ព្រោះ សោភ័ណ្ឌ ជំនាញ​ដៃ ឯ Sang Yout ជំនាញ​ជង្គង់ ហើយ​បើ Sang Yout ចាប់​ឱបជាប់​វិញ ធានា​ឈ្នះ សោភ័ណ្ឌ យ៉ាង​ងាយ។ ប៉ុន្តែ​គូនេះ ខ្ញុំមិន​ហ៊ាន​ទស្សន៍ទាយ​ទេ ព្រោះមាន​ស្នៀត​ពិសេស​ល្អផ្សេង​ពីគ្នា ហើយ​បទពិសោធ​ឡើង​សង្វៀន​របស់ រឿង សោភ័ណ្ឌ ច្រើនជាង​ពីរដង​ឯណោះ»។

Sang Yout ធ្លាប់​ប្រកួត ៧៤ លើក ឈ្នះ ៦០ ចាញ់ ១៣ និងស្មើ ១ លើក ឯ សោភ័ណ្ឌ ធ្លាប់​ប្រកួត​បាន ១៤៤ លើក​ឈ្នះ ១២៧ ចាញ់ ១៥ និងស្មើ ២ ដង។

ចំពោះ Thav Uolan និង ឆាយ​រិទ្ធី ក៏ត្រូវ​ការរក​ឲ្យបាន ៤ ពិន្ទុដែរ។ Thav Uolan ក្រោយពី​បាន​ផ្តួល អ៊ុំ ចំរើន ក្នុង​ទឹកទី ២ និង​ចាញ់​ពិន្ទុ ឡុង សុវណ្ណឌឿន ត្រូវបាន​គេមើល​ឃើញថា មាន​កម្រិត​វិជ្ជា​គុនល្អ​ជាង ឆាយ​រិទ្ធី បន្តិច៕

អត្ថបទគួរចាប់អារម្មណ៍