ភ្នំពេញៈ អ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃបានផ្តួលកីឡាករលំដាប់ខ្លាំងរបស់ថៃ Seng Thiennoy ឲ្យសុំចុះចាញ់ត្រឹមទឹកទី ១ ហើយនេះជាជ័យជម្នះបន្ថែមទៀតក្នុងរយៈពេលជាង ២ ឆ្នាំដែលទទួលបានលទ្ធផលចាញ់តែ ២ លើកប៉ុណ្ណោះ។ ជាមួយគ្នានេះ សោភ័ណ្ឌ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំស្នើសុំទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យឡើងតម្លៃខ្លួនប្រកួតបន្ថែមទៀត ដើម្បីបំប៉នការហ្វឹកហាត់ថែទាំសុខភាពពង្រឹងកម្លាំងឲ្យកាន់តែប្រសើរក្នុងគោលបំណងត្រៀមប្រកួតឲ្យបានល្អ»។
តាមប្រវត្តិប្រកួតក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ រឿង សោភ័ណ្ឌ ធ្លាប់ប្រកួតបាន ១៦៨ ដង ឈ្នះ ១៤៦ ចាញ់ ១៨ ស្មើ ៤ ដង និងឈ្នះខ្សែក្រវាត់ចំនួន ៨ ស្ថាប័នដែលបច្ចុប្បន្នកំពុងមានប្រិយភាពខ្លាំង។ រឿង សោភ័ណ្ឌ ដែលជាមធ្យមក្នុងមួយខែប្រកួតលក្ខណៈអន្តរជាតិចំនួន ៣ ទៅ ៤ ដងនោះក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះស្គាល់រសជាតិចាញ់តែ ២ លើកប៉ុណ្ណោះគឺចាញ់ថៃ អាវតាន និងជើងខ្លាំងថៃ សិបម៉ឺនក្នុងឆ្នាំ ២០១៩។
រឿង សោភ័ណ្ឌ បានប្រាប់ថា៖ «ខ្ញុំជាប់កិច្ចសន្យាឡើងប្រកួតដោយមិនរើសសង្វៀននោះទេ ឲ្យតែប្រធានគ្រប់គ្រងកម្មវិធីទាក់ទងបានមុនគឺទៅប្រកួតដោយមិនប្រកាន់នោះឡើយ ហើយបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន ២ ប៉ុណ្ណោះបានផ្តល់ឱកាសឲ្យខ្ញុំឡើងប្រកួតញឹកដោយទាក់ទងកក់ទុករយៈពេលយូរសប្តាហ៍ ប៉ុន្តែតម្លៃខ្លួនប្រកួតបានត្រឹម ៥០០ ដុល្លារក្នុង ១ លើកដោយមិនគិតបញ្ចូលទឹកប្រាក់ឧបត្ថម្ភពីសប្បុរសជនផ្សេងៗ រីឯក្នុងព្រឹត្តិការណ៍ប្រកួតធំៗនៅខេត្តឆ្ងាយ ខ្ញុំទទួលបាន ១០០០ ដុល្លារម្តងម្កាលដែរ»។
អ្នកលេងកណ្តាប់ដៃឆ្វេងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចង់បានតម្លៃខ្លួនប្រកួតកើនជាងមុនអាចថា ៨០០ ដុល្លារសមរម្យ ព្រោះបញ្ហាសុខភាព និងការថែទាំរាងកាយដែលឈឺគ្រាំគ្រាខ្លួនក្រោយប្រកួតប្រឈមទៅនឹងផលប៉ះពាល់ខ្លាំង។ តម្លៃ ៨០០ ដុល្លារនេះ វាអាចស្មើជាមួយនឹងកីឡាករ កែវ រំចង់ ព្រោះការគាំទ្ររបស់បងប្អូនមហាជន គឺប្រិយភាពអាចថាប្រហាក់ប្រហែលគ្នា»។
ឆ្លើយតបចំពោះបញ្ហានេះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា៖ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនមែនជាអ្នកផ្តល់លុយតម្លៃខ្លួន ឬរកលុយនោះទេគឺមានតួនាទីគ្រប់គ្រងកីឡាករ និងមន្ត្រីជំនាញរៀបចំការប្រកួត ប៉ុន្តែការប្រកួតទៅបានគឺអាស្រ័យទៅលើវិស័យឯកជនមានក្រុមហ៊ុនផ្សេងៗដែលឧបត្ថម្ភគាំទ្រកម្មវិធីជាអ្នករកលុយឧបត្ថម្ភតម្លៃខ្លួន»។
លោក តែម ម៉ឺន បានលម្អិតថា៖ «ទោះបីជាយ៉ាងណាសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅតែរួមសហការក្នុងការកំណត់តម្លៃខ្លួនជាមួយអ្នកឧបត្ថម្ភកម្មវិធី ដើម្បីស្វែងរកប្រាក់ចំណូលឲ្យកីឡាករដែលប្រកួតតាមលទ្ធភាពអាចទៅរួច ហើយជាទូទៅសម្រាប់កីឡាករប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិ ឬដណ្តើមខ្សែក្រវាត់បច្ចុប្បន្នមានតម្លៃខ្លួនចាប់ពី ២៥០ ដុល្លារដល់ ១០០០ ដុល្លារទៅតាមទំហំព្រឹត្តិការណ៍ប្រកួត ចំណែកប្រាក់រង្វាន់វគ្គផ្តាច់ព្រ័ត្ររបស់កីឡាករឈ្នះបានជើងឯក ឬខ្សែក្រវាត់មានចាប់ពី ៤០០០ ដុល្លារដល់ ១០០០០ ដុល្លារឯណោះតាមទីផ្សាររបស់ខាងស្ពនស័រ»។
ចំណែកលោក គង់ ចាន់ធីណា ប្រធានក្លិបមកុដរាជសីហ៍ និងជាអ្នកគ្រប់គ្រង រឿង សោភ័ណ្ឌ បានបង្ហើបថា៖ «រឿង សោភ័ណ្ឌ មានទីផ្សារប្រកួតច្រើនណាស់ ហើយគិតពីខែកកដ្កានេះទៅដល់ខែកញ្ញាមានជាប់កិច្ចសន្យាជាមួយសង្វៀនប្រដាល់មួយចំនួនដោយគេបានកក់រួចហើយ»។
លោកបន្ថែមថា ប៉ុន្តែបញ្ហាតម្លៃប្រកួតមិនមែនយើងទាមទារបានស្រួលនោះទេ គឺត្រូវកំណត់ពីភាគីចំនួន ៣ គឺខាងសហព័ន្ធខាងស្ថានីយ និងខាងស្ពនស័រផងដែរ។ ជាមួយគ្នានេះតម្លៃខ្លួនរបស់ រឿង សោភ័ណ្ឌ ផ្លូវការដែលប្រកួតបច្ចុប្បន្ន នៅត្រឹមចំនួន ៥០០ ដុល្លារក្នុង ១ លើក ប៉ុន្តែការសម្រួលតម្លៃក្រៅផ្លូវការតាមរយៈការឧបត្ថម្ភបន្ថែមផ្សេងបានខ្ទង់ ៧០០ ទៅ ៨០០ ដុល្លារក្នុង ១ លើកៗ៕