ភ្នំពេញ៖ កីឡាករ ​រឿម ​វណ្ណៈ បាន​ជួប​នៅ​សំណាង​ដ៏​ល្អ​មួយ គឺ​រូប​គេ​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឲ្យ​ឈ្នះ​ដោយ​មិន​ចាំបាច់​ប្រកួត ខណៈ​ដៃ​គូ​ប្រជែង សារឿន ច័ន្ទ មាន​ជំងឺ​មិន​អាច​មក​ប្រកួត​បាន​នោះ ប៉ុន្តែ គង់ ​សំបូរ ​និង ​សោម ​វិឆ័យ ​ត្រូវ​​ប្រកួត​គ្នា រក​អ្នក​ឈ្នះ ឡើង​ទៅ​វគ្គ ​៣ ​ នៃ​ពាន TV5 ​Boxing Knock Out Serie នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​យប់​ថ្ងៃ​សៅរ៍​នេះ ហើយ ឡុង សុភី ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​ជាមួយ​ថៃ Ka Khunsoek ក្នុង​ថ្ងៃ​នោះ​ដែរ។

តាមរយៈ​ការ​ឈ្នះ សារឿន ច័ន្ទ ដោយ​ស្វ័យ​ប្រវត្តិ​នេះ បាន​ជួយ​ឲ្យ រឿម វណ្ណៈ ឡើង​ទៅ​ដល់​វគ្គ ​៣ យ៉ាង​ស្រួល ប៉ុន្តែ រឿម វណ្ណៈ ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ ថៃ​ រ៉េត​ កំដរ​ឆាក​បង្គ្រប់​កិច្ច​ផង​ដែរ ហើយ​តាម​​កម្រិត​ក្បាច់​គុន ​និង​កម្លាំង​ទឹក​ចិត្ត​ប្រយុទ្ធ​ រឿម​ វណ្ណៈ​ អាច​លំបាក​យក​ឈ្នះ​ ថៃ​ រ៉េត​ ណាស់​ ខណៈ​ប្រភព​ពី​គណៈកម្មការ​បាន​ទម្លាយ​​ថា ​បើ​ រឿម វណ្ណៈ វ៉ៃ​មិន​អស់​ពី​សមត្ថភាព ​ឬ​លំៗ​កៅអី​វគ្គ ​៣ ​ត្រូវ​​ដក​យក​វិញ​។

ចំណែក​ការ​ជួបគ្នា​រវាង​​ជើង​ចាស់​វស្សា​ដូច​គ្នា ​គឺ​ សោម វិឆ័យ​ និង គង់​ អាច​នឹង​មាន​ភាព​តានតឹង​។ គង់​ សំបូរ ទើប​តែ​​ផ្តួល​កីឡាករ​មក​ពី​ប្រទេស ​ម៉ារ៉ុក ឲ្យ​សន្លប់ នៅ​​លើ​សង្វៀម ​Mas Fight Cambodia ​ប៉ុន្តែ សោម ​វិឆ័យ ទើប​តែ​​ចាញ់ ​ថៃ​ រ៉េត​ ដោយ​ពិន្ទុ​កាល​ពី​សប្តាហ៍​មុន​។ ទោះ​បី​យ៉ាង​ណា ​គង់ ​សំបូរ​ និង​ សោម​ វិឆ័យ ​មាន​សមត្ថភាព​​ប្រហាក់​ប្រហែល​គ្នា ហើយ​​ធ្លាប់​ចាញ់​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​សោម ​វិឆ័យ​ ធ្លាក់​ចុះ​ជាង​មុន ​ដែល​គេ​ហ៊ាន​វាយ​តម្លៃ​ថា ​គង់​ សំបូរ​ មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង តែ​ការ​ចាញ់ ​ឬ​ឈ្នះ​ សុទ្ធ​តែ​ឈឺ​ខ្លួន​ដូច​គ្នា​មិនមែន​ស៊ី​ផុយ​នោះ​ឡើយ​។​

ការ​វិល​មក​ជួប​គ្នា​របស់ គង់​ សំបូង​ និង​ សោម​ វិឆ័យ​ ត្រូវ​បាន​គេ​គិត​ថា នឹង​​ប្រជែង​តឹងតែង​។ ​លោក​ ជា​ រិទ្ធិ​ គ្រូ​បង្វឹក ​គង់ ​សំបូរ ​និយាយ​ថា ​គង់ ​សំបូរ ​នឹង​បន្ត​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​ទី ​៣ ​ក្នុង​ភាគរយ​ខ្ពស់​ គឺ ​៨០ ​ភាគរយ​។ ​ចំណែក​លោក ឡុង ​វិបុល ​គ្រូ​បង្វឹក​ សោម​ វិឆ័យ​ អះអាង​ថា នឹង​វ៉ៃ​ក្បាច់​កែង ​និង​ជង្គង់ ​ដើម្បី​យក​ឈ្នះ​ ដោយ​លោក​​មាន​ទំនុក​ចិត្ត​ឈ្នះ ​៦០ ​ភាគរយ​ ប៉ុន្តែ​​ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន ​គេ​មាន​ជំនឿ​ថា​ គង់​ សំបូរ ​មាន​ប្រៀប​ឈ្នះ​ខ្ពស់​ជាង​។

ដោយ​ឡែក​អ្នក​លេង​ស្នៀត​ជង្គង់ ឡុង សុភី នឹង​ត្រូវ​ប្រកួត​ជាមួយ​ថៃ Ka Khunsoek ជំនួស ​រឿង ​សោភ័ណ្ឌ​ ដែល​ត្រូវ​បាន​ដោះដូរ ​ដោយសារ​បញ្ហា​សុខភាព​។​ Ka Khunsoek ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ ចិត្ត​ធំ​ល្អ ​ប៉ុន្តែ​ល្បិច​វាយ​​ក្បាច់​ជង្គង់​អាច​ចាញ់​ប្រៀប​ ឡុង​ សុភី។

ការ​ប្រកួត​របស់​ ​ឡុង ​សុភី ​បើ​ព្រឹត្តិការណ៍​តូច​ លុយ​តិច ​ ប្រកួត​មិន​សូវ​ល្អ​ តែ​​បើ​លុយ​ច្រើន​វិញ គេ​វ៉ៃ​ល្អ​ណាស់​ ចំណែក​ការ​ប្រកួត​នេះ ឡុង​ សុភី​ បាន​និយាយ​ថា​ មាន​ទំនុក​ចិត្ត​ឈ្នះ ​៦០ ​ភាគរយ ​ប៉ុន្តែ​តាមរយៈ​សមត្ថភាព​ពិត​ ឬ​ការ​ហ្វឹកហាត់​បាន​ល្អ​វិញ ​ឡុង ​សុភី​ ក៏​អាច​​វ៉ៃ​​ថៃ​ Ka Khunsoek​ ឲ្យ​សន្លប់​ក្នុង​ទឹក​ណា​មួយ​បាន​ដែរ​។

ចំណែក​ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ ក្រៅ​ព្រឹត្តិការណ៍​​ពាន​រង្វាន់​វិញ ភួង ពិសិដ្ឋ​ ក្លិបតាឡីដំរី​មានរិទ្ធ​ ត្រូវ​ជួប ​សៀវ ង៉ុយ​ របស់​ក្លិប កងពល​ធំ​អន្តរាគមន៍​លេខ ២ ​ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម ហើយ ពេជ្រ វិចិត្រ​ ក្លិប​ចលនា​យុវជន ១៥៧ ​គុន​ខ្មែរ​ ប្រកួត​ជាមួយ កីឡាករ សៅ ​មនោ​ ក្លិប​ថ្នល់​ទទឹង​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់ ​៥១ ​គីឡូក្រាម​៕