ភ្នំពេញ៖ កីឡាករជើងខ្លាំងមានខ្សែក្រវាត់គ្រប់គ្រងដូចគ្នា គឺ លាភ រដ្ឋា មកពីក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង នឹងត្រូវប្រកួតគ្នាក្នុងវគ្គជម្រុះជុំទី ៣ ក្នុងពានរង្វាន់ TV5 Boxing Knock Out Serie នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នាយប់ថ្ងៃសៅរ៍នេះ។ ចំណែក រឿម វណ្ណៈ ក៏ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ជាមួយថៃ Aram Boy ក្នុងថ្ងៃនោះផងដែរ។
ការវិលមកជួបគ្នារវាង លាភ រដ្ឋា និង ណាម ម៉ូរ៉ាក់ ក្នុងជុំទី ៣ នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំង ២ នេះ ខ្លាំងដូចគ្នា តែពួកគេត្រូវប្រកួតគ្នា ដើម្បីយកអ្នកឈ្នះឡើងទៅវគ្គបន្ត ខណៈកន្លងមកពួកគេសុទ្ធតែធ្លាប់ឈ្នះខ្សែក្រវាត់ យកមកគ្រប់គ្រងដូចគ្នា។
កីឡាករ ណាម ម៉ូរ៉ាក់ មានបទពិសោធចាស់វស្សាជាង លាភ រដ្ឋា តែទឹកចិត្តប្រកួតធំ វាយសម្រុកមិនដកថយដូចគ្នា។ រីឯការប្រកួតជម្រុះ កន្លងមក លាភ រដ្ឋា បានយកឈ្នះអ្នកប្រដាល់ អេលីត សាន់ របស់ក្លិបឆ្មាសសែនសុខ ដោយពិន្ទុទាំងចម្រូងចម្រាស ហើយ ណាម ម៉ូរ៉ាក់ បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ជើងខ្លាំង សារឿន ច័ន្ទ ឲ្យសន្លប់ នៅមុនស្នូរជួងបញ្ចប់ទឹកទី ១ យ៉ាងអស្ចារ្យ។
លាភ រដ្ឋា និយាយថា៖ «ខ្ញុំមិនហ៊ានទស្សន៍ទាយថា យ៉ាងម៉េចទេ ព្រោះដៃគូរបស់ខ្ញុំនេះគេជើងចាស់ជាងខ្ញុំ ប៉ុន្តែការប្រកួត ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ដើម្បីយក ៣ ពិន្ទុ ឈានទៅវគ្គបន្តទៀត»។ លាភ រដ្ឋា បន្តថា៖ «ខ្ញុំសង្ឃឹមខ្ពស់ថា នឹងបានឡើង តែមិនហ៊ានកំណត់ថា ឈ្នះប៉ុន្មានភាគរយនោះឡើយ ព្រោះស៊ីសងពេលប្រកួតជាក់ស្តែង ហើយគេក៏ល្អណាស់ដែរ គឺសុទ្ធតែមានជំនឿឈ្នះរៀងៗខ្លួនដូចគ្នា»។
ចំណែកគ្រូបង្វឹក ណាម ម៉ូរ៉ាក់ លោក សៅ ប៊ុនធឿន ហៅគ្រូ ញ៉ែ បានប្រាប់ថា៖ «កូនសិស្សខ្ញុំហាត់ល្អ ធានាការប្រកួតគ្រប់ទឹក និងវ៉ៃអស់ពីសមត្ថភាព។ បើនិយាយពីបច្ចេកទេស ណាម ម៉ូរ៉ាក់ ល្អទាត់ និងជង្គង់ជាង ប៉ុន្តែការចាញ់ ឬឈ្នះក្នុងគូនេះ គឺអាស្រ័យលើកម្លាំងប៉ុណ្ណោះ ហើយកណ្តាប់ដៃរបស់ លាភ រដ្ឋា ក៏មិនល្អជាង ណាម ម៉ូរ៉ាក់ ប៉ុន្មានដែរ»។
ជាមួយគ្នានេះកីឡាករ ភួង ពិសិដ្ឋ មកពីក្លិបខេត្តរតនគីរី ក៏ត្រូវប្រកួតជម្រុះជុំទី ៣ ជាមួយ ព្រឿង សុជាតិ របស់ក្លិបកងពលធំអន្តរាគមន៍លេខ ២ នៅយប់ថ្ងៃសៅរ៍នោះផងដែ ខណៈការប្រកួតជម្រុះកន្លងមកនេះ ពិសិដ្ឋ បានឈ្នះ ឆាយ មាស ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ឯ ព្រឿង សុជាតិ ឈ្នះពិន្ទុ លីន វីរៈ របស់ក្លិបបូរីរាជសីហ៍ ហើយតាមការកត់សម្គាល់ ពិសិដ្ឋ ជាអ្នកមានកណ្ដាប់ដៃធ្ងន់ណាស់ ដែលតែងតែបញ្ចប់គូប្រកួតបានមុនពេលកំណត់។
ដោយឡែក រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ត្រូវប្រកួតមិត្តភាពជាមួយថៃ Aram Boy ហើយជំនួបនេះ ពិបាកទុកចិត្តបំផុត ព្រោះអ្នកទាំង ២ នេះ ពេលខ្លះចាញ់យ៉ាងលឿន និងផុយស្រួយ ហើយពេលខ្លះឈ្នះ ឬចាញ់ ក្នុងលក្ខណៈស្វិតស្វាញបំផុត។
ទោះយ៉ាងណា សម្រាប់ការប្រកួតមួយរយៈពេលចុងក្រោយនេះ រឿង វណ្ណៈ សមត្ថភាពធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រកួតមិនសូវទទួលបានលទ្ធផលឈ្នះនោះទេ ហើយការចាញ់ដោយភាគច្រើន បានធ្វើឲ្យប្រជាប្រិយរបស់គេធ្លាក់ចុះផងដែរ។ ចំពោះបច្ចេកទេសវិញ អ្នកប្រដាល់ទាំង ២ នេះ ចូលចិត្តវ៉ៃប្ដូរណាស់ហើយអាវុធរបស់គេ ភាគច្រើនប្រើកែង ដើម្បីប្ដូរយកជ័យជម្នះដូចគ្នា៕