ភ្នំពេញៈ កីឡាករ​កម្ពុជា លន បញ្ញា ហាក់​មាន​ទំនុក​ចិត្តខ្លាំង​ក្នុង​ការយក​ឈ្នះ​ថៃ Yourt Kangyou សម្រាប់​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​លើក​ចុងក្រោយ​នៅលើ​សង្វៀន SEATV នា​ថ្ងៃ​សៅរ៍ ដើម្បី​បញ្ចប់​ភាព​មន្ទិល​ក្នុង​ការទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ Wurkz ប៉ុន្តែ ធឿន ធី អាច​នឹង​លំបាក​ពេល​វិល​មកជួប​ជើង​ខ្លាំង​ថៃ Chhav Vallith​។

ការប្រកួត​ជម្រុះ​ ៣ ​លើក​កន្លង​មក​នេះ លន បញ្ញា បាន​ឈ្នះ​ ២ និង​ចាញ់​ ១ ខណៈ​កីឡាករ​កម្ពុជា​ ៣ ​នាក់​ទៀត​ឈរ​នៅ​ពូល​ជាមួយ​គ្នា​ដូចជា ធឿន ធី ចាញ់​ទាំង​ ៣ ​លើក ឯ ហេង វាសនា និង សារឿន ច័ន្ទ ឈ្នះ​ ១ ចាញ់​ ២ ដូចគ្នា​។ ហេតុនេះ​បើ​ទោះបី​ជា លន បញ្ញា ចាញ់​លើក​នេះ​ក៏​នៅ​មាន​ទិន្នន័យ​ខ្ពស់​ជាង​ក្នុង​ការឈរ​នៅ​លំដាប់​លេខ​ ១ ​ក្នុង​ពូល​ដែរ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ប្រើ​ពេល​ខ្លី និង​លឿន​ជាង​គេ​។

ដោយឡែក​សម្រាប់​ការជួប​ថៃ Yourt Kangyou ដែល​មាន​សមត្ថភាព​មិន​ខ្លាំង​គឺ​ ៣ ​ប្រកួត​កន្លង​មក​ឈ្នះ​ ១ និង​ចាញ់​ ២ ​ប្រកួត​លើក​នេះ លន បញ្ញា បាន​និយាយ​ថា​៖ «​ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ ហើយ​ធានា​ប្រកួត​ឈ្នះ Yourt Kangyou ក្នុង​ទំនុកចិត្ត​ ១០០ ​ភាគរយ​»​។

ចំណែក​លោក ធន់ សុភា ជា​គ្រូបង្វឹក​និយាយ​ថា​មាន​ទំនុកចិត្ត​ឈ្នះ​ដោយ​គ្មាន​អ្វី​ជា​ឧបសគ្គ​នោះទេ​។ លោក​និយាយ​ថា​៖ «​ការប្រកួត​វគ្គជម្រុះ​នេះ​មិន​លំបាក​ទេ ប៉ុន្តែ​អ្វី​ដែល​ព្រួយបារម្ភ​នោះ​គឺ​ពេល​ទៅ​ជួប​ថៃ Supper Man នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺជា​ការ​ត្រូវ​ព្រួយ​»​។

ចំណែក​លោក ថៃ អ៊ូ អ្នកគ្រប់គ្រង​កីឡាករ​ថៃ​ក៏​ទទួល​ស្គាល់​ថា​សមត្ថភាព​ក្បាច់គុន​របស់​កីឡាករ លន បញ្ញា មាន​ប្រៀប​ជាង Yourt Kangyou ដែរ ប៉ុន្តែ​ចាំ​មើល​ការប្រកួត​ជាក់ស្តែង​ទៅ​ទើប​ច្បាស់​។ លោក​បន្ត​ថា​៖ « Yourt Kangyou មិនងាយ​ចាញ់​ដោយ​សន្លប់​ទេ ហើយ​ការវាយ​របស់​គេ​សុទ្ធតែ​ ៥ ​ទឹក និង​នៅ​មាន​កម្លាំង​រឹងមាំ​»​។

ចំណែក ធឿន ធី លំបាក​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Chhav Vallith ណាស់​។ សមត្ថភាព​លំដាប់ ធឿន ធី ទោះ​ជា​ប្រឹងប្រែង​យ៉ាងណា​ក៏​មាន​ភាគរយ​តិច អាច​យក​ឈ្នះ​កីឡាករ​ថៃ​ដែរ ព្រោះ ធឿន ធី មាន​បទពិសោធ​នៅ​ខ្ចី​វស្សា​ណាស់ ខណៈ​ ៣ ​ប្រកួត​កន្លង​មក​បាន​ចាញ់​ទាំងអស់​ហើយ​ចុង​ក្រោយ​នេះ​ប៉ះ​ជើង​ខ្លាំង​ទៀត​។

កីឡាករ ធឿន ធី បាន​ប្រាប់​ថា​៖ «​ទោះបី​ការប្រកួត​ប៉ះចំ​គេ​ខ្លាំង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្រឹង​ប្រកួត​អស់​ពី​សមត្ថភាព ដើម្បី​មាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ពេល​ក្រោយៗ​ទៀត ហើយ​ការប្រកួត​ចាញ់​ក្នុង​អំឡុង​ខ្សែក្រវាត់​នេះ​ចំនួន​ ៣ ​លើក​កន្លង​មក​នេះ​គឺ​ដោយសារ​តែ​គេ​ខ្លាំង​មាន​សមត្ថភាព​ល្អ​ជាង​ខ្ញុំ​»៕