ភ្នំពេញ: កីឡាករ​ លន បញ្ញា មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​របស់​កម្ពុជា​បាន​យក​ឈ្នះ​ជើង​ខ្លាំង​កីឡាករ​ថៃ Chhav Vallit ដោយ​ពិន្ទុ​ដាច់​ទាំង​ឈឺ​សាច់​មិន​តិច​ទេ ដើម្បី​រក​បាន​ ៣ ​ពិន្ទុ​បន្ថែម​ក្នុង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជម្រុះ​ជុំ​ទី​ ៣ ជើងឯក​ខ្សែក្រវាត់ Wurkz ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។ ចំណែក​កីឡាករ​ ធឿន ធី មកពី​ក្លិប​អង្គរជ័យ​ខេត្ត​សៀមរាប​បាន​បន្ត​ចាញ់​កីឡាករ​ថៃ Your Katangyou ក្នុង​លក្ខណៈ​ប្រផិតប្រផើយ ខណៈ​ដែល​ ៣ ​ប្រកួត​កន្លង​មក រូប​គេ​បាន​ចាញ់​ទាំង​ ៣ ​លើក និង​ទើប​តែ​មាន​ ៣ ​ពិន្ទុ​ប៉ុណ្ណោះ​ដែល​មិន​អាច​មាន​លទ្ធភាព​ផ្ទៀងផ្ទាត់ ឬ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ប្រដាល់​ទាំង​ ៣ ​នាក់​ក្នុង​ពូល A ​សម្រាប់​ឆ្លង​ទៅ​វគ្គ​បន្ត​នោះឡើយ​។ លន បញ្ញា ដែល​ឆ្លងកាត់​ការប្រកួត​ ៣ ​លើក​ចាញ់​ ១ ​លើក ឈ្នះ​ ២ ​លើក​មាន​ ៧ ​ពិន្ទុ​នោះ​កំពុង​តែ​មាន​ពិន្ទុ​ខ្ពស់​ល្អ​ជាង​គេ​ដោយ​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១ ក្នុង​ពូល​ជា​បណ្តោះអាសន្ន​។

មុន​ការប្រកួត​ទាំង​អ្នក​ទស្សនា និង​គណៈកម្មការ​សុទ្ធតែ​ព្យាករ​ទុក​ថា កីឡាករ​លន បញ្ញា មាន​សង្ឃឹម​តិចតួច​ណាស់​ក្នុង​ការយក​ឈ្នះ​ជើង​ខ្លាំង​កីឡាករ​ថៃ Chhav Vallit ប៉ុន្តែ​ពេល​ប្រកួត​ជាក់ស្តែង​រូបគេ​ធ្វើ​បាន​យ៉ាង​ល្អ​។ នៅ​ទឹក​ទី​ ១ និង​ទី​ ២ លន បញ្ញា បាន​ចេញ​នូវ​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​បាន​ល្អ និង​ចូល​ចំ​គោលដៅ​ដើម្បី​ទទួល​បាន​ពិន្ទុ​នាំ​មុខ​។

បន្ថែម​ពី​លើ​នេះ​នៅ​ចុង​ទឹក​ទី​ ២ ស្នៀត​កែង​បក​គ្រវាត់ចោល​ផ្សង​សំណាង​របស់​ លន បញ្ញា បាន​ចូល​ចំ​មុខ​របស់ Chhav Vallit និង​បាន​ធ្វើឲ្យ​កីឡាករ​ថៃ​រូប​នេះ​ដួល​ងើប​ស្ទើរតែ​មិន​ចង់​រួច ហើយ​អាជ្ញាកណ្តាល​លោក​ ម៉ាក់ សាមឿន បាន​រាប់​ដល់​ចំនួន​ ៨ ទើប​ស្នូរ​ជួង​បន្លឺ​បញ្ចប់​ទឹក​ទី​ ២​។

លន បញ្ញា នៅតែ​មាន​ប្រៀប​បន្ត​នៅ​ទឹក​ទី​ ៣ ដោយ​បាន​វាយ​បង្ខំ​ឲ្យ Chhav Vallit ចុះចាញ់ ប៉ុន្តែ​ការតបត​មក​វិញ​បាន​ធ្វើឲ្យ​ លន បញ្ញា វង្វេងវង្វាន់​ម្តងម្កាល​ដែរ​។ ទោះ​ជា​យ៉ាងណា​ការវាយ​ប្តូរ​ដោយ​កណ្តាប់ដៃ​បាន​នាំ​ឲ្យ​កីឡាករ​ថៃ​លំបាក​ទប់ទល់ និង​វង្វេងវង្វាន់ ខណៈ​អាជ្ញាកណ្តាល​បាន​ចាប់​រាប់​ចំនួន​ ៨ ​ដល់​ទៅ​ ២ ​លើក​បន្ថែម​ទៀត​។

តាមរយៈ​នៃ​ការ​វាយ​ចេញ​ចំនួន​ ៤ ​ទឹក លន បញ្ញា ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ប្រៀប​ឈ្នះ​ដាច់ ប៉ុន្តែ​នៅ​តែ​ព្យាយាម​ចូល​វាយ​សម្រុក​បន្ថែម​រហូត ដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​។

ប៉ុន្តែ លន បញ្ញា ត្រូវ​បាន​កីឡាករ​ថៃ​ចូល​វាយ​ប្តូរ​វិញ​នៅ​ទឹក​ទី​ ៥ ហើយ​ត្រូវ​ទទួលរង​នូវ​កណ្តាប់ដៃ និង​ជង្គង់​ធ្ងន់ៗ​យ៉ាងច្រើន និង​ចាញ់​ប្រៀប​កីឡាករ​ថៃ​ដាច់​ក្នុង​ទឹក​ចុងក្រោយ​នេះ ប៉ុន្តែ​ស្នូរ​ជួង​បាន​បញ្ចប់​នាំ​ឲ្យ​ លន បញ្ញា រួច​ផុត​ពី​សន្លប់ និង​ទទួល​បាន​លទ្ធផល​ឈ្នះ​ទាំង​គ្រាំគ្រា​ផងដែរ​។

ក្រោយ​ការប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ កីឡាករ​ លន បញ្ញា ទទួល​បាន​ពិន្ទុ​ឈ្នះ​កីឡាករ​ថៃ​ពី​សំណាក់​ចៅក្រម​ទាំង​ ៥ ដោយ​ពិន្ទ​ ៥ ​ទល់​ ០ មាន​ពិន្ទុ​សរុប​ ៧ ​ពិន្ទុ ដើម្បី​ឈរ​ក្នុង​លំដាប់​លេខ​ ១ ក្នុង​ពូល​កីឡាករ​កម្ពុជា ខណៈ​នៅ​សល់​ការប្រកួត​ ១ ​លើក​ទៀត​។

គ្រូបង្វឹក​របស់​ថៃ​ដែល​ជា​ឪពុក​បង្កើត​របស់ Chhav Vallit បាន​និយាយ​ថា កូនសិស្ស​របស់​លោក​មាន​កម្លាំង​ធ្លាក់​ចុះ​ដោយ​បញ្ហា​ហាត់​មិន​បាន​ដិតដល់ ពីព្រោះ​ភរិយា​របស់​គេ​ទើប​តែ​សម្រាល​បុត្រ​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ការប្រកួត​ធ្លាក់​ចុះ​ជាង​មុនៗ​ដោយ​បញ្ហា​ដូច​ជម្រាប​ជូន ប៉ុន្តែ​យ៉ាង​ណា​ក៏​មិនទាន់​អស់​សង្ឃឹម​ក្នុង​ការប្រកួត​លើក​ក្រោយៗ​ឡើយ​ដោយ​ត្រូវ​យក​ឈ្នះ​ឲ្យ​បាន​»៕