ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង លន បញ្ញា ហាក់​បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ ខណៈ​រូប​គេ​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ប្រចាំ​គ្រុប​ទី ​២ ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Link Loom ក្នុង​ព្រឹត្តិការណ៍ ​«កម្ពុជា​សង្វៀន​គុន​ខ្មែរ» នៅ​ CNC នា​ព្រឹក​ថ្ងៃ​សៅរ៍ ចំណែក​ជើង​ខ្លាំង​កំពុង​ធ្លាក់​ប្រជាប្រិយ ធឿន ធារ៉ា ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព នៅ​ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ។

ភាព​ស្ទាក់ស្ទើរ​​របស់ លន បញ្ញា នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ ត្រូវ​បាន​សាមី​​ខ្លួន​បង្ហើប​ប្រាប់​កាល​ពី​ម្សិលមិញ​ថា មក​ពី Link Loom ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​វ៉ៃ​ឲ្យ​រូប​គេ​ឲ្យ​​សន្លប់ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​លើ​សង្វៀន CNC នេះ​តែ​ម្តង។ លន បញ្ញា បាន​ប្រាប់​ថា៖ ​«ការ​ប្រកួត​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា យ៉ាង​ម៉េច​ទេ ព្រោះ​ថៃ​ម្នាក់​នេះ ជា​ជើង​ខ្លាំង ហើយ​ធ្លាប់​វ៉ៃ​ឲ្យ​ខ្ញុំ​សន្លប់​ក្នុង​ទឹក​ទី ​២ ម្តង​ហើយ»។

សិស្ស​គណ​​របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ លន បញ្ញា បាន​បន្ថែម​ថា៖ ​« Link Loom នៅ​តែ​ល្អ​ដដែល! គេ​មាន​​ផ្លែ​ល្អ ហើយ​ក៏​ខ្ពស់​ជាង​ខ្ញុំ​បន្តិច​ផង​ដែរ។ គេ​ល្អ​ជង្គង់ កែង និង​ទាត់ អ៊ីចឹង​ខ្ញុំ​មិន​ទាន់​ដឹង​ថា ការ​ប្រកួត​នេះ វា​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ គឺ​​ដល់​ពេល​ប្រកួត​ទើប​ដឹង»។

នៅ​មុន​ការ​ឡើង​មក​ជួប​គ្នា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ប្រចាំ​គ្រុប​ទី ​២ ​នេះ លន បញ្ញា និង Link Loom សុទ្ធ​តែ​បាន​ទទួល​ជ័យ​ជម្នះ​ចំនួន​ ​២ ​ប្រកួត​​ដូច​គ្នា ខណៈ​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ លន បញ្ញា បាន​យក​ឈ្នះ​ជន​រួម​ជាតិ ពុទ្ធ សំបូរ ហើយ ជើង​ខ្លាំង Link Loom ក៏​បាន​ឈ្នះ​ជន​រួម​ជាតិ​របស់​គេ Dav Visseth ដូច​គ្នា។

ជាមួយ​គ្នា​នេះ​កីឡាករ​កម្ពុជា ពុទ្ធ សំបូរ និង Dav Viseth ​ក៏​នឹង​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០ ​ដុល្លារ និង ​១ ០០០ ​ដុល្លារ។ ចំណែក លន បញ្ញា និង Link Loom គឺ​អ្នក​ឈ្នះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០ ​ដុល្លារ និង​ម៉ូតូ Zoomer X ១ ​គ្រឿង ចំណែក​អ្នក​ចាញ់​​​បាន​​លេខ ២ ក៏​ទទួល​បាន​ប្រាក់​រង្វាន់ ​​២ ០០០ ​ដុល្លារ​ផង​ដែរ។

បន្ថែម​លើ​នេះ អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ ប្រចាំ​គ្រុប​ទី ​២ ​នេះ នឹង​ទទួល​បាន​ឱកាស​​ដ៏​ពិសេស គឺ​ការ​​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​ម្ចាស់​ជើង​ឯក​ប្រចាំ​គ្រុប​ទី ​១ គឺ ម៉ឺន មេឃា ដើម្បី​ប្រជែង​គ្នា​យក​ខ្សែ​ក្រវាត់​ទម្ងន់ ​៦០ ​គីឡូ​ក្រាម នៃ​ព្រឹត្តិការណ៍ ​«កម្ពុជា​សង្វៀន​គុន​ខ្មែរ» នេះ អម​ដោយ​​ប្រាក់​រង្វាន់ ​៦ ០០០ ដុល្លារ ខណៈ​អ្នក​ចាញ់​ក៏​បាន ​៣ ០០០ ដុល្លារ​ផង​ដែរ។

នៅ​ពេល​សួរ​បញ្ជាក់​ពី​ការ​ប្រជែង​យក​ឱកាស​ដ៏​ពិសេស​នេះ កីឡាករ លន បញ្ញា បាន​បញ្ជាក់​ថា៖ ​«​បើ​ទោះបី​ជា​ខ្ញុំ​ធ្លាប់​បាន​សន្លប់​ក្រោម​ស្នាដៃ​ Link Loom ប៉ុន្តែ​ខ្ញុំ​គ្មាន​ភាព​តក់​ស្លុត ឬ​ភ័យព្រួយ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ និង​បាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​ជា​បន្ត​ទៀត»។

ចំណែក​ជើង​ខ្លាំង ធឿន ធារ៉ា ដែល​ទើប​ទទួល​រង​ការ​បរាជ័យ​ទាំង​វេទនា​ខ្លួន ក្រោម​ស្នាដៃ​ជើង​ខ្លាំង​របស់​​ថៃ Awatan ចំនួន ​២ ​លើក​ផ្ទួនៗ​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ Khun Deth។ គេ​នៅ​មិន​ទាន់​ដឹង​ថា ធឿន ធារ៉ា អាច​យក​ឈ្នះ​ថៃ​ម្នាក់​នេះ ដើម្បី​ស្តារ​មុខ​មាត់​បាន​មក​វិញ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថៃ​ម្នាក់​នេះ ក៏​មាន​ស្ពាយ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ជាប់​ខ្លួន​ផង​ដែរ៕