ភ្នំពេញ: ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ Wurkz ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​សង្វៀន SEATV រាល់ៗ​ល្ងាច​ថ្ងៃ​អាទិត្យ​បាន​រកឃើញ​អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ទោះបី​ជា​នៅ​សល់​វគ្គ​ជម្រុះ​ ១ ​សប្តាហ៍​ទៀត​ក៏ដោយ ព្រោះ​ការប្រកួត​នៅ​សល់​នោះ​គ្រាន់​តែ​ជា​ការប្រកួត​បង្គ្រប់កិច្ច​តាម​រូបមន្ត​តែ​ប៉ុណ្ណោះ​។

តាមរយៈ​ការប្រកួត​ចំនួន​ ៨ ​សប្តាហ៍​កន្លង​មក និង​ការប្រកួត​បញ្ចប់​វគ្គចម្រុះ​កាលពី​ថ្ងៃ​អាទិត្យ គណៈកម្មការ​បាន​បូក​សរុប​ឃើញ​ថា​នៅ​ពូល​ A មាន​កីឡាករ លន បញ្ញា មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ និង​កីឡាករ​ថៃ Supper Man បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ចុង​ខែ​មីនា​ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់ និង​ទឹកប្រាក់​អម​ចំនួន​ ៥០០០ ​ដុល្លារ​អាមេរិក​។

កីឡាករ លន បញ្ញា ដែល​ឆ្លងកាត់​ការប្រកួត​បាន​ ៤ ​លើក​ជាមួយ​ថៃ​គឺ​បាន​ឈ្នះ​ ៣ និង​ចាញ់​ ១ ​ដង​មាន​ ១០ ​ពិន្ទុ​ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ​ប្រចាំ​ពូល​កម្ពុជា រីឯ​កីឡាករ​កម្ពុជា​ ៣ ​នាក់​ទៀត​មាន សារឿន ច័ន្ទ មកពី​ក្លិប​តាព្រហ្ម​មានជ័យ ហេង វាសនា របស់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង និង ធឿន ធី មកពី​ខេត្ត​សៀមរាប​សុទ្ធ​តែ​ធ្លាក់​ចេញ​ទាំងអស់​។

ដោយឡែក​អ្នក​ប្រដាល់​ថៃ Supper Man ទោះបី​នៅ​សល់​មួយ​ប្រកួត​ទៀត​ក៏ដោយ ក៏​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តំណាង​ឲ្យ​ពូល​ថៃ​ផង​ដែរ ព្រោះ​ ៣ ​ប្រកួត​កន្លង​មក​គេ​បាន​ឈ្នះ​ទាំង​ ៣ មាន​ ៩ ​ពិន្ទុ​។ ហេតុនេះ បើ​ទោះបី​ជា Super Man ចាញ់​នា​ការប្រកួត​ចុងក្រោយ​ក៏​នៅ​តែ​មាន​ឱកាស​ឡើង​ដដែល​។

សម្រាប់​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ លន បញ្ញា បាន​យក​ឈ្នះ​លើ​ថៃ YorthKatangyou ក្នុង​ពិន្ទុ​ ៥ ​ទល់​ ០ ប៉ុន្តែ​ក្នុង​លក្ខណៈ​តឹងតែង​បំផុត​ដែល​តស៊ូ​រហូត​ ៥ ​ទឹក​ពេញ​។ នៅ​ ៣ ​ទឹក​ដំបូង លន បញ្ញា មាន​ប្រៀប​ពិន្ទុ​នាំ​មុខ​ដោយ​ក្បាច់​ជង្គង់ និង​វាយ​ចេញ​បាន​ល្អ ហើយ​ ២ ​ទឹក​ចុង​ក្រោយ​មាន​ប្រៀប​បន្តិចបន្តួច​ដោយ​ទទួលរង​ស្នៀត​ទាត់​យ៉ាង​ច្រើន​ពី Yorth Katangyou​។

ចំណែក​កីឡាករ ធឿន ធី បាន​ទប់ទល់​ជាមួយ​ថៃ Chhav V-allit ត្រឹម​ទឹក​ទី​ ៣ ​ប៉ុណ្ណោះ​។ ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ការប្រកួត​របស់ ធឿន ធី ចំនួន​ ៤ ​លើក​ក្នុង​អំឡុង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​នេះ​គឺ​បាន​ចាញ់​អ្នក​ប្រដាល់​ថៃ​ទាំងអស់ ប៉ុន្តែ​ការប្រកួត​របស់ ធឿន ធី គឺ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​។

លោក ញាន សុធី នាយក​គ្រប់គ្រង​ការប្រកួត​ប្រចាំ​សង្វៀន SEATV បាន​ប្រាប់​ថា​៖ «​សមាសភាព​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​នេះ​គឺ​ល្អ ហើយ​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង​ ២ សុទ្ធតែ​ខ្លាំង​ដូច​គ្នា​ហើយ​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​យើង​ទុក​ពេល​ចំនួន ​២ ​សប្តាហ៍​ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​បាន​ល្អ​នឹង​ត្រៀម​ការប្រកួត ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០១៩»​។

ចំណែក​លោក ធន់ សុភា គ្រូបង្វឹក​របស់​កីឡាករ លន បញ្ញា បាន​និយាយ​ថា​៖ «​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Supper Man ដើម្បី​ដណ្តើម​ខ្សែក្រវាត់ និង​ប្រាក់​ចំនួន​ ៥០០០ ​ដុល្លារ​នេះ​គឺជា​ការប្រកួត​មួយ​ដ៏តឹងតែង​បំផុត ប៉ុន្តែ​យើង​សល់​ពេល​ ២ ​សប្តាហ៍​ក្នុង​ការបង្វឹក​ឲ្យ លន បញ្ញា មាន​កម្លាំង​ថែទាំ​សុខភាព ព្រម​ទាំង​បង្កើន​ក្បាច់គុន និង​ស្នៀត​ប្រយុទ្ធ​ឲ្យ​បាន​ល្អ​»​។

គួររំឭក​ថា​កីឡាករ លន បញ្ញា ធ្លាប់​បាន​ចាញ់​ជើង​ខ្លាំង​របស់​ថៃ Supper Man យ៉ាង​គ្រាំគ្រា​ម្តង​ហើយ​សម្រាប់​ការជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​៕