ភ្នំពេញ៖ ការ​វិល​មក​ជួប​គ្នា​រវាង​កីឡាករ​ជម្រើសជាតិ​គុនខ្មែរ លន បញ្ញា និង យ៉េន ឌីណា (ប៉ោ ភារិទ្ធ) នៅ​លើ​សង្វៀន​បាយ័ន នា​យប់​ថ្ងៃសុក្រ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំងពី​អ្នកទស្សនា ព្រោះ​អ្នកទាំង​ ២ ​នេះ សុទ្ធតែ​ជើងខ្លាំង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​នេះជាការ​ប្រកួត​សងសឹក នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដែលជា​ទម្ងន់​ពិត​របស់ យ៉េន ឌីណា ផងដែរ ប៉ុន្តែ​ភាគី លន បញ្ញា នៅតែ​មាន​ការជឿជាក់​ថា នឹង​ដណ្តើម​បានជ័យជម្នះ​ជា​ថ្មី​ម្តង​ទៀត។

នៅ​ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ​ លន ​បញ្ញា ​ល្បី​ខ្លាំង​ ដោយ​បាន​ផ្តួល​ជើង​ចាស់​មួយ​ចំនួន​ឱ្យ​​សន្លប់ ​មាន​ដូច​ជា ​មុត ​ខ្លឹម​ខ្មៅ​, ផល ​សោភ័ណ្ឌ​ និង​ គង់ ​សំបូរ ​ជា​ដើម ​ពិសេស​រូបគេ ក៏​​ធ្លាប់​​យក​ឈ្នះ​ យ៉េន​ ឌីណា​ ​នៅ​សង្វៀន​ PNN កាលពី​ចុង​ឆ្នាំ​ ២០២០ ផងដែរ​។

ចំណែក​​ខ្លា​ចាស់​ចិត្ត​ធ្ងន់ ​វ៉ៃ​តាម​បច្ចេកទេស ​យ៉េន ​ឌីណា​ ​វ៉ៃ​មិន​កាច​ទេ​ តែ​ស្រង់​យក​ពិន្ទុ​បាន​ល្អ​។ ​​សិស្សរបស់​​លោក ​អេ​ ភូថង ​​រូប​នេះ បាន​​ឈ្នះ​ស្ទើរ​​គ្រប់​ប្រកួត​ទៅហើយក្នុង​ពេល​បច្ចុប្បន្ននេះ ជា​​ពិសេស​នៅ​សង្វៀន ​CNC ដោយ​រូបគេ​​ទើប​តែ ​សូត្រ​ ប៊ុនធី, ​ឡុង​ ​ប៉េនលឿន និង​ឡុង​ សំណាង ដែល​​សុទ្ធ​តែជា​ជើង​ខ្លាំង​។

​ទោះ​យ៉ាង​ណា លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​ លន ​បញ្ញា បាន​​និយាយ​ថា​៖ «​កម្លាំង ​និង​ការ​វាយ​លុក​របស់ ​លន ​បញ្ញា​ នឹង​យក​ឈ្នះ​ យ៉េន ​ឌី​ណា ​ម្តង​ទៀត ជា​​មិន​ខាន។​ ទោះ​ជា​យ៉ាង​ណា​មិន​មែន​ស៊ី​ផុយ​ទេ​ ​ប្រោះ​ល្បិច​របស់ ​យ៉េន ​ឌីណា​ ចាំ​ឆ្មក់​ ទាត់​ល្អ​ និង​កែង​ល្អ​ គឺ​មាន​ប្រ​សិទ្ធភាព​ណាស់​»។

អតីតជើងខ្លាំង ធន់ សុភា បាន​​ប្រាប់បន្ថែម​ទៀត​ថា៖​«ចំណុច​ខ្សោយ​​របស់ ​លន ​បញ្ញា​ អាច​ចាញ់​ ដោយ​ភ្លាត់​ស្នៀត​ចូល​កែង ​តែ​មួយ​ស្នៀត​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រៅ​ពី​នេះ​ មាន​ប្រៀប​ផ្នែក​កម្លាំង​ទាំង​ស្រុង​ គឺ​និយាយ​ទៅ​ មាន​ភាគ​រយ​ឈ្នះ​ខ្ពស់​ជាង»​។​

ចំណែក​លោក​ ពេជ្រ ​សុផាន់ ដែល​​ជា​សិស្ស​ច្បង​របស់ យ៉េន ឌីណា តែ​បាន​វិវឌ្ឍ​ខ្លួន​មកជា​គ្រូ​បង្វឹកម្នាក់ទៅ​ហើយ​នោះ បាន​និយាយ​ថា៖​ «យ៉េន ​ឌីណា​ អាច​ទប់​ទល់​បាន​ ​ព្រោះ​ លន ​បញ្ញា​ អាច​មាន​បញ្ហា​លំបាក​បញ្ចុះ​ទម្ងន់ ​ពី​ ៦៧ ​គីឡូក្រាម​ មក​វ៉ៃ​​ក្នុង​ ៦៣,៥​ គីឡូក្រានេះ គឺ​​មិន​មែន​ចេះ​តែវាយ​​សម្រុក​បាន​នោះ​ទេ ​គឺ​អាច​គ្រោះ​ថ្នាក់ ​ដោយ​សារ​ការ​ចាំ​ស្រង់​របស់​ ឌីណា​ ក៏ថា​បាន​ ប៉ុន្តែ​​គូ​នេះ ​គឺ​នឹង​ជក់​ចិត្ត​ខ្លាំង​ ​ព្រោះ​មួយ​អាង​កម្លាំង​ រីឯ​មួយទៀត ​អាង​វាយ​ឆ្មក់»​។​

គួរ​បញ្ជាក់ថា ​ទាំង យ៉េន ឌីណា និង លន បញ្ញា សុទ្ធ​តែប្រ​កួត​​ដណ្តើម​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​ថ្នាក់ជាតិ ​ប្រចាំ​ឆ្នាំ​ ២០២១​ នេះ ​ក្នុង​ប្រភេទ​ទម្ងន់​ខុស​គ្នា​។ ​បន្ថែម​លើស​ពី​នេះ​ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពី​សង្វៀន​ឯក​ជន​ដូច​គ្នា ​គ្រាន់​តែ​ យ៉េន ​ឌី​ណា ​ជាជើង​ចាស់ ឯ ​លន ​បញ្ញា ជា​ជើង​ថ្មី​ជាង​៕