ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ​ លន បញ្ញា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ដែល​ទើប​តែ​ឈ្នះ​​បាន​ខ្សែ​ក្រវាត់ WURKZ ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​ថ្មីៗ​កន្លង​មក​នេះ​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់​ថៃ​​ Re Da ​ហើយ​​រក្សា​​ជ័យជម្នះ​របស់​ខ្លួន​​បាន​​យ៉ាង​ល្អ​ ប៉ុន្តែ​ក៏​ឈឺ​ខ្លួន​​បន្តិច​ដែរ​ ចំណែក​អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់​ យុគ យក្សផ្លែ ​មកពី​ក្លិប​បូរីរាជសីហ៍​មានរិទ្ធ ​បាន​ផ្តួល​កីឡាករ​ថៃ Yout Chhai ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣ ​ដើម្បី​​ស្តារ​មុខមាត់​ឡើង​វិញ​ក្នុង​ទម្ងន់​​ ៥៧ ​គីឡូក្រាម​​​ ហើយ​ការប្រកួត​នេះ​បាន​ធ្វើឲ្យ​កក្រើក​សង្វៀន​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​​។

លន បញ្ញា ដែល​ទើប​តែ​ឈ្នះ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពី​ជើង​ខ្លាំង​របស់​ថៃ ​Supper Man ​ទាំង​ចម្រូងចម្រាស​កន្លង​មក​នេះ​បាន​ការពារ​កិត្តិយស​​​ល្អ​ប្រសើរ ​ទោះបី​ជា​ការប្រកួត​​នេះ​មាន​លក្ខណៈ​​តឹងតែង​ក្នុង​ពេល​ប៉ះ​ជាមួយ​ជើង​ចាស់​ថៃ Re Da ​ក៏​ដោយ​។ ក្នុង​​ស្ថានភាព​ប្រកួត​ទាំង​​ ៥ ​ទឹក ​Re Da​ បាន​ធ្វើឲ្យ​ លន បញ្ញា ស្ថិត​ក្នុង​លក្ខណៈ​លំបាក​នៅក្នុង​ ២ ​ទឹក​ដំបូង ជាពិសេស​នៅ​ក្នុង​ទឹក​ទី​ ២ ​តែ​ម្ដង​ដោយសារ​​ស្នៀត​ទាត់​ល្វែងក្រោម​ និង​កណ្តាប់​ដៃ​ស្តាំ​ធ្ងន់ៗ​ចូល​ផ្ទៃ​មុខ ​បាន​ធ្វើឲ្យ លន​ បញ្ញា ពិបាក​នឹង​វាយតប​ត​វិញ​បាន និង​មាន​ប្រៀប​ពិន្ទុ​លើ លន បញ្ញា ​ផង​ដែរ​។

ប៉ុន្តែ​ការប្រកួត​​​ ៣ ​ទឹក​ចុង​ក្រោយ លន ​បញ្ញា ​បាន​ប្តូរ​យុទ្ធវិធី​ដោយ​បញ្ចេញ​ក្បាច់​ជង្គង់​ចូល​ចំ​គោលដៅ​បាន​ល្អ​ព្រម​ទាំង​បញ្ចេញ​​ស្នៀត​ទាត់​សន្ធប់​ជា​ច្រើន​ទៅ​លើ Re Da ធ្វើឲ្យ​គូ​ប្រកួត​ខ្លួន​​ទ្រុឌទ្រម​កម្លាំង​កាន់​តែ​​ខ្សោយ​ជាង​មុន ​មិន​សូវ​ហ៊ាន​ចូល​វាយ​សម្រុក​ទៀត​ ហើយ​ស្ថានភាព​ប្រកួត​បែប​នេះ​បាន​ជួយ​ឲ្យ លន បញ្ញា​ មាន​ប្រៀប​ឈ្នះ​ពិន្ទុ​ដាច់​តែ​ម្តង​ដោយ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​សង្វៀន SEATV បន្ទាប់ពី​រូប​គេ​បាន​​ឈ្នះ​ខ្សែ​ក្រវាត់​មក​នោះ​គឺ​ការពារ​ជ័យជម្នះ​ខ្លួន​បាន​ល្អ​ ប៉ុន្តែ​ក៏​ឈឺ​ខ្លួន​បន្តិច​ដែរ​ទោះ​ជា​មាន​ប្រៀប​ដាច់​ខាង​ឱប និង​​ឡើង​ជង្គង់​​ក៏ដោយ​។

ដោយឡែក​អ្នក​លេង​កណ្តាប់​ដៃ យុគ យក្សផ្លែ បាន​​ស្វាគមន៍​អ្នកប្រដាល់​ថ្មី​​របស់​ថៃ Yout Chhai ​ដោយ​ផ្តួល​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣​។​ នៅក្នុង​ការប្រកួត​​ ២ ទឹក​ដំបូង យក្ស​ផ្លែ មាន​សភាព​​លំបាក​ទប់ទល់​នឹង​កីឡាករ​ថៃ​នេះ​ដោយសារ​គូ​ប្រកួត​ថ្មី​របស់​ខ្លួន​នេះ​បាន​​បោះ​ជង្គង់​ស្កាត់​បាន​ល្អ​​ និង​វាយ​លក្ខណៈ​ប្រយោល​ មិន​ឲ្យ​ យក្សផ្លែ ​ចូល​ទៅ​ជិត​ធ្វើឲ្យ​ក្បាច់​កណ្តាប់​ដៃ​ពិឃាត​របស់​ យក្សផ្លែ វាយ​មិន​ត្រូវ​ចំ​គោលដៅ​បាន​ល្អ​​នោះ​ទេ​។

ទោះ​ជា​យ៉ាងណា​ឈាន​ចូល​ដល់​ទឹក​ទី​ ៣ យក្សផ្លែ ​បាន​ប្រើ​តែ​ក្បាច់​កណ្តាប់​ដៃ​សុទ្ធ​ដោយ​ដើរ​ចូល​​វាយ​សម្រុក​គ្មាន​បន្ធូរ​ដៃ​ធ្វើឲ្យ​ថៃ Yout Chhai ​ដួល​នៅ​ក្បែរ​សង្វៀន ​ហើយ​អាជ្ញាកណ្តាល​លោក នួន បូរ៉ា បាន​​រាប់​ដល់​ចំនួន​​ ១០ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​នៅ​តែ​មិន​អាច​ងើប​រួច​គឺ​សុំ​ចុះ​ចាញ់​​តែ​ម្តង​។

សម្រាប់​​លទ្ធផល​ផ្លូវការ​គឺ យុគ យក្សផ្លែ បាន​​ឈ្នះ​​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​សប្បាយ​រីករាយ​។​ ចំណែក​គូ​ថ្នាក់​ជាតិ​ដែល​ប្រកួត​ជក់ចិត្ត​គឺ​​កីឡាករ រឿន សុខលី ​មកពី​ក្លិប​ព្រែកឯង​កីឡា​បាន​​ប្រកួត​​ឈ្នះ​កីឡាករ​ជម្រើស​ជាតិ​ក្នុង​​ទម្ងន់​ ៥៤ ​គីឡូក្រាម​គឺ សូត្រ វាសនា ​មកពី​ក្លិប​បក្សី​ស្លាប​ដែក​ ដោយ​ពិន្ទុ​៕