ភ្នំពេញ៖ ​កីឡាករ​ជា​ម្ចាស់​ជើង​ឯក​ទម្ងន់ ​៥៧ ​គីឡូក្រាម ​លាភ​ រដ្ឋា​ បាន​ដំឡើង​​ទម្ងន់​ឡើង​មក​ប្រកួត​ក្នុង​ទម្ងន់ ​៦០ ​គ.ក្រ ​ជាមួយ​ជើង​ខ្លាំង​ថៃ ​Kamlay Yuok ​ដែល​ធ្លាប់​បង្ក្រាប​កីឡាករ​ខ្មែរ​ច្រើន​នាក់​​មក​ហើយ ​ហើយ​អ្នក​ទាំង ​២ ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា​នៅ​សង្វៀន ​SEATV​ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ គឺ​ជា​គូ​ដែល​មាន​សមត្ថភាព​ភាព​វ៉ៃ​សម្រុក​ ដោយ​ក្បាច់​ចម្រុះ ​មិន​ដក​ថយ​ដូច​គ្នា ​ដែល​សម​គ្នា​បំផុត​​។​

សិស្ស​គណ​​ក្លិប​ដី​ឡូត៍​មាន​រិទ្ធ​ខេត្ត​បន្ទាយមានជ័យ​ លាភ រដ្ឋា ធ្លាប់​ឈ្នះ​ជើង​ឯក​នៅ​សង្វៀន ​TV5​ និង​ធ្លាប់​ឈ្នះ​ជើងឯក​រង​នៅ​សង្វៀន ​SEATV ​នោះ មាន​​ប្រវត្តិ​ប្រកួត ​៦៨ ដង​ឈ្នះ ៥៣​ ​ចាញ់ ​១៣ និង​ស្មើ ២ ដង​។ ​ចំណែក​ ​Kamlay Yuok​ ​ធ្លាប់​ប្រកួត​​បាន​ ​៩៥ ដង​ ឈ្នះ ៧៧ ​ដង ​ចាញ់ ១៧​ ​និង​ស្មើ ​១ ដង​ ប៉ុន្តែ​ទឹក​ចិត្ត​ប្រកួត​ និង​កម្លាំង​ដៃ ​លាភ ​រដ្ឋា ​មាន​ប្រៀប​ជាង តែ ​ចំណែក​ KamlayYuok ក៏​​មាន​ប្រៀប​ផ្នែក​ទាត់ ​និង​ជង្គង់ ​ព្រម​ទាំង​ទេពកោសល្យ​ផ្លាស់ទី និង​​ចេញ​ចូល​​បាន​លឿន​ល្អ​ជាង​ផង​ដែរ​។

ជំនួប​រវាង​អ្នក​​ទាំង ២ ​រូប​នេះ ​គឺ​ជា​ការ​កម្រ​ ដែល​គេ​ជឿ​ថា ​នឹង​វ៉ៃ​គ្នា ៥ ​ទឹក ​មិន​ងាយ​សន្លប់​ឡើយ​ ហើយ​ក៏​​អាច​ចាត់​ទុក​ថា ​ជា​គូ​ដែល​ជក់​ចិត្ត ​និង​មាន​ប្រជាប្រិយ​បំផុត​ ស្រប​ពេល​ដែល​ក្បាច់​ប្រកួត​របស់​ពួក​គេ ​គឺ​វាយ​សម្រុក​មិន​ចេះ​ដក​ថយ​។ ​

លោក ​ញាន ​សុធី ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ SEATV​ បាន​និយាយ​ថា​៖ ​«គូ​នេះ​ដាក់​ឲ្យ​ប្រកួត​គ្នា​ក្នុង​លក្ខណៈ​សម​បំផុត​ ​ព្រោះ​សមត្ថភាព​វាយ​លុក​ ដូច​គ្នា ​កម្ពស់​ស្មើ​គ្នា​ និង​ទឹក​ចិត្ត​ក្លាហាន​ដូច​គ្នា​។​ ​ទោះ​ជា​យ៉ាង​ណា​ ការ​ចាញ់​ ឬ​ឈ្នះ​របស់​អ្នក​ទាំង ​២ ​ពិត​ជា​តឹងតែង ​និង​លំបាក​ទស្សន៍ទាយ​ណាស់​ ដោយសារ​ជំនាញ​បច្ចេកទេស ​រដ្ឋា ​ល្អ​ដៃ​ ហើយ​ Kamlay Yuok ល្អ​ជើង»​។​

ជាមួយ​គ្នា​នេះ​កីឡាករ ពុយ​ វណ្ណៈ របស់​​ក្លិប​ឃ្លាំង​មឿង​កីឡា​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Pek Thieng​ ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ ​គីឡូក្រាម​។ ​​គូ​នេះ​ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ សមត្ថភាព​របស់​ ពុយ​ វណ្ណៈ​ មិន​អាច​ទៅ​រួច​ជាមួយ​ Pek ​Thieng បាន​​នោះ​ទេ​ ​ព្រោះ​ក្នុង​ទម្ងន់​នេះ ​កីឡាករ​ខ្មែរ​ច្រើន​ណាស់​ ​បាន​ចាញ់​ក្រោម​ជង្គង់​របស់​ Pek ​Thieng ​។​

ពុយ​ វណ្ណៈ​ មាន​ប្រវត្តិ​ប្រកួត​ចំនួន ​៧១ ដង​ ឈ្នះ ៥៣ ​​ ចាញ់ ១៦ ​និង​ស្មើ ២ ​ដង​។ ចំណែក Pek Thieng វិញ​​ធ្លាប់​ប្រកួត​បាន ៧០ ដង​ ឈ្នះ ៥៨ ​ដង និង​ចាញ់ ១២ ដង ហើយ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ​២ ​នាក់​នេះ ​បើ​គ្មាន​អាថ៌កំបាំង ​ឬ​រឿងរ៉ាវ​អ្វី​នៅ​ពី​ក្រោយ​ទេ ​ពុយ ​វណ្ណៈ ​គ្មាន​សមត្ថភាព​អ្វី​យក​ឈ្នះ Pek Thieng ​នោះ​ឡើយ​។​

អ្នកគ្រូ ​សុខា​ ជា​អ្នក​គ្រប់គ្រង​កីឡាករ​ ពុយ ​វណ្ណៈ​ បាន​ប្រាប់​ថា​៖ «​​ស្នៀត ​ឬ​ក្បាច់​ប្រយុទ្ធ ​និង​សមត្ថភាព​របស់ ពុយ វណ្ណៈ ​មិន​ល្អ​លើស​ថៃ​ទេ ​ប៉ុន្តែ​គេ​ជា​កីឡាករ​គោរព​វិន័យ​ល្អ​ ហ្វឹកហាត់​ល្អ​ តស៊ូ​ក្នុង​ពេល​ប្រកួត​។​ ហេតុ​នេះ​ ​ពុយ ​វណ្ណៈ មាន​​កម្លាំង​ប្រកួត​ធានា​បាន​ល្អ ​ហើយ​សង្ឃឹម​​ឈ្នះ ​៦០ ​ភាគរយ​»៕​