ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ លាភ រដ្ឋា និង ធន់ អៀងឡៃ សុទ្ធ​តែ​មាន​ការ​ជឿជាក់​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៥៧ ​គីឡូក្រាម នៃ​កម្មវិធី​ Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ គឺ​អ្នក​ទាំង ​២ ហាក់​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់​បេក្ខភាព ២ នាក់​ទៀត​គឺ អេលីត កែវឡុង និង លន់ សៀកឡេង នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ដោយសារ​ការ​ប្រកួត​នេះ តម្រូវ​ឲ្យ​អ្នក​ទាំង ​៤ ធ្វើ​ការ​ចាប់​ឆ្នោត​គ្នា មុន​ការ​ប្រកួត​វគ្គ​ជម្រុះ​មាន​ត្រឹម ​៣ ​ទឹក ដើម្បី​រក​អ្នក​ឈ្នះ​ទាំង ​២ នាក់​ ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​​ត្រូវ​ប្រកួត​គ្នា​ ៩ នាទី​ពេញ គ្មាន​ឈប់​​តាម​ច្បាប់ Mas Fight នោះ លាភ រដ្ឋា និង ធន់ អៀងឡៃ ហាក់​បារម្ភ​ខ្លាច​ចាប់​ឆ្នោត​ប៉ះ​គ្នា​នៅ​វគ្គ​ជម្រុះ ព្រោះ​នឹង​មាន​ម្នាក់​ធ្លាក់ មិន​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

លាភ​ រដ្ឋា ​បាន​ប្រាប់​​ថា​៖ «​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​ ​៣ ​នាក់​នេះ ​ទោះ​​ខ្ញុំ​ចាប់​ឆ្នោត​ប៉ះ ​១ ណា​ ក៏​ធានា​យក​ឈ្នះ​បាន​ដែរ ​ប៉ុន្តែ​បើ​ប៉ះ​ ធន់ ​អៀង​ឡៃ ​វា​លំបាក​ឈ្នះ​បន្តិច ព្រោះ​​គេ​ល្អ​ដែរ​។​ ទោះ​យ៉ាង​ណា​ខ្ញុំ​​នឹង​ប៉ះ​ ​ធន់ ​អៀង​ឡៃ​ នៅ​វគ្គ​ណា​មួយជា​មិន​ខាន ​ប៉ុន្តែ​តាមរយៈ​ការ​ហ្វឹកហាត់​បាន​ល្អ ​និង​តាំង​ចិត្ត​វ៉ៃ​យក​លុយ​ធំ​ ខ្ញុំ​សង្ឃឹម​ឈ្នះ ​៩០ ​ភាគរយ​ តែ​​ការ​ប្រកួត​មាន​រយៈពេល ​៩ នាទី មិន​គិត​ពី​ពិន្ទុ​នោះ​ វា​អាច​ជា​បញ្ហា​មួយ​ ដែល​មិន​អាច​សម្រេច​បំណង​ បើ​ខ្ញុំ​​មិន​អាច​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ទេ​នោះ»​។​

លាភ ​រដ្ឋា ​ជា​កីឡាករ​លំដាប់​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ និង​ស្នៀត​ទាត់​ដ៏​អស្ចារ្យ​ ហើយ​ក្នុង​​ទម្ងន់ ​៥៧ ​គីឡូក្រាម​នេះ ​​រដ្ឋា ​ធ្លាប់​ចាញ់​​តែ ម៉ន ​សាម៉េត ​និង ​វ៉ាន់ ​វឿន​ ប៉ុណ្ណោះ។​ ចំណែក​ ធន់ ​អៀងឡៃ ​ក៏​​មាន​សមត្ថភាព​​ខ្ពស់​ក្នុង​ទម្ងន់​នេះ​ដែរ ដោយ​ធ្លាប់​ចាញ់ ​ម៉ន ​សាម៉េត​ ដែរ​ ប៉ុន្តែ​ទឹក​ចិត្ត​ប្រកួត​ធំ ​និង​មាន​មហិច្ឆតា​ក្លាហាន​ចង់​ឈ្នះ​ខ្លាំង។ ធន់ ​អៀងឡៃ ​និយាយ​ថា ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ​ប៉ុន្តែ​ធ្លាប់​ស្គាល់​ក្បាច់​គុន​ លាភ រដ្ឋា និង​សង្ឃឹម​ឈ្នះ​បាន​។​

ចំណែក​លោក​ ធន់ ​សុភា​ ជា​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ ​«អៀងឡៃ ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ណាស់​ ហើយ​ការ​ប្រកួត​នេះ មាន​តែ លាភ រដ្ឋា ប៉ុណ្ណោះ ជា​ឧបសគ្គ​ធំ ​ចំណែក​កីឡាករ ​អេលីត ​កែវឡុង ​និង ​លន់ ​សៀកឡេង​ អាច​និយាយ​ថា ​ឈ្នះ​ដោយ​ស៊ីផុយ​»។​

លោក​បាន​​បន្ត​ថា​៖ «​ក្នុង​ករណី​ ធន់ ​អៀងឡៃ ​និង ​លាភ​ រដ្ឋា​ ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ខ្ញុំ​សង្ឃឹម​​​ឈ្នះ ​៧០ ​ភាគរយ​ ​ព្រោះ​ទាំង​ការ​ហ្វឹកហាត់ ​គោរព​វិន័យ ​និង​ការ​ថែរក្សា​សុខភាព​របស់ ​អៀងឡៃ​ ល្អ​ណាស់​ ហើយ​មួយ​រយៈ​នេះ​ មិន​ដែល​ចាញ់​ទេ ​និង​ទើប​​ឈ្នះ​​ជើង​ចាស់ ​ឯម​ សុធី ​ផង​ដែរ​ ប៉ុន្តែ ​ធន់ អៀងឡៃ ក៏​ពិបាក​ផ្តួល លាភ រដ្ឋា ឲ្យ​សន្លប់ ត្រឹម​រយៈពេល ​៩ នាទី​នោះ​ដែរ ដោយសារ​មាន​កម្លាំង​រឹងមាំ​ដូច​គ្នា ហេតុ​នេះ​អ្នក​ទាំង ​២ ក៏​នឹង​ស្មើ​គ្នា​ផង​ដែរ»។

ចំណែក​​លោក ​ស៊ន ​អេលីត​ គ្រូ​បង្វឹក​ ​អេលីត ​កែវ​ឡុង បាន​​និយាយ​ថា​៖ «​កែវ​ឡុង ​កំពុង​ល្អ​ តែ​នៅ​ខ្ចី​វស្សា​ជាង ​ហើយ​ការ​ដាក់​ឲ្យ​ប្រកួត​នេះ ​គឺ​មិន​សង្ឃឹម​ឈ្នះ​ជា​ចម្បង​ទេ ​គ្រាន់​តែ​​ចង់​ឲ្យ​​ប៉ះ​ជើង​ខ្លាំង​ចាស់​វស្សា​ ដើម្បី​យក​បទពិសោធ​។​ ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ មិនមែន​ឡើង​ទៅ​ឲ្យ​គេ​វ៉ៃ​នោះ​ទេ​ គឺ​ឡើង​ទៅ​វ៉ៃ​គេ​ អស់​ពី​សមត្ថភាព ​ ប៉ុន្តែ​បើ​ប៉ះ​ លាភ ​រដ្ឋា ​ឬ ​ធន់ ​អៀ​ឡៃ​ នៅ​វគ្គ​ជម្រុះ ​គឺ​មិន​អាច​ឈ្នះ​បាន​ទេ»​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​