ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។

សម្រាប់​កីឡាករ ​លាភ ​រដ្ឋា ​មហាជន​ធ្លាប់​ស្គាល់​ច្បាស់​អំពី​ទម្ងន់​កណ្ដាប់​ដៃ ​ព្រម​ទាំង​ទឹក​ចិត្ត​ប្រកួត ​ពិសេស​ប្រជាប្រិយ​របស់​គេ ព្រោះ រដ្ឋា មាន​​ចិត្ត​ធំ​ខ្លាំង​ណាស់ ​ដោយ​មិន​ងាយ​ចុះ​ចាញ់​ដៃ​គូ​ងាយៗ​នោះ​ឡើយ​។ ​ចំណែក​ថៃ Phat Trey ដែល​ជួប លាភ រដ្ឋា លើក​​នេះ ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​​ប្រាប់​ថា​ មាន​ប្រវត្តិ​ឡើង​សង្វៀន​ប្រកួត​តិច​ជាង​បន្តិច​បន្ទួច​ គឺ Phat Trey ធ្លាប់​ប្រកួត ៥៩ ដង​ ឈ្នះ ​៤៦​ ​ចាញ់ ១២ ​និង​ស្មើ ១ ដង ឯ លាភ​ រដ្ឋា​ ​ប្រកួត​បាន ​៧១ ដង ឈ្នះ ៥៦ ​​ចាញ់ ១៣ ​និង​ស្មើ ​២ ដង។

លោក ​ញាន ​សុធី ​ប្រធាន​ផ្គូផ្គង នៅ SEATV ​​បាន​ប្រាប់​ថា​៖ ​«លាភ​ រដ្ឋា ​មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ ​កម្លាំង ​និង​ទឹក​ចិត្ត​ប្រកួត ​ប៉ុន្តែ​កីឡាករ​ថៃ​ Phat Trey ​យើង​មិន​ទាន់​ដឹង​ប្រាកដ​ថា​ជំនាញ​ផ្នែក​អ្វី​នោះ​ឡើយ​ ព្រោះ​ជា​កីឡាករ​ចំណូល​ថ្មី ​គេ​បញ្ជូន​តែ​ប្រវត្តិ​ប្រកួត​ប៉ុណ្ណឹង​ តែ​ការ​ពិត​ជាក់​ស្តែង​មិន​ទាន់​ឃើញ​នៅ​ឡើយ»​​។

ចំណែក​ ​ផាន់​ គ្រាន់​ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ថៃ​ Yorth Moeung​ ​ក្នុង​ទម្ងន់ ៦៥ ​គីឡូក្រាម​។​ផាន់ ​គ្រាន់ ​ដែល​ខិតខំ​សម្រក​ទម្ងន់​ពី ៦៨​ មក​ត្រឹម​ ៦៥ គីឡូក្រាម​នោះ​ គេ​មាន​ប្រវត្តិ​ប្រកួត​បាន​ ​១៣៦ ដង ​ឈ្នះ ១១០​ ​ចាញ់ ២៤ និង​ស្មើ ​២ ​ដង ​ចំណែក​ការ​​ប្រកួត​ចុង​ក្រោយ​សន្លប់​ក្រោម​ស្នៀត​ជង្គង់​ថៃ​។​ ចំពោះ​ Yorth Moeung ​វិញ​ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ ប៉ុន្តែ​មាន​ប្រវត្តិ​ប្រកួត​បាន ​៧១ ​ដង ឈ្នះ ​៥៧ ​ចាញ់ ១៣​ ​និង​ស្មើ ​១ ដង​​។​

លោក​ កៅ​ ឡាក់ ​ដែល​ចូល​ខ្លួន​មក​ជា​គ្រូ​បង្វឹក ​បន្ថែម​និយាយ​ថា៖ ​«​​ផាន់ ​គ្រាន់​ ទឹក​ចិត្ត​ប្រកួត​ធំ​ណាស់​ ហ៊ាន​ចូល​វាយ​មិន​ញញើត​ ប៉ុន្តែ​ការ​ហ្វឹកហាត់​មិន​សូវ​បាន​ល្អ​គ្រប់​គ្នាន់​ និង​បញ្ចុះ​ទម្ងន់​ច្រើន ​គឺ​ប្រឈម​ទៅ​នឹង​ការ​​ធ្លាក់​កម្លាំង ​ពិសេស​ប្រឈម​ទៅ​នឹង​ការ​សន្លប់ ​ប្រសិន​​ជា​​កីឡាករ​ថៃ​រូប​នេះ ​រឹងមាំ​ជាង​នោះ»​។

ចំណែក​លោក​ គង់ ​ចាន់ធីណា​ ប្រធាន​គ្រប់គ្រង​កីឡា​​របស់​ក្លិប​មកុដរាជសីហ៍​បាន​និយាយ​ថា៖​ «​ផាន់ ​គ្រាន់​ ហ្វឹកហាត់​បាន​តិច​តួច ​ដោយ​ជាប់​រវល់​ជួយ​រក​ស៊ី​ផ្គត់ផ្គង់​គ្រួសារ ​ហេតុ​នេះ​ការ​ប្រកួត​លើក​នេះ ​មិន​រំពឹង​ឈ្នះ​ច្រើន​​នោះ​ទេ​ ហើយ​ម្យ៉ាង​​ទៀត ​យើង​ក៏​មិន​ដឹង​ពី​សមត្ថភាព​កីឡាករ​ថៃ​នោះ​ មាន​កម្រិត​ណា​ដែរ​»។​

ផាន់ ​គ្រាន់​ បាន​ទទួល​ស្គាល់​ថា ​បញ្ហា​សម្រក​ទម្ងន់​ អាច​ប៉ះពាល់​​ផ្នែក​កម្លាំង ​ហើយ​បន្ថែម​ពី​លើ​នេះ​ ការ​ជាប់​រវល់​ជួយ​លក់​សាច់​ជ្រូក​ជាមួយ​គ្រួសារ ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​រូប​គេ​​មិន​សូវ​បាន​ហ្វឹកហាត់​ដិត​ដល់​មែន​។​ ​គ្រាន់​ បញ្ជាក់​ថា៖​​ ​«​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​បញ្ហា​ចាញ់​ ឬ​ឈ្នះ​លំបាក​និយាយ​មុន​ណាស់ ​ព្រោះ​មិន​ដែល​ឃើញ​ការ​ប្រកួត​របស់​គេ​សោះ​។ ទោះ​យ៉ាង​ណា ខ្ញុំ​​មាន​សង្ឃឹម​ឈ្នះ ក្នុង​ការ​ប្រកួត​ ៣ ទឹក​ដំបូង»៕