The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លាភ រដ្ឋា ប្រែ​ការ​ឈឺ​ចាប់ ដើម្បី​យក​ឈ្នះ Kamlaiyok

លាភ រដ្ឋា ប្រែ​ការ​ឈឺ​ចាប់ ដើម្បី​យក​ឈ្នះ Kamlaiyok

Content image - Phnom Penh Post
លាភ រដ្ឋា បាន​​ទាត់​ទៅ​លើ​កីឡាករ​ថៃ Kamlaiyok ក្នុងការ​ប្រកួតជម្រុះ​ដណ្តើមខ្សែ​ក្រវាត់មាស នៅសង្វៀន PNN។ រូប សហ​ការី

លាភ រដ្ឋា ប្រែ​ការ​ឈឺ​ចាប់ ដើម្បី​យក​ឈ្នះ Kamlaiyok

ភ្នំពេញ៖ ​ការ​ប្រៀប​ប្រដូច​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​របស់​អ្នក​គាំទ្រ​ដែល​ថា លាភ រដ្ឋា មាន​សមត្ថភាព​មិន​ដល់​កីឡាករ​ថៃ Kamlaiyok នោះ វា​បាន​ក្លាយ​ជា​ការ​ឈឺចាប់​មួយ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា លាភ រដ្ឋា ប៉ុន្តែ​កីឡាករ​មក​ពី​ជាយដែន​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បាន​ប្រែ​ក្លាយ​ពី​ការ​ឈឺ​ចាប់​នេះ ទៅ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​យក​ឈ្នះ​លើ Kamlaiyok នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​មាស​ទម្ងន់ ​៥៧ ​គីឡូក្រាម នៅ​លើ​សង្វៀន PNN កាល​ពី​​​​​​ថ្ងៃ​អាទិត្យ។

កីឡាករ​វ័យ ​២៥ ​ឆ្នាំ លាភ រដ្ឋា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​អំឡុង​ពេល​រូប​គេ កំពុង​ជិះ​ឡាន​ឈ្នួល​វិល​ត្រឡប់​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ​វិញ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​ «ជ័យជម្នះ​លើក​នេះ ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​អាច​ធ្វើ​បាន​បែប​នេះ​នោះ​ទេ ព្រោះ​តាម​ការ​លើក​ឡើង គេ​ថា កីឡាករ​ថៃ មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង​ខ្ញុំ ហើយ​ការ​វាយ​តម្លៃ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ មាន​ការ​អាក់អន់​ចិត្ត​ដែរ ដោយសារ​យើង​មិន​ដល់​គេ»។

កំលោះ​មិន​សូវ​ពូកែ​ខាង​វោហារស័ព្ទ លាភ រដ្ឋា បាន​បន្ត​ថា៖ ​«ខ្ញុំ​បាន​មើល​មតិ​​លើក​ឡើង​ជា​ច្រើន នៅ​លើ​ហ្វេសប៊ុក ហើយ​ក្នុង​នោះ​សូម្បី​តែ​ខ្មែរ​គ្នា​ឯង ក៏​បាន​ផ្តល់​ភាគរយ​ខ្ពស់​ទៅ​លើ​កីឡាករ​​ថៃ​ច្រើន​ដែរ ប៉ុន្តែ​ការ​រិះគន់ និង​ការ​​មើល​ងាយ​មក​លើ​សមត្ថភាព​ខ្ញុំ​នេះ ​វា​ជា​ភាព​ឈឺ​ចាប់ ដែល​​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​លើ Kamlaiyok លើក​នេះ ព្រោះ​មនុស្ស​យើង បើ​មិន​ចេះ​ទទួល​ស្គាល់​ពី​ការ​ពិត និង​ទទួល​យក​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​ទេ​នោះ ក៏​យើង​មិន​អាច​មាន​ភាព​រីក​ចម្រើន​ជាង​នេះ​ដែរ»។

សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ​នោះ លាភ រដ្ឋា ​​បាន​បើក​ការ​វាយ​លុក​ដោយ​គ្មាន​ការ​ញញើត​សោះ​ឡើយ។ បើ​ទោះបី​ជា​ រដ្ឋា បាន​មើល​ឃើញ​ថា Kamlaiyok ​មាន​សមត្ថភាព​ប្រកួត​កាន់​តែ​ល្អ ជាង​ពេល​ដែល​រូប​គេ​បាន​ប្រកួត​ស្មើ​គ្នា​កាល​ពី​ដើម​ឆ្នាំ ​២០១៩ ប៉ុន្តែ​ការ​ទាត់ និង​កណ្តាប់​ដៃ​វាយ​ចេញ​របស់ លាភ រដ្ឋា បាន​ធ្វើ​ឲ្យ Kamlaiyok ហាក់​មាន​ភាព​រអា​ក្នុង​ការ​ចូល​ប្តូរ និង​បាន​ចាញ់​ប្រៀប​បន្តិច​បន្តួច ស្ទើរ​គ្រប់​ទឹក​ដែរ។

លាភ រដ្ឋា បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​មាន​ប្រៀប​ទៅ​លើ​កណ្តាប់​ដៃ និង​ការ​ទាត់ ដោយសារ​ខ្ញុំ​វាយ​ចំ​គោលដៅ​ពេញ​ជាង។ បន្ថែម​លើ​នេះ ​ខ្ញុំ​បាន​ដឹង​ថា Kamlaiyok ល្អ​ជើង​ឆ្វេង ហេតុ​នេះ ខ្ញុំ​តែងតែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ជើង​ឆ្វេង​របស់​គេ ហើយ​នេះ​ជា​ចំណុច​ល្អ​មួយ ដែល​អាច​ជួយ​​ឲ្យ​​ខ្ញុំ​ចូល​វ៉ៃ​ប្តូរ​ទៅ​ប្តូរ​មក​ជាមួយ​គាត់​បាន និង​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់»។

ការ​យក​ឈ្នះ​លើ Kamlaiyok ដោយ​ពិន្ទុ​នេះ លាភ រដ្ឋា បាន​ក្លាយជា​បេក្ខភាព​ទី ​១ ​របស់​កម្ពុជា ដែល​បាន​ឡើង​ទៅ​ឈរ​ចាំ​នៅ​​វគ្គ​ជម្រុះ ​៨ ​ក្រុម​ចុង​ក្រោយ ជាមួយ​កីឡាករ​ថៃ Khom Pichit ដែល​បាន​ទម្លាក់​ខ្លា​ចាស់ ម៉ន សាម៉េត របស់​កម្ពុជា កាល​ពី​សប្តាហ៍​មុន។ ចំណែក​​កីឡាករ​កម្ពុជា ​៦ នាក់​ និង​ថៃ ​៦ នាក់​ទៀត នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​ជា​បន្ត​បន្ទាប់​គ្នា ដើម្បី​រក​អ្នក​ឈ្នះឲ្យ​គ្រប់​ចំនួន ​៨ នាក់។

យ៉ាង​ណា​ក៏​ដោយ លាភ រដ្ឋា បាន​គិត​ទុក​ជា​មុន​ថា ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ ​៨ នាក់​ចុង​ក្រោយ នឹង​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ចំពោះ​រូប​គេ​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​ជា​បន្ត​ទៀត។ រដ្ឋា បាន​និយាយ​ថា៖ ​«ខ្ញុំ​គិត​ថា នៅ​វគ្គ​បន្ទាប់​វា​កាន់​តែ​មាន​ការ​លំបាក ព្រោះ​វា​បាន​ឡើង​​មួយ​កម្រិត​ទៀត​ទៅ​ហើយ អ៊ីចឹង​អ្នក​ឡើង​ដល់​វគ្គ​នោះ ក៏​មាន​កម្រិត​ខ្លាំង​ជាង​វគ្គ​នេះ និង​មាន​ការ​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​ផង​ដែរ»។

ជា​មួយ​ក្តី​បារម្ភ​នេះ​កីឡាករ​មិន​សូវ​បាន​កម្ពស់ លាភ រដ្ឋា បាន​​តាំង​ចិត្ត​ថា៖ ​«តាមរយៈ​ការ​ប្រកួត​នេះ ខ្ញុំ​មើល​ឃើញ​ថា កម្លាំង​ស៊ុហ្វ​របស់​ខ្ញុំ​នៅ​ស្ទើរ​ហើយ​ការ​វាយ​ចេញ​របស់​ខ្ញុំ ក៏​មិន​ទាន់​ច្បាស់​ប៉ុន្មាន​ដែរ ហេតុ​នេះ​ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​បន្ថែម​ទៅ​លើ​ចំណុច​ខ្វះខាត​ទាំង​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្ញុំ​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គ​ជម្រុះ ​៨ នាក់​ចុង​ក្រោយ»៕

អត្ថបទគួរចាប់អារម្មណ៍