ភ្នំពេញៈ ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ ​គីឡូក្រាម​ក្រោម​ការចាប់អារម្មណ៍ និង​តាមដាន​ពី​មហាជន​នោះ​ត្រូវ​បាន​ប្រកួត​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅលើ​សង្វៀន SEATV ហើយ​ភាព​មន្ទិល​មិន​ច្បាស់លាស់​រវាង​កីឡាករ​កម្ពុជា វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំងមឿង និង​ លាភ រដ្ឋា មកពី​ខេត្ត​បន្ទាយមានជ័យ​ដោយ​មាន​ ១២ ​ពិន្ទុ​ស្មើ​គ្នា​នោះ គឺ​ត្រូវ​បាន​គណៈកម្មការ​វិនិច្ឆ័យ​សម្រេច​ឲ្យ លាភ រដ្ឋា បាន​ឡើង​ទៅ​ប៉ះ​កីឡាករ​ថៃ Dek Ken ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការផ្តួល​ថៃ Yorth Vandy ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ៥ របស់ លាភ រដ្ឋា កាលពី​ថ្ងៃ​សៅរ៍​នោះ​បាន​ធ្វើឲ្យ វ៉ាន់ វឿន ត្រូវ​ធ្លាក់​ចេញ​ទាំង​ឈឺ​ចុកចាប់​ស្រប​ពេល​ដែល​មហាជន និង​អ្នក​តាមដាន​ការប្រកួត​មួយ​ចំនួន​ធំ​នៅ​ស្រពេច​ស្រពិល​ព្រោះ​ទិន្នន័យ​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំង​ ២ គឺ​មាន​ពិន្ទុ​ស្មើ​គ្នា ហើយ វ៉ាន់ វឿន ផ្តួល​គូប្រកួត​ចំនួន​ ៤ ​លើក​លឿន​ជាង និង​មាន​នាទី​ខ្លី​ជាង តែ​បែរ​ជា​ធ្លាក់​គួរ​ឲ្យ​ឆ្ងល់​។

នៅ​ក្រោយ​ការប្រកួត​ចប់​ភ្លាម​លោក រាជ សុផែន អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ក្នុង​នាម​ជា​ប្រធាន​ស្នងការ​ប្រកួត​បាន​ឡើង​ពន្យល់ ដោយ​មាន​ផ្សាយ​ផ្ទាល់​ផង​ថា វ៉ាន់ វឿន ឈ្នះ​ដោយ​ផ្ទួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​ ៤ ​លើក​គឺ​ឈ្នះ​ក្នុង​ទឹក​ទី​ ១ ​ចំនួន​ ២ ​លើក ឈ្នះ​ទឹក​ទី​ ៣ ​ចំនួន​ ២ ​លើក និង​មាន​ ១២ ​ពិន្ទុ ប៉ុន្តែ​គណៈកម្មការ​គិត​ត្រឹម​តែ​សន្លប់​ ៣ ​ប្រកួត​ប៉ុណ្ណោះ​ដោយសារ​មួយ​ប្រកួត​ទៀត​គិត​ក្នុង​ប្រកួត​មិត្តភាព​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ទោះបី​ប្រកួត​ជាក់ស្តែង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទឹក​ ៣ ​ក៏ដោយ​។

លោក រាជ សុផែន បន្ត​ថា​៖ «​កីឡាករ លាភ រដ្ឋា ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទឹក​ទី​ ១ ​ចំនួន​ ២ ​លើក​ផ្តួល​ឲ្យ​សន្លប់​ទឹក​ ៣ ​ចំនួន​ ១ ​លើក និង​ផ្តួល​ថៃ​នៅ​ទឹក​ទី​ ៥ ​ថ្ងៃ​នេះ​អ៊ីចឹង​គេ​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយសារ​គណៈកម្មការ​បាន​គិត​ឲ្យ​សន្លប់​ទាំង​ ៤ មាន​ ១២ ​ពិន្ទុ​ដូច​គ្នា ព្រោះ​ការប្រកួត​ ៤ ​លើក​ដោយ​គ្មាន​អវត្តមាន ឬ​ជំនួស​គ្នា​ជា​ប្រកួត​មិត្តភាព​នោះ​ឡើយ​»​។

លាភ រដ្ឋា ត្រូវ​បាន​អាជ្ញាកណ្តាល​លើកដៃ​ឲ្យ​ឈ្នះ បន្ទាប់ពី​រូបគេ​បាន​ទាត់​ឲ្យ​ថៃ Yorth Vandy ខូច​ជើង។ យឺន ពន្លក

ទោះ​ជា​យ៉ាងណា​នៅ​តែ​មាន​មតិ​រិះគន់​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ក្នុង​នោះ​កីឡាករ​ថៃ​ទាំង​ ៤ ​នាក់​ក្នុង​វគ្គ​ជម្រុះ​បាន​ចាញ់​ទាំងអស់​មិន​ស្គាល់​ឈ្នះ​បាន​ម្តង​សោះ បែរ​ជា​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​អនុវត្ត​ផ្ទុយ​ពី​សង្វៀន​ដទៃ ដែល​សហព័ន្ធ​តែ​មួយ​មាន​ស្តង់ដា​ផ្សេង​គ្នា ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​នៅ​តែ​អះអាង​ថា «​នេះ​ជា​ច្បាប់​ប្រកួត​ដែល​បាន​ចែង​តាំងពី​មុន​ប្រកួត​ម្ល៉េះ​»​។

អ្វី​ដែល​មហាជន​ខ្លះ​មិន​ពេញចិត្ត​នោះ​គឺ​រឿង​ផ្ទៃក្នុង​ដែល​គេ​ដឹង​ថា​មិន​សូវ​សម​ទំនង ឬ​គ្មាន​តម្លាភាព ព្រោះ​លោក ថៃ អ៊ូ ក្នុង​តួនាទី​ដឹកនាំ​គ្រប់គ្រង​កីឡាករ​ថៃ​ផង និង​ជា​ប្រធាន​សមាគម​ប្រដាល់​ខេត្ត​បន្ទាយមានជ័យ​ផង ហើយ​ លាភ រដ្ឋា ហាត់​នៅក្នុង​សមាគម​នេះ​ទៀត​ដែល​គេ​មើល​ឃើញ​ពី​ភាព​សង្ស័យ​បាន​រីកប៉ោង​កាន់តែ​ធំ ទោះបី​ជា​ការប្រកួត​គ្មាន​ការឃុបឃិត​ណា​មួយ​ក៏ដោយ​។

ក្រឡេក​មើល​ទៅលើ​សង្វៀន​ប្រកួត​ជាក់ស្តែង វា​សម​ទំនង​ហាក់​ដូចជា​ការចោទប្រកាន់​ខ្លះ​ដែរ​ព្រោះ​ថៃ Yorth Vandy ឡើង​ប្រកួត​លើក​នេះ​វ៉ៃ​បាន​ល្អ ចេញ​ស្នៀត​ជង្គង់ និង​កែង​ចូល​គោលដៅ​ពេញៗ​ទៅលើ លាភ រដ្ឋា និង​មាន​ប្រៀប​ឈ្នះ​ដាច់​ទៅ​ហើយ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ទឹក​ទី​ ៥ ស្រាប់តែ​ថៃ​ម្នាក់​នេះ​ដួល​សន្លប់​ដោយ​ទាត់​ត្រូវ​ជើង សុំ​ចុះចាញ់​តែ​ម្តង ទោះបី​ជា​អាជ្ញា​កណ្តាល​រាប់​ដល់​ចំនួន​ ១០ ​ក៏ដោយ​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ លាភ រដ្ឋា បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ វ៉ាន់ វឿន ត្រូវ​បាន​ធ្លាក់​។ ប្រសិន​បើ លាភ រដ្ឋា ឈ្នះ ឬ​ចាញ់​ថៃ​ត្រឹម​ពិន្ទុ​នោះ​ក៏​គ្មាន​ពេល​បាន​ឡើង​នោះ​ដែរ​។

ប៉ុន្តែ​លោក ថៃ អ៊ូ បាន​ប្រតិកម្ម​នឹង​ការ​រិះគន់​ថា​៖ «​ខ្ញុំ​មិន​បាន​ធ្វើ​អំពើ​ថោកទាប​ណាមួយ​ ឬ​ឃុបឃិត​គ្នា​នោះ​ទេ​! ការ​ចាញ់ ឬ​ឈ្នះ​ជា​សមត្ថភាព​ប្រកួត​របស់​កីឡាករ​រៀងៗ​ខ្លួន ព្រោះ​កីឡាករ​ខ្មែរ​ណា​ឈ្នះ ក៏​ជា​របស់​ខ្មែរ​ដែរ​គឺ​ខ្ញុំ​អត់​មាន​គំនិត​ដូច​គេ​ចោទ​នោះ​ទេ​»​។

ចំណែក​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV បាន​និយាយ​ថា​៖ «​រូបមន្ត​ប្រកួត​នេះ យើង​បាន​ចែង​តាំង​ពី​មុន​ប្រកួត​ម្ល៉េះ គឺ​អនុវត្ត​បែប​នេះ​ហើយ​យើង​ក៏​មិន​អាច​ផ្លាស់ប្តូរ​នៅ​ពាក់កណ្តាល​ទី​បាន​ដែរ​។ ​ទោះបី​ជា​កីឡាករ​ថៃ​បាន​ចាញ់​ទាំងអស់​ក៏​យើង​ត្រូវ​យក​កីឡាករ​ថៃ​ម្នាក់ និង​ខ្មែរ​ម្នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ពូល​នីមួយៗ​មក​ប្រកួត​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​។ ប៉ុន្តែ​ការប្រកួត​លើក​ក្រោយ យើង​អាច​នឹង​ផ្លាស់ប្តូរ​រូបមន្ត​ដើម្បី​សម្រួល​ឲ្យ​បាន​កាន់តែ​ប្រសើរ​»៕