ភ្នំពេញ: កីឡាករ​ប្រដាល់​គុនខ្មែរ​ជើង​ថ្មី​លិញ ភារ​ម្យ ដែល​ទើប​តែ​ផ្លាស់​ចេញ​ពី​ក្លិប​ភារម្យ​គុន​ខ្មែរ​របស់​លោក​នួន ភារម្យ និង​បច្ចុប្បន្ន ស្ថិត​នៅ​ក្លិប​ឆ្មា​ស​សុខ​សែន​ជ័យ​របស់​លោក​ស៊ន អេលីត ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Meung Thong នៅ​ចុង​សប្តាហ៍​នេះ។ ចំណែក​កីឡាករ​យ៉ាម ខេមរា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា នឹង​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​អ៊ីរ៉ង់ Vahdanirad Hanssan។

អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង​ទាំង២ ត្រូវបាន​ផ្គូផ្គង​ឲ្យ​ប្រកួត​គ្នា​នៅ​យប់​ថ្ងៃ​សៅរ៍ ទី ៥ ខែ​មករា ឆ្នាំ ២០១៩ នៅ​សង្វៀន​ប្រដាល់​អាស៊ី​អាគ្នេយ៍។ លិញ ភារម្យ ធ្លាប់​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ៤ នៃ​ពាន​រង្វាន់​ទីហ្វី ប៉ុស្តិ៍ លេខ ៥ និង​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ចំនួន ៣ លើក​ប៉ុណ្ណោះ ដោយ​លទ្ធផល​មិន​ធ្លាប់​ឈ្នះ​នៅ​ឡើយ​ទេ។

រូបគេ​មាន​បទពិសោធ​ឡើង​សង្វៀន​ទើបតែ​បាន​ចំនួន ៤៩ លើក ឈ្នះ ៣០ លើក ចាញ់ ១៧ លើក និង​ស្មើ​ចំនួន ២ លើក។ ចំណែក​ដៃគូ​ជា​កីឡាករ​ថៃ Meung Thong មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៥១ លើក ឈ្នះ ៤០ លើក ចាញ់ ១០ លើក និង​ស្មើ ១ លើក ហើយ​រូប​គេ​មាន​កម្ពស់ ១,៦៦ ម៉ែត្រ ខណៈ​ដែល​លិញ ភារម្យ មាន​កម្ពស់ ១,៦៨ ម៉ែត្រ និង​ទម្ងន់ ៦០ គីឡូក្រាម​ដូចគ្នា។

លោក​ស៊ន អេ​លី​ត គ្រូបង្វឹក​ប្រចាំ​ក្លិប​ឆ្មា​ស​សុខ​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា៖ «សមត្ថភាព​ក្បាច់​គុន និង​ទឹក​ចិត្ត​ប្រយុទ្ធ​របស់​លិញ ភារម្យ ធានា​ថា នឹង​ប្រកួត​ល្អ​អស់​ពី​សមត្ថភាព ប៉ុន្តែ រូបគេ​មិន​ធ្លាប់​ឈ្នះ​កីឡាករ​បរទេស​ឡើយ»។

ដោយឡែក កីឡាក​រយ៉ា​ម ខេមរា ដែល​ឡើង​ទម្ងន់​រហូតដល់ ៦៩ គីឡូក្រាម នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​អ៊ីរ៉ង់ Vahdani-rad Hanssan។

ខេមរា មាន​បទពិសោធ​ប្រកួត​ទើបតែ​បាន​ចំនួន ៣៤ លើក ឈ្នះ ២៣ លើក ចាញ់ ១១ លើក​ប៉ុណ្ណោះ និង​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​បរទេស​តែ ១ លើក​គត់ កាល​ពី​សប្តាហ៍​មុន ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ។

កីឡាករ​អ៊ី​រ៉ង់​រូបនេះ មាន​បទពិសោធ​ប្រកួត​បាន​ចំនួន ១៨ លើក ឈ្នះ ១៥ លើក និង​ចាញ់ ៣ លើក ហើយ​រូប​គេ​មាន​កម្ពស់ ១,៧៥ ម៉ែត្រ ខណៈ​ខេមរា មាន​កម្ពស់ ១,៧៣ ម៉ែត្រ៕