ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) និង​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​សម្រេច​ពន្យារ​ពេល ឬ​ផ្អាក​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ចំនួន ​១ ​ខែ​ទៀត បើ​ទោះបី​ជា​ក្រសួង​អប់រំ យុវជន និងកីឡា ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​​ឡើង​វិញ​ជា​ជំហានៗ​ក៏​ដោយ។

ការ​មិន​បើក​ការ​ប្រកួត​លីក​កំពូល​កម្ពុជា រួម​ទាំង​​ការ​ប្រកួត​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន តាម​ពេល​វេលា ដែល​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​បណ្តើរៗ ចាប់​ពី​ខែ​មិថុនា តទៅ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ មុន​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ ​១ ​ថ្ងៃ ពោល​គឺ​នៅ​ក្នុង​​កិច្ច​ប្រជុំ​រវាង CNCC និង​តំណាង​ក្លិប​នីមួយៗ ​កាល​ពី​ថ្ងៃទី ​២៥ ខែឧសភា ព្រោះ CNCC ចង់​ទុក​ពេល​ឲ្យ​កីឡាករ​នៅ​​តាម​​ក្លិប​ទាំង ​១៣ មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​ស្តារ​កម្លាំង និង​បច្ចេកទេស​ឡើង​វិញ​ មុន​ពេល​ពួក​គេ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​គ្នា​ឡើង​វិញ​នៅ​លើ​ទីលាន។ 

ជុំវិញ​ការងារ​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​ FFC បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា៖ ​«​CNCC គេ​បាន​ត្រៀម​រួច​ហើយ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ពេលវេលា​ហ្វឹកហាត់​របស់​កីឡាករ​តាម​ក្លិប​នីមួយៗ ហាក់​ដូចជា​ដាច់ មិន​សូវ​បាន​ហាត់ ដូច្នេះ​ការ​ចូល​លេង​វិញ​លឿន​ពេក វា​ក៏​មិន​សូវ​ល្អ​ដែរ ហេតុ​នេះ​នៅ​ក្នុង​ការ​ប្រជុំ​ពី​​ថ្ងៃ​ចន្ទ CNCC បាន​ប្រាប់​ទៅ​ក្លិប​ទាំង​អស់​រួច​ហើយ​ថា លីក​កំពូល​កម្ពុជា​នឹង​​លេង​នៅ​ដើម​ខែ​កក្កដា​»​។

យ៉ាង​ណា​ក៏​ដោយ លោក ឈី កុលបុត្រា ​លេខាធិការដ្ឋាន CNCC បាន​បង្ហើប​ថា ពេលវេលា​​បើក​លីក​កំពូល​​ឡើង​វិញ​នេះ អាច​នឹង​ប្រែប្រួល​ទៀត។ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​​ថា​៖ «​យើង​បាន​ផ្តល់​ព័ត៌មាន​ទៅ​តំណាង​ក្លិប​នីមួយៗ​រួច​ហើយ​មែន ប៉ុន្តែ​យើង​នៅ​មាន​ការងារ​បច្ចេកទេស​ផ្សេងៗ​ទៀត ​កំពុង​តែ​ធ្វើ​ ទាក់ទង​ទៅ​នឹង​ការ​ត្រៀម​បើក​ការ​ប្រកួត​លីក​ឡើង​វិញ​នេះ»។

លោក​បាន​បន្ថែម​ថា៖ ​«ជាមួយ​គ្នា​នេះ ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​​ច្បាស់​លាស់​ វា​អាច​នឹង​មាន​ការ​ប្រែប្រួល​ដែរ ព្រោះ​យើង​មិន​ត្រឹម​តែ​​ធ្វើ​ការងារ​​បច្ចេកទេស ឬ​រត់​ការ​​ឯកសារ​ផ្លូវ​ការ ត្រឹម​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ឆ្លង​ទៅ​ថ្នាក់​អន្តរជាតិ​ទៀត អ៊ីចឹង​ព័ត៌មាន​ច្បាស់​ការ យើង​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ»។

ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​អង្គារ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ហ្វឹកហ្វឺន និង​​ប្រកួត​លីក​ឡើង​វិញ​ជា​ជំហានៗ ហើយ​ការ​អនុញ្ញាត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ជំងឺ​កូវីដ ​១៩ កាល​ពី​​ថ្ងៃទី ​២២ ខែ​ឧសភា ស្តី​ពីវិធានការ​កែ​តម្រូវ​សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​វិស័យ​កីឡា​ជា​ជំហានៗ។

យ៉ាង​ណា​ក៏​ដោយ ការ​អនុញ្ញាត​ឲ្យ​ហាត់​ហ្វឹកហ្វឺន និង​ប្រកួត​លីក​នេះ ត្រូវ​តែ​មាន​ផែនការ​ច្បាស់​លាស់ និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​​សុវត្ថិភាព​ចំនួន ​៩ ​ចំណុច។​ ទី១ រាល់​​ការ​ហាត់​ហ្វឹកហ្វឺន និង​ប្រកួត ត្រូវ​គោរព​តាម​និយាម​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព ទី​២ ទី​កន្លែង និង​ឧបករណ៍​សម្ភារ ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​អនាម័យ​ជា​ប្រចាំ។

ចំណែក​ទី​៣ កីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​មន្រ្តី​បច្ចេកទេស​ ត្រូវ​បាន​ពិនិត្យ និង​ថែ​ទាំ​សុខភាព​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ជា​ប្រចាំ​តាម​ការ​ណែនាំ និង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល។ ទី​៤ ត្រូវ​ធ្វើ​សេចក្ដី​ណែនាំ​ទៅ​ក្លិប​លីក ដើម្បី​បំពេញ​លក្ខខណ្ឌ និង​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវីដ ១៩ បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​មុន​ហាត់ និង​ប្រកួត ហើយ​ទី៥ ការ​ប្រកួត​លីក​ត្រូវ​បិទ​ទ្វារ ធានា​ថា​មិន​មាន​ទស្សនិកជន។

ចំណុច​ទី​៦ ការ​ប្រកួត​លីក​មិន​ត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ និង​មន្ត្រី​លើស​ពី ​១០០ ​នាក់​ឡើយ ទី​៧ ត្រូវ​មាន​វិន័យ​ក្នុង​ការ​អនុវត្ត​គម្លាត​សង្គម និង​គម្លាត​បុគ្គល (មិន​ត្រូវ​ចាប់​ដៃ និង​ឱប​រឹត​គ្នា​ពេល​ទាត់​ចូល​ឡើយ) ទី​៨ ត្រូវ​ធានា​ថា កន្លែង​ហាត់ និង​ប្រកួត​លីក មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូវីដ ១៩ រលក​ទី​២​ ឡើយ ហើយ​ទី​៩ ករណី​ការ​ប្រកួត​លីក​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​វិធាន​ការ និង​ការ​ណែនាំ​បច្ចេកទេស​របស់​ក្រសួង​សុខាភិបាល សហព័ន្ធ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕