ភ្នំពេញ: នៅ​ទីបំផុត​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ឈាន​ដល់​ការឯកភាព​គ្នា​ដាក់​បញ្ចូល​ក្រុម​ ៣ ​ទៀត​ឲ្យ​ចូលរួម​លេង​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ដែល​នឹង​ចាប់​ដំណើរការ​នៅ​ថ្ងៃទី​ ១៦ ខែ​មីនា​ខាង​មុខ​នេះ​។

ក្រុម​ទាំង​ ៣ ដែល​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​ចូល​លេង​នៅ​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​មាន​ក្រុម​គិរីវង់​សុខសែនជ័យ ក្រុម​ខេត្ត​កំពង់ចាម និង​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ហើយ​ការដាក់​បញ្ចូល​នេះ​បាន​ធ្វើឲ្យ​លីក​កំពូល​ឆ្នាំ​នេះ​កើន​ដល់​ ១៤ ​ក្រុម ខណៈ​ក្រុម​ចាស់​មាន​ក្រុម​ម្ចាស់​ជើងឯក​ណាហ្គាវើល ក្រុម​ជើងឯករង បឹងកេត ក្រុម​លេខ​ ៣ វិសាខា ក្រុម​លេខ​ ៤ ក្រសួង​ការពារ​ជាតិ​ភ្នំពេញ​ក្រោន ព្រះខ័នរាជ​ស្វាយរៀង ប៉ូលិស អង្គរ​ថាយហ្គឺរ ក្រុម សូលទីឡូអង្គរ អាស៊ីអឺរ៉ុប និង​ក្រុម​អគ្គិសនី​កម្ពុជា​។

តាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការដំឡើង​ក្រុម​ទាំង​ ៣ ​ឲ្យ​ឡើង​មក​លេង​នៅ​លីក​កំពូល​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។

តាម​អង្គប្រជុំ​នោះ​ការសម្រេច​ដំឡើង​ក្រុម​គីរីវង់​សុខសែនជ័យ និង ខេត្ត​កំពង់ចាម​ដោយសារ​មិន​មាន​ការប្រកួត​លីក​ ២ នា​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​គណៈកម្មាធិការ​ប្រតិបត្តិ​បាន​ពិនិត្យ​ឃើញ​ថា​ទោះបី​ជា​ក្រុម​ទាំង​ ២ ​លេង​នៅ​លីក​ ២ ក៏​មាន​លទ្ធភាព​អាច​ឡើង​មក​លេង​លីក​កំពូល​បាន​ដែរ​។

ចំណែក​ការសម្រេច​ដាក់​បញ្ចូល​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ឲ្យ​ឡើង​មក​លេង​នៅ​លីក​កំពូល​ឆ្នាំ​នេះ​ត្រូវ​បាន​លោក ឆាំង ពិសិដ្ឋ ប្រាប់​ឲ្យ​ដឹងថា គឺ​ដើម្បី​ឲ្យ​ក្រុម​ថ្នាល​តំណាង​ឲ្យ​កម្ពុ​ជាមួយ​នេះ​បាន​សុំា​ទៅ​នឹង​ការប្រកួត​ធំ និង​បង្កើន​សមត្ថភាព​ឲ្យ​បាន​ខ្ពស់​ក្នុង​បំណង​ឲ្យ​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

យ៉ាងណា​ក៏ដោយ​លោក ឆាំង ពិសិដ្ឋ បាន​អះអាង​ថា​ចំពោះ​រូបមន្ត​ប្រកួត​លីក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​នេះ​គ្មាន​ការកែប្រែ ឬ​ផ្លាស់ប្តូរ​អ្វី​ទេ​គឺ​នៅ​តែ​លេង​វិលជុំ​ ២ ​ជើង​រួច​សម្រេច​យក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​អ្នក​លើក​ពាន​តែ​ម្តង​។ ប៉ុន្តែ​ចំពោះ​ប្រាក់​រង្វាន់​ដែល​លេខ​ ១ ​បាន​ ៦០ ​លាន​រៀល លេខ​ ២ ​បាន​ ៤៦ ​លាន​រៀល និង​លេខ​ ៣ ​បាន​ ៣៦ ​លាន​គឺ​អាច​នឹង​នៅ​តែ​ដដែល​។

ចំពោះ​បញ្ហា​នេះ​លោក ឆាំង ពិសិដ្ឋ បាន​និយាយ​ថា​៖ «​ចំពោះ​ប្រាក់​រង្វាន់​នេះ យើង​នៅ​មិន​ទាន់​មាន​ការសម្រេច​អ្វី​ពី​ថ្នាក់​លើ​មក​ទេ ពីព្រោះ​ការឧបត្ថម្ភ​ពី​ខាង​ស្ពនស័រ គឺ​យើង​ទទួល​បាន​ចំនួន​ដដែល អ៊ីចឹង​គិត​មក​ដល់​ពេល​នេះ​យើង​នៅ​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​»៕