ភ្នំពេញៈ ការប្រកួតលីកបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានបិទជាផ្លូវការ នៅលើទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចំណាយពេលប្រកួតពេញ ១ រដូវកាល ដោយមាន ២០ សប្តាហ៍។
លោក ណាល់ ភីវឌ្ឍនា មន្ត្រីសម្របសម្រួលអង្គការផ្កាយសមុទ្រ បានប្រាប់ថា៖ «ការប្រកួតលីកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ និងបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ហើយពិធីបិទជាផ្លូវការនេះ ក្រោមវត្តមានលោកប្រធានក្រុមហ៊ុនធានារ៉ាប់រង AIA ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងកម្មវិធីលីកនេះ»។
គួរបញ្ជាក់ថា ការប្រកួតលីកបាល់ទាត់របស់អង្គការផ្កាយសមុទ្រនេះ បានចែកការប្រកួតជា ៦ កម្រិតអាយុផ្សេងៗគ្នា ហើយតាមរយៈការប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ កាលពីថ្ងៃអាទិត្យនោះ គឺ ក្រុម IEFC បានយកឈ្នះក្រុមវិទ្យាល័យសំរោង ៣-២ ដើម្បីទទួលបានលេខ ១ ក្នុងការប្រកួតកម្រិតអាយុក្រោម ៨ ឆ្នាំ។ រីឯការប្រកួត Champion League កុមារាអាយុក្រោម ១៤ ឆ្នាំ ក្រុមអង្គការ Sunrise ខេត្តកំពង់ស្ពឺបានឈ្នះក្រុម KHM Academy ក្នុងលទ្ធផល ៧-៥ ដើម្បីក្លាយជាម្ចាស់ជើងឯក។
ចំណែកការប្រកួតក្របខ័ណ្ឌ Premier League ផ្នែកកុមារាអាយុក្រោម ៤ ឆ្នាំ ក្រុមអង្គការ Chibodia បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះក្រុមសាលាបឋមសិក្សាពញាពន់ ១០-៧ ឯក្រុមកុមារារបស់អង្គការឆត្របៃតង (Green Umbrella) បានឈ្នះក្រុមអង្គការ Sunrise ខេត្តកណ្តាល ១២-៩ ដើម្បីក្លាយជាម្ចាស់ជើងឯក លើការប្រកួតអាយុក្រោម ១០ ឆ្នាំ។
ចំពោះការប្រកួតផ្នែកកុមារីក្រោមអាយុ ៤ ឆ្នាំ លេខ ១បានទៅក្រុមអង្គការ Sunrise ខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមសាលាបឋមសិក្សាជើងកើប ១២-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមកុមារីរបស់អង្គការ Chibodia បានឈ្នះក្រុមអង្គការ PSE (2) ៣-២ ដើម្បីទទួលបានលេខ ១ លើការប្រកួតអាយុក្រោម ៨ ឆ្នាំ។
ទាក់ទងនឹងការប្រកួតលីកនេះ កញ្ញា ជួប វិច្ឆិកា នាយកអង្គការផ្កាយសមុទ្រ បាននិយាយថា៖ «ការប្រកួតលីកបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានបញ្ចប់រដូវកាលឆ្នាំនេះ គឺចំណាយពេល ២០ សប្តាហ៍ និងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រង AIA ដែលជាម្ចាស់កម្មវិធីលីកទាំងមូល ហើយការជួយគាំទ្រនេះ បានធ្វើឲ្យការប្រកួតនេះ ដំណើរទៅបានយ៉ាងរលូន និងបានបញ្ចប់ដោយជោគជ័យ»៕